ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យពិភាក្សាកំណត់ អំពីការបើកសាលារៀន នៅទីតាំង ដែលពុំមានការឆ្លងកូវីដ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយអភិបាលរាជធានី-ខេត្តនានា ដើម្បីកំណត់អំពីការ បើកដំណើរការសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
យោងតាមសារជាសំឡេង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានលើកឡើងថា កន្លងទៅសម្ដេចតេជោ ធ្លាប់បានផ្ដល់មតិខ្លះៗ ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការបើកដំណើរការ សាលារៀនឡើងវិញ។ បើតាមសម្ដេចតេជោ កន្លងទៅយើងបានផ្អាក ដំណើរការសាលារៀន ដើម្បីការពារគ្រូបង្រៀន ក៏ដូចជាសិស្សានុសិស្សរបស់យើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយជាការចាំបាច់ សម្រាប់ការពារអាយុជីវិត របស់គ្រូបង្រៀន និងយុវជន-យុវនារី ព្រមទាំងសិស្សានុសិស្សរបស់យើង។
ប៉ុន្តែអាស្រ័យ ដោយពិនិត្យឃើញថា នៅក្នុងទូទាំងប្រទេសកម្ពុជា ជំងឺកូវីដ-១៩ បានឆ្លងដោយដាច់ដោយដុំ ហើយប្រមូលផ្ដុំនៅតាមទីក្រុង និងទីប្រជុំជនភាគច្រើន។ ចំណែកឯតំបន់ជនបទ គឺហាក់ដូចជាបានកើតឡើង តិចតួចណាស់ ហើយខេត្តខ្លះ ស្ទើរតែពុំមានទៀតផង តែសាលារៀនទាំងនោះ យើងក៏បានផ្អាកដំណើរការផងដែរ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយបណ្ដារាជធានី-ខេត្តនានា ដើម្បីកំណត់បើកដំណើរការសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងជំងឺកូវីដ-១៩ កើតឡើង។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងកំពុងចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវ វ័យ អាយុពី១២ឆ្នាំ ដល់១៨ឆ្នាំ ស្ថានភាពចាក់វ៉ាក់សាំង មកដល់ពេលនេះ ក្នុងចំណោមកុមារ និងយុវវ័យ ដែលមានអាយុ១២ឆ្នាំ ដល់អាយុ១៥ឆ្នាំ ប្រមាណ២លាននាក់ យើងចាក់បានជាង១លាន ៥សែននាក់ រួចស្រេចទៅហើយ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បន្ថែមពីលើនេះ ដោយសង្កេតឃើញថា នៅតាមសាលារៀនជនបទរបស់យើង ដែលពុំមានការឆ្លង យើងមានលទ្ធភាពបើកនូវសាលារៀននោះ ដោយមិនរង់ចាំ ទាល់តែបើកទូទាំងប្រទេស ឬទាល់តែខេត្ត ឬស្រុកទាំងមូល ត្រូវតែបើកនោះទេ។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ថា «យើងគួរជ្រើសរើសនៅតាមភូមិ តាមឃុំ ដែលពុំមានការកើត នូវជំងឺឆ្លងនេះ ឲ្យកុមារា-កុមារី របស់យើង បានចូលសិក្សា ដោយសាររក្សា នូវគម្លាតសុវត្ថិភាព រក្សានូវវិធានការសុខាភិបាល ចាំបាច់នានា ដើម្បីឲ្យកុមារា-កុមារី របស់យើង បានចូលរៀន»។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា យើងកំពុងស្ថិតនៅ ក្នុងស្ថានភាពដ៏លំបាក ដោយប្រសិនបើ យើងនៅបន្តផ្អាកដំណើការសាលារៀន បន្តទៅទៀត ដោយមិនបានពិនិត្យ ឬញែក រវាងកន្លែងដែលមានការឆ្លងរាលដាល និងកន្លែងដែលពុំមានការឆ្លងរាលដាល ដែលអាចនាំឲ្យសិស្សានុសិស្ស បោះបង់ចោលសាលារៀន ឬក៏អាចឈានទៅដល់ភ្លេចអក្សរជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត