ព័ត៌មានជាតិ
សមត្ថកិច្ច បន្តរឹតបន្តឹង ការអនុ វត្តច្បាប់ចរាចរណ៍ ទោះស្ថិតក្នុងបរិបទកូវីដ
មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍នៅរាជធានីភ្នំពេញ នៅតែបន្តធ្វើយ៉ាងសកម្មភាព ទោះបីស្ថិតក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ដោយមន្ត្រីរូបនេះ លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមមួយ។ ការបញ្ជាក់នេះ បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ម្សិល មិញនេះ បានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ច បន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ ការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ គឺនៅតែបន្តធ្វើជាធម្មតា ទោះបីស្ថិតក្នុងបរិបទ នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ លោកថា ការអនុវត្តការរឹតបន្តឹង ច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ បានផ្អាកមួយរយៈអំឡុងពេល មានការបិទខ្ទប់ តែពេលនេះបន្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/001-5.jpg)
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ គឺយើងមិនដែលបានដកថយទេ ទោះ បីក្នុងដំណាក់កាលកូវីដក៏ដោយ ព្រោះយើងដឹងច្បាស់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមមួយ វាសឹងតែជាបញ្ហាធ្ងន់ធ្ងរជាងបញ្ហាផ្សេងៗទៀត ព្រោះជាប្រចាំគឺបញ្ហាហ្នឹង តែងបង្កឲ្យមានការស្លាប់ ការរងរបួស ហើយហ្នឹងការខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋជាដើម។ ដូច្នេះហើយ ដោយយោងតាមបទបញ្ជា របស់សម្ដេចក្រឡាហោម ក៏ដូចជាបទបញ្ជាផ្ទាល់ របស់ឯកឧត្ដមសន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្ដមស្នងការ គឺយើងតែងតែអនុវត្តជាប្រចាំ»។
លោកវរសេនីយ៍ឯក សាន សុខសីហា បានកត់សម្គាល់ថា នៅពេលមានការបន្ថយ ការរឹតបន្តឹងច្បាប់ចរាចរ ណ៍នោះ គឺនឹងនាំឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន ដែលបង្កឡើងដោយជនមួយចំនួន មិនគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនលឿន ហើយជាពិសេសបើកបរ ក្នុងស្ថានភាពស្រវឹងជាដើម។ ដូច្នេះហើយ ការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ គឺជាករណីចាំបាច់មួយ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/04-4-1024x682.jpg)
ជាមួយគ្នានេះ មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋ អនុវត្តច្បាប់ចរាចរណ៍ បានត្រឹមត្រូវនោះ គឺមិនមានការឃាត់ ដើម្បីផាកពិន័យនោះទេ។ ត្រង់ចំណុចនេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានសង្កត់ធ្ងន់ថា «បញ្ហាសំខាន់ គឺទាក់ទងទៅនឹង ការគោរពច្បាប់ ហើយការអនុវត្តច្បាប់របស់សមត្ថកិច្ច គឺយើងមិនមែន ក្នុងគោលបំណង ដើម្បីថាផាកពិន័យគាត់ទេ សំខាន់ប្រសិនបើគាត់ចូលរួមគោរព ចូលរួមសហការ គឺគ្មានមន្ត្រីណាម្នាក់ ទៅធ្វើការផាកពិន័យគាត់ទេ ហើយគោលបំណងសំខាន់ ដែលសមត្ថកិច្ចធ្វើទាំងយប់ ទាំងថ្ងៃ លះបង់ទាំងពេលវេលា មិនថាពេលវេលាណា ដើម្បីអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋទេ គោលបំណងធំ គឺនៅកន្លែងហ្នឹង»។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានក្រើនរំលឹកដល់មន្ត្រី មានសមត្ថកិច្ចដឹក នាំ និងប្រតិបត្តិការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារ សេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។
ការក្រើនរំលឹកយ៉ាងដូច្នេះ បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានពិនិត្យឃើញថា នៅក្នុងខែសីហា ឆ្នាំ២០ ២១នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន១៩៩លើក មានការថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែល កើនរហូតដល់ទៅ១៦នាក់ បើប្រៀបធៀបនឹងខែកក្កដា ដែលមានអ្នកស្លាប់ត្រឹមតែ ១០៧នាក់ប៉ុណ្ណោះ។
បើតាមសម្ដេចក្រឡាហោម ស ខេង កំណើនអ្នក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែសីហានេះ គឺមកពីការធ្វើដំណើរ នៅក្នុងឱកាសនៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ ចំនួន១៥នាក់ របួស៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរាចរណ៍មានកំណើនឡើងវិញ៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព