ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលរថយន្តចំនួន១០គ្រឿង ពីកម្ពុជាតេលា – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលរថយន្តចំនួន១០គ្រឿង ពីកម្ពុជាតេលា

Published

on

លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើងគោក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានចូលរួមនៅក្នុង ពិធីប្រគល់ និងទទួល​រថយន្ត​ចំនួន​១០​ គ្រឿងពីក្រុមហ៊ុនកម្ពុជាតេលា ដែលបានប្រគល់ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជា ការ​ដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
 
ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងទ័ពជើង​គោក នៃកងយោធពលខេមរភូមិន្ទ ហើយរថយន្ត ចំនួន​១០​គ្រឿង​ រួមមាន រថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរ ចំនួន០៤គ្រឿង និងរថយន្តដឹក​ប្រេងឥន្ធនៈ ចំនួន០៦​គ្រឿង ។

ក្នុងពិធីប្រគល់ទទួលរថយន្តទាំងនេះ លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែង​អំណរគុណដល់ក្រុម​ហ៊ុន​កម្ពុជា​តេលា ដែលជានិច្ចកាលតែងតែបានជួយ​ឧបត្ថម្ភ​គាំទ្រដល់​កងទ័ព ទាំងការជួយផ្គត់ផ្គង់ប្រេង​ឥន្ធនៈ​ និងការជួយ ដោះស្រាយតម្រូវការផ្សេងៗរបស់កងទ័ពនាពេលកន្លងមក។

លោក​ថា ការផ្តល់រថយន្តទាំង១០គ្រឿងនៅពេលនេះ គឺ​បានឆ្លើយតបទៅនឹង​សេចក្ដី​ត្រូវការជាក់​ស្តែងរបស់​អង្គភាពលើមធ្យោបាយដឹកជញ្ជូន ជាពិសេសការធានាម្ចាស់ការចល័តផ្គត់ផ្គង់ប្រេងឥន្ទនៈ​ឱ្យ​បាន​ទាន់ពេល​វេលា នៅពេលមានតម្រូវការបន្ទាន់។ បទពិសោធន៍​ជាក់ស្តែងកន្លងទៅនេះ កងទ័ពបានទទួលបទបញ្ជា​ចេញ​ធ្វើ​ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមមុខព្រួញនានា ហើយតម្រូវ​ការមធ្យោបាយដឹកជញ្ជូន គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។

​ឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានសម្តែងនូវទឹកចិត្តរីករាយបំផុត និងបានប្តេជ្ញាបន្ត​ជួយ​ដល់កងទ័ពជា​និច្ច ជាពិសេសនៅពេលមានតម្រូវការក្នុងកាលៈទេសៈណាក៏ដោយ គឺក្រុមហ៊ុននឹង​ត្រៀមជួយដោះស្រាយឱ្យអស់លទ្ធភាព៕

អត្ថបទ ៖ កោះកែវ


 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម