ព័ត៌មានជាតិ
អាជ្ញាធរប្រកាស ផាកពិន័យមិនលើកលែង ចំពោះអ្នកជិះបញ្ច្រាស នៅវិមានឯករាជ្យ រាប់ទាំងអ្នកជិះកង់
អាជ្ញាធរខណ្ឌដូនពេញ បានសំណូមពរដោយទទូច សុំឲ្យប្រជាពលរដ្ឋមួយចំនួនតូច បញ្ឈប់ការធ្វើដំណើរ ដោយបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យបន្តទៀត ទោះបីធ្វើដំណើរដោយកង់ក៏ ដោយ។ ការសំណូមពរយ៉ាងដូច្នេះ បន្ទាប់ពីអាជ្ញាធរ នៅតែសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនតូច នៅតែធ្វើដំណើរដោយបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ ជាបន្តបន្ទាប់។ ក្នុងនោះ អាជ្ញាធរបានបញ្ជាក់ថា នឹងផាកពិន័យមិនលើកលែង ចំពោះអ្នកជិះបញ្ច្រាស នៅវិមានឯករាជ្យទាំងនោះ។
ជាក់ស្ដែងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត និងកង់ បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជាលទ្ធផល សរុបបានធ្វើការឃាត់បាន ចំនួន៦គ្រឿង រួមមាន៖ ម៉ូតូកង់បី ១គ្រឿង និងកង់ចំនួន៥គ្រឿង។ បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ បន្តតាមនីតិវិធី។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី៦ ខែកញ្ញាថា អាជ្ញាធរខណ្ឌដូនពេញ បានអនុវត្តយុទ្ធនាការ ឃាត់យានយន្ត បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ហើយគិតមកដល់ពេលនេះ មានរយៈពេលជាង៣ឆ្នាំមកហើយ។ លោកថា ប្រជាពលរដ្ឋភាគច្រើន បានគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តែមានមួយចំនួនតូច នៅតែមិនគោរពអនុវត្តដដែល ដោយបន្តធ្វើដំណើរបញ្រ្ចាសទិសដៅចរាចរណ៍។

លោក សុខ ពេញវុធ បានឲ្យដឹងបន្តថា អាជ្ញាធរ និងសមត្ថកិច្ច តែងតែពន្យល់ណែនាំពួកគាត់ ទោះបីធ្វើដំណើរដោយកង់ក៏ដោយ សូមបើកបរដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយលោកថា «យើងបានពន្យល់ប្រាប់គាត់ថា វិមានឯករាជ្យ ទិសវាគឺដូចទិសចរាចរណ៍ដទៃអញ្ចឹង យើងត្រូវរត់ជុំវិញរង្វង់មូលវិមានឯករាជ្យ ប៉ុន្តែផ្ទុយទៅវិញ គាត់ជិះមកតាមផ្លូវព្រះសុរាម្រឹត មកដល់ចំណុចវិមានឯករាជ្យហ្នឹង គាត់បត់មកកើតតែម្ដង គាត់អត់ឡើងមកមួយជុំទេ ហើយបើគាត់មកពីភោជនីយដ្ឋានង៉នវិញ គាត់អត់ឡើងមួយជុំ ទៅខាងនាគបាញ់ទឹកទេ គាត់ជិះបញ្រ្ចាសមកតាមផ្លូវព្រះសុរាម្រឹត មកបត់ខាតកើតវិមានឯករាជ្យតែម្ដង ហើយអ្នកមកពីខាងគរុកោសល្យ ក៏បត់បញ្រ្ចាសមក អត់ព្រមឡើងមួយជុំទៅលិច បត់មកទិញស្របអត់ទេ»។
អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច នឹងបន្តអនុវត្តច្បាប់ចរាចរណ៍ តឹងរ៉ឹងបន្តទៀត ដោយធ្វើការផាកពិន័យទៅតាមច្បាប់ ទៅលើអ្នកធ្វើដំណើរ ដោយបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ ដើម្បីសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរាប់រយ ក្នុងរាជធានីភ្នំពេញ ជាពិសេសខណ្ឌដូនពេញ ដោយមិនមានការអប់រំណែនាំទៀតទេ។ ជាមួយគ្នានេះលោក សុខ ពេញវុធ បានសំណូមពរដោយទទូច សុំឲ្យប្រជាពលរដ្ឋមួយចំនួនតូច បញ្ឈប់ការធ្វើដំណើរ ដោយបញ្រ្ចាសទិសដៅចរាចរណ៍តទៅទៀត ត្រូវចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត