ព័ត៌មានជាតិ
កម្ពុជានឹងបន្តចាត់វិធានការ ដែលចាំបាច់នានា ដើម្បីយកប្រេងឆៅ ប្រហែល៣០ម៉ឺន បារ៉ែល មកវិញ
ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងបន្តចាត់វិធានការ ដែលចាំបាច់នានា ដើម្បីយកប្រេងឆៅ ប្រហែល៣០ម៉ឺនបារ៉ែល មកប្រទេសកម្ពុជាវិញ ខណៈនាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់ និងដោយសម្ងាត់ ហើយត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ឃាត់ទុក។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងរ៉ែ និងថាមពល បានសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos និងប្រេងឆៅ របស់ព្រះរាជាណាចក្រកម្ពុជា ប្រហែល៣០ម៉ឺនបារ៉ែល។ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គោលបំណង នៃការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺដើម្បីបញ្ជាក់នូវចំណុចមួយចំនួន ដូចជា៖
-ទំនិញជាប្រេងឆៅ នៅលើនាវា MT Strovolos គឺជាប្រេងឆៅ របស់ព្រះរាជាណាចក្រកម្ពុជា។
-វិវាទពាក់ព័ន្ធ នឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់ ឬអ្នកគ្រប់គ្រងនាវា និងអ្នកជួលនាវា ហើយវិវាទនេះ មិនពាក់ព័ន្ធ នឹងព្រះរាជាណាចក្រកម្ពុជា ឡើយ។
-នាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់ និងដោយសម្ងាត់ ហើយនាវានេះ បានបន្តធ្វើដំណើររហូតដល់ ដែនទឹកនៃប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងនាវានោះ ត្រូវបានឃាត់ទុក។
-សកម្មភាពទាំងឡាយ របស់នាវា MT Strovolos បានរំលោភច្បាប់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ហើយបច្ចុប្បន្ន អ្នកពាក់ព័ន្ធកំពុងតែ ត្រូវបានស៊ើបអង្កេត ដោយតុលាការមានសមត្ថកិច្ច។
ក្រសួងរ៉ែ និងថាមពល បានលម្អិតដំណើររឿងនេះថា ក្រុមហ៊ុន World Tankers Management Pte Ltd គឺជាអ្នកគ្រប់គ្រងនាវា MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុនមួយ នៃគ្រីសអេនើជីគ្រុប (KrisEnergy Group) ដើម្បីធ្វើជានាវាស្ដុកទុក និងផ្ទេរ (Floating Storage and Offloading) ប្រេងឆៅពីតំបន់អប្សរាប្លុក A ក្នុងដែនសមុទ្រកម្ពុជា (តំបន់ប្លុក A កម្ពុជា)។
ក្រសួង បានឲ្យដឹងបន្តថា នាវា MT Strovolos ត្រូវបានជួលដោយ ក្រុមហ៊ុន គ្រីសអេនើជី ដើម្បីផ្ដល់សេវាខាងលើ ដែលត្រូវនេះមានកិច្ចសន្យា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងរ៉ែ និងថាមពល សម្រាប់ការស្វែងរុករក និងអភិវឌ្ឍក្នុងតំបន់អប្សរា ប្លុកA កម្ពុជា។

ចំពោះការយកប្រេងឆៅ ចេញពីដែនទឹកកម្ពុជា ត្រូវបានក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា នាវា MT Strovolos បានចត និងភ្ជាប់ទៅនឹងនាវាផលិតកម្មប្រេង ដើម្បីទទួលស្តុក និងផ្ទេរប្រេង ទៅនាវាផ្សេងទៀត ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត របស់កម្ពុជា។ បច្ចុប្បន្នម្ចាស់ ឬអ្នកគ្រប់គ្រងនាវា និងអ្នកជួលនាវា ក្រុមហ៊ុនគ្រីសអេនើជី កំពុងតែមានវិវាទពាក់ព័ន្ធ នឹងការបង់ថ្លៃឈ្នួលនាវា។ ប្រសិនបើព័ត៌មាននេះ ជាការពិត វិវាទនេះ គឺជាវិវាទរបស់ភាគីទាំងពីរ ហើយមិនជាប់ពាន់ព័ន្ធ នឹងព្រះរាជាណាចក្រកម្ពុជា និងប្រេងឆៅរបស់កម្ពុជាឡើយ។
ក្នុងអំឡុងពេលជួលនាវាឲ្យទៅ ក្រុមហ៊ុនគ្រីសអេនើជី នាវា MT Strovolos ត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Pte Ltd នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឲ្យចេញពីប្រទេសកម្ពុជា នៅម៉ោង៨ និង០០យប់ ទៅកាន់ដែនទឹកប្រទេសថៃ ដោយយកប្រេងឆៅរបស់កម្ពុជា ទៅជាមួយផងដែរ។ ការចាកចេញរបស់នាវា MT Strovolos ធ្វើឡើងដោយមិនបាន ឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលផ្ទុយនឹងច្បាប់កម្ពុជា។
ចំពោះប្រព័ន្ធកំណត់ទីតាំងស្វ័យប្រវត្តិ (Automatic Identification System) របស់នាវានេះ ត្រូវបានបិទនៅម៉ោង១២៖២៣ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលនាំឲ្យការកំណត់ទីតាំងនាវានេះ មិនអាចធ្វើទៅបាន។ ប្រព័ន្ធស្វ័យប្រវត្តិនេះ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញនៅម៉ោង ១០ និង៤៨ នាទីយប់ ថ្ងៃទី២០ខែមិថុនា ឆ្នាំ ២០២១ ជិតពីរថ្ងៃក្រោយពេលដែលនាវានេះ បានចេញផុតពីដែនសមុទ្រកម្ពុជា។ ប្រព័ន្ធ AIS បានបិទជាបន្តបន្ទាប់ ក្នុងពេលដែលនាវានេះ បានធ្វើដំណើរទៅកាន់ដែនទឹកឥណ្ឌូណេស៊ី។
ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល សូមច្រានចោលការលើកឡើង របស់ក្រុមហ៊ុន Management Pte Ltd នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលថា នាវា MT Strovols គ្មានជម្រើសផ្សេង ក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេង។ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាផ្សេងទៀត មិនដែលបានទទួលដំណឹងពីម្ចាស់នាវា អ្នកគ្រប់គ្រងនាវា ឬ ភាគីណាមួយ ស្នើសុំឲ្យរៀបចំ ឬអនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរនាវិក និង ចាក់ប្រេងនាវានេះឡើយ។
ទោះបីយ៉ាងណាក៏ដោយ ក៏បញ្ហានៃការប្តូរនាវិក ឬ ការចាក់ប្រេងនេះ មិនអាចយកមកធ្វើជាលេស ដើម្បីឲ្យនាវា MT Strovolos ចាកចេញ និងយកប្រេងឆៅកម្ពុជា ទៅជាមួយ ដោយមិនអនុលោមតាមច្បាប់កម្ពុជាឡើយ។ ក្រោយពេលដែលនាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់នាវានេះ មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬ ដឹកប្រេងឆៅមកដែនទឹក កម្ពុជាវិញឡើយ បើទោះបីជាម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និង នាវិកនៅលើនាវានេះ បានដឹងយ៉ាងច្បាស់ថាប្រេងឆៅនៅលើនាវារបស់ខ្លួន គឺជាទ្រព្យសម្បត្ដិរបស់កម្ពុជា។
ចំពោះបច្ចុប្បន្នភាព នៃបញ្ហានេះ ត្រូវបានក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា នាវា MT Strovolos ត្រូវបានឃាត់ទុកនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយសង្ស័យថា បានបំពានច្បាប់ឥណ្ឌូណេស៊ី។ ចំណែកឯនៅប្រទេសកម្ពុជាវិញ បណ្ដឹងមួយចំនួន ត្រូវបានធ្វើឡើងប្រឆាំង នឹងម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងបក្សពួក ពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ក្រោមច្បាប់កម្ពុជា ហើយបណ្ដឹងទាំងនេះ កំពុងតែត្រូវបានតុលាការ មានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយ ពីរដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និងបក្សពួករបស់គេមកផ្តន្ទាទោស និងដើម្បីយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិ របស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ រដ្ឋាភិបាលឥណ្ឌូណេស៊ី សម្រាប់ការសហការនាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។
បន្ថែមពីលើនេះ ក្រសួងរ៉ែ និងថាមពល បានទទួលដំណឹងថា បច្ចុប្បន្ននាវិកទាំងអស់ត្រូវបានឃាត់ខ្លួន ដើម្បីស៊ើបអង្កេតលើករណីពាក់ព័ន្ធនឹងបទល្មើស ឬត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសដែលប្រព្រឹត្តិនៅក្នុងប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូណេស៊ី។ បញ្ហានេះ គឺជានីតិវិធី ផ្លូវច្បាប់សុទ្ធសាធ ហើយមិនពាក់ព័ន្ធ នឹងបញ្ហានយោបាយ ឬពាណិជ្ជកម្មឡើយ។
ចំពោះសកម្មភាពបន្ត ត្រូវបានក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្នុងនាមជាម្ចាស់នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បាននឹងបន្តចាត់វិធានការផ្សេងៗទៀត ដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ។ ដោយសារបញ្ហានេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត ក្រសួងរ៉ែ និងថាមពល សូមមិនធ្វើការអត្ថាធិប្បាយ អ្វីផ្សេងបន្ថែមទៀតទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ