ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យរិះរក គ្រប់វិធានការ ដើម្បីឲ្យសិស្ស បានរៀនដោយផ្ទាល់ នៅតាមទីជនបទ ដែលពុំមានការឆ្លង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យរិះរកគ្រប់វិធានការ ដើម្បីឲ្យសិស្សានុសិស្ស បានរៀនសូត្រដោយផ្ទាល់ ជាពិសេសនៅតាមទីជនបទ ដែលពុំមានការឆ្លង និងការបើកឲ្យមានការរៀន មានលក្ខណៈចម្រុះ នៅតាមតំបន់ ដែលមានការឆ្លងតិច ហើយមានការចាក់វ៉ាក់សាំងគ្រប់គ្រាន់។ នេះបើយោងតាមសារ ជាសំឡេងពិសេស របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារពិសេស ជូនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានី-ខេត្ត ឲ្យពិភាក្សាគ្នា ពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចតួច នៃជំងឺកូវីដ-១៩។

នៅក្នុងសារជាសំឡេងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កុមារនៅតាមទីជនបទ ពុំមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការរៀនតាមប្រព័ន្ធ អនឡាញនោះទេ ដោយសារបញ្ហាខ្វះខាតអ៊ីនធើណេត។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានី-ខេត្ត ពិភាក្សាគ្នា ដើម្បីពិនិត្យជ្រើសរើសសាលារៀន ដែលនឹងត្រូវបើកឲ្យសិស្សានុសិស្សរៀន ទាំងថ្នាក់បឋមសិក្សា និងមធ្យមសិក្សាផងដែរ នៅតាមទីជនបទ ដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយត្រូវអនុវត្តវិធានការសុខាភិបាល ។ ដោយឡែក សម្រាប់ទីប្រជុំជន ដែលមានការឆ្លងតិច យើងអាចពិនិត្យ ឲ្យមានការរៀនបន្ត តាមអនឡាញ ឬរៀនទៅតាមស្ថានភាពគូបផ្សំ រវាងការរៀនដោយផ្ទាល់ ដោយរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ដោយសារនៅទីក្រុង និងនៅទីប្រជុំជន មានលទ្ធភាពច្រើន ដែលមានអ៊ីនធើណេត អាចឲ្យសិស្សានុសិស្សរៀនសូត្របាន ដែលអាចគូបផ្សំគ្នា រវាងកន្លែងដែលឆ្លងតិច ហើយនៅដែលកុមារា-កុមារី និងយុវវ័យរបស់យើង បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ យើងអាចឈានទៅដល់ ការបើកសាលារៀនរបស់យើងឡើងវិញ ដោយការបើកនេះ ត្រូវធានានូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល។
ចំពោះកន្លែង ដែលមានការឆ្លងជំងឺកូវីដ-១៩ច្រើន សូមបន្តរៀនតាមប្រព័ន្ធអនឡាញ ឬហៅថា រៀនពីចង្ងាយបន្តទៀត។ សម្ដេចតេជោ បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ រិះរកគ្រប់វិធានការ ដើម្បីឲ្យសិស្សានុសិស្ស បានរៀនសូត្រដោយផ្ទាល់ ជាពិសេសនៅតាមទីជនបទ ដែលពុំមានការឆ្លង និងការបើកឲ្យមានការរៀន មានលក្ខណៈចម្រុះ នៅតាមតំបន់ ដែលមានការឆ្លងតិច ហើយមានការចាក់វ៉ាក់សាំងគ្រប់គ្រាន់។

បើតាមរបាយការណ៍ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលបានពីបណ្ដារាជធានី-ខេត្ត មានប្រជាពលរដ្ឋសរុបចំនួន១២,៦៦១,៤៩៧នាក់។ ក្នុងនោះ មានការបែងចែក ក្រុមមនុស្សដែលត្រូវចាក់ រួមមាន៖ ពីអាយុ១៨ឆ្នាំឡើងទៅ មានចំនួន១០,៦៣១,៥១២នាក់ និងកុមារ ព្រមទាំងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន២,០២៩,៩៨៥នាក់។ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កុមារ និងយុវវ័យ បានចាក់វ៉ាក់សាំង ចំនួន១,៤៥៣,០២១នាក់ ដែលស្មើនឹង៧១.៥៨ភាគរយ នៃចំនួនកុមារ និងយុវវ័យ ដែលត្រូវចាក់ទាំងអស់។
បើតាមសម្ដេចតេជោ ហ៊ុន សែន មិនយូរប៉ុន្មាននោះទេ សិស្សានុសិស្ស នឹងទទួលបានការចាក់វ៉ាក់សាំង ទាំងដូសទី១ និងដូសទី២ ហើយពួកគេ អាចនឹងមានភាពស៊ាំង ជាមួយនឹងវ៉ាក់សាំងនេះ។ រីឯគ្រូបង្រៀន នូវការចាក់វ៉ាក់សាំង រួចរាល់ហើយដែរ ទាំងដូសទី១ ដូសទី២ និងដូសជំរុញ។ ជាមួយគ្នានេះ សម្ដេចតេជោ យល់ថា សាលារៀននៅតាមទីជនបទ សូម្បីតែថ្នាក់បឋមសិក្សា ក៏អាចឲ្យកុមារចូលរៀនបានដែរ ពីព្រោះនៅទីនោះ ពុំមានការឆ្លងជំងឺកូវីដ-១៩នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យគិតគូ តាមរបៀបបត់បែន ហើយអនុវត្តតាមការជាក់ស្ដែង នៅតាមបណ្ដារាជធានី-ខេត្តនីមួយៗ ដោយកន្លែងណា មានលទ្ធភាពបើកសាលារៀនបាន គឺត្រូវបើក ហើយកន្លែងណា ពុំមានលទ្ធភាពបើកទេ គឺនៅបន្តឲ្យរៀនពីចម្ងាយ និងកន្លែងណា មានលទ្ធភាពអាចបើក ឲ្យមានការរៀនបែបចម្រុះ រវាងការរៀនដោយផ្ទាល់ និងការរៀនពីចម្ងាយ សូមពិនិត្យលទ្ធភាពនេះ។ បើមិនដូច្នេះទេ យើងស្ថិតនៅក្នុងស្ថានភាព ដូចបាត់បងឱកាស សម្រាប់កុមារ យុវវ័យ និងយុវជន របស់យើង។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា «ភាពស៊ាំ បាននឹងកំពុងកើត នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល…រាជធានីភ្នំពេញ ការឆ្លងមានចំនួនធ្លាក់ចុះ ហើយអ្នកដែលបានឆ្លង ក៏មិននាំទៅដល់ជំងឺធ្ងន់ធ្ងរនោះទេ អត្រាស្លាប់ក៏មានការថយចុះ ដូច្នេះចំណុចនេះ គឺជាចំណុចវិជ្ជមានមួយ សម្រាប់ការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច នៅទូទាំងប្រទេស ហើយក្នុងនោះ ក៏មានវិស័យអប់រំ របស់យើងផងដែរ»។
ប្រមុខរាជរដ្ឋាភិបាល បានស្នើឲ្យលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំការពិភាក្សាលើបញ្ហានេះ ឲ្យបានម៉ត់ចត់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញ ដោយជាដំបូង ត្រូវបើកសាលារៀន នៅកន្លែងដែលគ្មានជំងឺឆ្លង ជាពិសេសនៅទីជនបទ ដើម្បីចៀសវាងកុមារជនបទ របស់យើង ក្លាយជាជនរងគ្រោះ ពីជំងឺកូវីដ-១៩ ក្នុងពេលដែលទីជនបទ ពុំមានដូចនៅទីក្រុង និងទីប្រជុំជននោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «យើងត្រូវអនុវត្ត ដោយភាពឈ្លាសវៃ និងបត់បែន ទន់ភ្លន់ និងគ្រប់គ្រងសភាពការណ៍ឲ្យបាន ដើម្បីយើងពន្លឿន ទៅដល់ការអភិវឌ្ឍន៍ ប្រទេសជាតិ ជាពិសេសជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស បើមិនដូច្នេះទេ កុមាររបស់យើង នឹងបោះបង់ចោល សាលារៀន ហើយក៏អាចឈានទៅដល់ភ្លេចអក្សរ ក្នុងពេលដែលពួកគេ មិនបានរៀន រាប់ទាំងការរៀនពីចម្ងាយផងដែរ ដោយសារតែស្ថានភាពជនបទ ពុំមានអ៊ីនធើណេត និងពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីនឹងទទួលបាន នូវការរៀនតាមអនឡាញនោះទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?