ព័ត៌មានជាតិ
សាលាឯកជន ចាប់ផ្តើមពង្រឹងវិធានការ ទប់ស្កាត់កូវីដ ដើម្បីត្រៀមបើកសាលាឡើងវិញ
សាលាឯកជននានា នៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមពង្រឹងវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ដើម្បីត្រៀមបើកសាលាឡើងវិញ នាពេលខាងមុខនេះ។ ការពង្រឹងវិធានការនេះ ធ្វើឡើងបន្ទាប់ពីសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា បានរៀបចំបើកកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូហ្សូម កាលល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះថា នៅក្នុងកិច្ចប្រជុំនោះ យើងបានពិភាក្សាគ្នាធ្វើយ៉ាងណា រៀបចំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមសាលានីមួយៗ ឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួម បើកដំណើរការសាលារៀនឡើងវិញ។
លោកបានបន្តថា នាពេលខាងមុខដ៏ខ្លីនេះ សាលាឯកជន អាចត្រូវបានអាជ្ញាធរខណ្ឌ អញ្ជើញទៅជួប ដើម្បីពិភាក្សាលើការងារ បើកសាលារៀនឡើងវិញ ឬអាជ្ញាធរចុះមកត្រួតពិនិត្យ ដោយផ្ទាល់នៅតាមទីតាំងសាលារៀននីមួយៗ ដើម្បីធ្វើការវាយតម្លៃជាក់ស្តែង ថាតើសាលានៅតំបន់ណាខ្លះអាចបើកដំណើរការបាន និងសាលានៅតំបន់ណា ដែលនៅមិនទាន់ អាចបើកដំណើរការបាននៅឡើយ។
លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទុកពេលរយៈពេល២សប្តាហ៍ ឲ្យគណៈអភិបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ធ្វើការកំណត់ទីតាំងសាលារៀន នៅក្នុងភូមិសាស្ត្ររបស់ខ្លួនណាខ្លះ មានហានិភ័យទាប និងហានិភ័យខ្ពស់ នៃជំងឺកូវីដ-១៩ដើម្បីធ្វើរបាយការណ៍មកក្រសួង ដើម្បីក្រសួងរាយការណ៍ បន្តជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។
ក្រៅពីនេះលោករដ្ឋមន្ត្រី បានណែនាំ ដល់អភិបាលរាជធានី-ខេត្តថា ចំពោះសាលាណា មានហានិភ័យទាប ត្រូវបន្តរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះពិសេស ចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានឲ្យអភិបាលរាជធានី-ខេត្ត ពិសេសរាជធានីភ្នំពេញ និងទីប្រជុំជន ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្ពស់ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ មុននឹងសម្រេចថាបើកសាលាណាមួយនោះ ដើម្បីចៀសវាងពេលបើកដំណើរការហើយ ត្រូវបិទវិញដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។
ចំពោះភូមិសាស្ត្រណា ដែលមានហានិភ័យឆ្លងខ្ពស់ ត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ តាមអនឡាញដដែល និងត្រូវបង្កើតគណៈកម្មការ គ្រប់គ្រងសាលារៀន ដោយមានការចូលរួម ពីមាតាបិតា និងអាជ្ញាធរ មូលដ្ឋាន ដើម្បីសម្រេចនៅកម្រិតសាលារៀន ក្នុងការបើក ឬផ្អាកដំណើរការសាលារៀន។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថាក្នុងការបើកសាលារៀន នៅភ្នំពេញនេះដែរ សាលារាជធានីភ្នំពេញ បានបង្កើតគណៈកម្មការមួយចុះវាយតម្លៃទីតាំង នៅតាមសង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ ថាតើតំបន់ណាខ្លះ មានហានិភ័យទាប និងកន្លែងណាខ្លះ មានហានិភ័យខ្ពស់ ដើម្បីរៀបចំធ្វើរបាយការណ៍ ទៅលោកអភិបាលរាជធានីភ្នំពេញសម្រេច និងស្នើទៅក្រសួងអប់រំ។
លោកបានបន្ថែមថា ចំពោះការសម្រេច តំបន់ណាបើកសាលាឡើងវិញ និងតំបន់ណានៅមិនទាន់អាចបើកបាននោះ ប្រហែលជាត្រូវរង់ចាំនៅសប្តាហ៍ក្រោយ ព្រោះគណៈកម្មការនឹងចុះវាយតម្លៃទៅតាមតំបន់នីមួយៗ ជាមុនសិន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារសំឡេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី-ខេត្ត ដើម្បិពិនិត្យមើលលើ ការបើកសាលារៀនឡើងវិញ នៅតាមភូមិ-ឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកសាលារៀនព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ។ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ