ព័ត៌មានជាតិ
កម្មវិធីស្បៀងអាហារពិភពលោក WFP សហការជាមួយក្រសួងអប់រំផ្តល់ស្បៀងជូនដល់ប្រជាពលរដ្ឋចំនួន៣០.០០០គ្រួសារ
ពេញមួយសប្តាហ៍នេះ កម្មវិធីស្បៀងអាហារពិភពលោក World Food Programme (WFP) បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានចែកស្បៀងជូនដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន៣០.០០០ គ្រួសារ ដែលក្នុងនោះមានប្រជាពលរដ្ឋសរុបប្រហែល១៥០.០០០នាក់ នៅក្នុងខេត្តចំនួនប្រាំ គឺ សៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ នេះបើតាមការបញ្ជាក់ពី World Food Programme នៅថ្ងៃនេះ។
បើតាម WFP ជំនួយនេះផ្តល់ជូនដល់ក្រុមគ្រួសារ ដែលអាជ្ញាធរកំណត់ថា ជាគ្រួសារងាយរងគ្រោះ មានអត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រ (IDPoor) និងមានកូនចុះឈ្មោះចូលរៀននៅតាមសាលាដែលមានការគាំទ្រពីកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន របស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ ហើយនេះគឺជាការចែកស្បៀងជុំទី៥ ហើយដែលកើតឡើងស្របពេល ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសម្ព័ន្ធភាពរដ្ឋអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀន ដែលបើកដំណើរការ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារសកលនៅខែកញ្ញាឆ្នាំ២០២១ ហើយមានការចូលរួមពីរដ្ឋាភិបាល អង្គការសហប្រជាជាតិ សង្គមស៊ីវិល គ្រឹះស្ថានអប់រំ អង្គការមនុស្សធម៌ និងវិស័យឯកជនទាំងអស់ ដែលទទួលស្គាល់ថា អាហារនៅតាមសាលាមានសារៈសំខាន់ ក្នុងការផ្លាស់ប្តូរប្រព័ន្ធអាហារ និងអាចជួយឱ្យប្រទេសនីមួយៗអាចងើបពីវិបត្តសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤០ ដំបូងគេបង្អស់ ដែលបានចុះឈ្មោះចូលរួមក្នុងសម្ព័ន្ធភាពជាប្រវត្តិសាស្ត្រមួយនេះ ដែលអាចជួយការពារកុមារ ដែលងាយរងគ្រោះបំផុតពីភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភនានា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា “អាហារសុខភាព ដែលមានជីវជាតិនៅតាមសាលា អាចជួយបង្កើនការផ្តោតអារម្មណ៍របស់សិស្ស និងធ្វើអោយ លទ្ធផលសិក្សារបស់គាត់កាន់តែល្អប្រសើរឡើង។ វាក៏ជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់ក្រុមគ្រួសារសិស្សផងដែរ។ នេះហើយជាមូលហេតុដែលយើងចុះឈ្មោះចូលរួមជាមួយសម្ព័ន្ធភាពមួយនេះដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលយើងក្នុងការធានាឱ្យបានថា គ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ”។
ចំណែកលោកស្រី គ្លែរ កូណាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “កម្មវិធីស្បៀងអាហារពិភពលោកដឹងច្បាស់ថា អាហារូបត្ថម្ភល្អមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍរបស់កុមារ នេះហើយជាមូលហេតុ ដែលក្រុមការងាររបស់យើងខិតខំប្រឹងប្រែង ដើម្បីឱ្យប្រាកដថាកញ្ចប់អាហារទាំងនេះទៅដល់ដៃក្រុមគ្រួសារងាយរងគ្រោះដើម្បីធានាថាកុមារនឹងមានអាហារទទួលទានក្នុងកំឡុងពេលវិបត្តិកូវីដមួយនេះ។ គ្រួសារជាច្រើនបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។ ជំនួយស្បៀងនេះត្រូវបានរៀបចំឡើងដើម្បីរួមចំណែកបំពេញបន្ថែមដល់ជំនួយគាំពារសង្គមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូទាំងអស់ដែលបានផ្ដល់ការគាំទ្រ ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិគាំពារសង្គម”។
សូមបញ្ជាក់ថា នេះគឺជាការចែកស្បៀងជុំទី៥ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចគ្រួសារងាយរងគ្រោះ។ ការចែកស្បៀងត្រូវបានធ្វើឡើងតាមរយៈបណ្តាញសាលារៀន ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលសាលារៀន អាជ្ញាធរភូមិឃុំ និងដៃគូអង្គការមិនមែនរដ្ឋាភិបាល។ របបស្បៀងមាន អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង និងប្រេងឆា។ ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ និងដៃគូដទៃទៀត ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងអគារសិក្សា ដែលជាវិធានការត្រៀមសម្រាប់ការចូលរៀនវិញប្រកបដោយសុវត្ថិភាព៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៧ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤