ព័ត៌មានជាតិ
កម្ពុជាតាំងចិត្តការពារប្រយោជន៍ ពលករទេសន្តរប្រវេសន៍ វិស័យនេសាទ និងកែច្នៃអាហារសមុទ្រ
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិដំបូង របស់កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ដែលរៀបចំដោយអង្គការអន្តរជាតិខាងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្ពុជាតាំងចិត្តការពារអត្ថប្រយោជន៍ ពលករទេសន្តរប្រវេសន៍ នៅក្នុងវិស័យនេសាទ និងកែច្នៃអាហារសមុទ្រ។ សិក្ខាសាលានេះប្រារព្ធឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប។
ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធមកពីតំណាងរាជរដ្ឋាភិបាល និយោជក សហជីព និងអង្គការសង្គមស៊ីវិល បានពិភាក្សាអំពីគម្រោងកម្មវិធីថ្មី ហើយបានបង្ហាញពីឆន្ទៈក្នុងការធ្វើការរួមគ្នាដើម្បីលើកម្ពស់ ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ដើម្បីទទួលបានការងារសមរម្យក្នុងវិស័យនេសាទ និងកែច្នៃអាហារសមុទ្រនៅប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងនៅក្នុងពិធីនោះ លោក ប្រាយអាន ហ្វរណារី ទីប្រឹក្សា និងជាប្រធានកិច្ចសហប្រតិបត្តិការ ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា គម្រោងកម្មវិធីសិទ្ធិពលករនេសាទអាស៊ីអាគ្នេយ៍នេះ នឹងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលពលករទេសន្តរប្រវេសន៍ទាំងបុរស និងស្រ្តី បាន និងកំពុងជួបប្រទេះ ដែលត្រូវការការគាំពារកាន់តែខ្លាំងថែមទៀតក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។ ដើម្បីធ្វើឱ្យប្រាកដថា មានការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ គឺតម្រូវឱ្យមានការសម្របសម្រួលពីថ្នាក់តំបន់ ហេតុដូចនេះសហភាពអឺរុបនឹងបន្តលើកកម្ពស់ភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍពាក់ព័ន្ធ។
ចំណែក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងសូមស្វាគមន៍គម្រោងកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ដែលនឹងចាប់ដំណើរការពីពេលនេះរហូតដល់ឆ្នាំ២០២៤ ក្នុងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ក្នុងវិស័យនេសាទ និងកែច្នៃអាហារសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមជំនួយបច្ចេកទេសនៃអង្គការអន្តរជាតិខាងការងារ (ILO) អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងជំនួយខាងហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU)។ ដើម្បីអាចឈានទៅដំណើរការគម្រោងថ្មី នៃកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍នេះ ក៏ដូចជាការការពារនិងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍កម្ពុជាក្នុងវិស័យ នេសាទឱ្យបានកាន់តែល្អប្រសើរ និងប្រកបដោយជោគជ័យ។
ដោយឡែកលោក បេនចាមីន ហាកឃីន មន្រ្តីបច្ចេកទេសសម្រាប់កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍បានថ្លែងថា អង្គការអន្តរជាតិខាងការងារស្វាគមន៍យ៉ាងកក់ក្តៅដល់ការតាំងចិត្តដែលធ្វើឡើងដោយដៃគូសហការក្នុងការពង្រីកវិសាលភាពនៃការគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជាក្នុងវិស័យនេសាទ និងការកែច្នៃអាហារសមុទ្រ។ យើងទទួលស្គាល់ថា ការងារក្នុងវិស័យនេះមានសារៈសំខាន់សម្រាប់ពលករទេសន្តរប្រវេសន៍ ព្រោះដោយយោងតាមបទពិសោធន៍កន្លងមកដែលមានការរំលោភសិទ្ធិធ្ងន់ធ្ងរក្នុងកំឡុងពេលជ្រើសរើស និងពេលបំពេញការងារ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយចំពោះការសម្រេចបាននូវកិច្ចព្រមព្រៀងលើផែនការសកម្មភាពការងារដ៏ល្អនេះ ដែលនឹងឆ្លើយតបទៅនិងតម្រូវការនៃការការពារពលករទេសន្តរប្រវេសន៍។
កម្មវិធីបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ពលករទេសន្តរប្រវេសន៍ប្រមាណ ២,៣០០នាក់ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩កន្លងទៅនេះ ហើយពេលនេះកម្មវិធីកំពុងពិភាក្សាជាមួយអង្គការក្នុងស្រុកក្នុងប្រទេសថៃ ដើម្បីផ្តល់ជំនួយបន្ថែមក្នុងការជួយដោះស្រាយចំពោះការខាតបង់ជីវភាពរស់នៅ និងដោះស្រាយការរំលោភសិទ្ធិការងារដែលប្រឈមដោយពលករទេសន្តរប្រវេសន៍។ ជាងនេះទៀតកម្មវិធីក៏មានផែនការផ្តល់ជំនួយបន្ថែមដល់ពលករទេសន្តរប្រវេសន៍ ដែលបានធ្វើមាតុភូមិនិវត្តន៍តាមរយៈមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ដើម្បីធ្វើឱ្យប្រាកដថា ពួកគេបានវិលត្រឡប់ដល់ផ្ទះដោយសុវត្ថិភាព និងអាចបន្តរកឱកាសធ្វើការចិញ្ចឹមជីវិតជាថ្មី។
សូមបញ្ជាក់ថា គម្រោងកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ គឺជាជាគំនិតផ្ដួចផ្ដើមចេញពីពហុប្រទេសដែលមានរយៈពេលច្រើនឆ្នាំរបស់សហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិ ដែលត្រូវបានអនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង