ព័ត៌មានជាតិ
ខានស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេស នារសៀលថ្ងៃទី០៧ ខែកញ្ញា នេះ។
បើតាមក្រសួងការបរទេស បណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ, ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំដោយផ្ទាល់ រួមមាន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ព្រមទាំងរដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។
ក្រោមមូលបទ “មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី” កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ កិច្ចប្រជុំក៏នឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់កាន់តែរួបរួមគ្នា ប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។
គួរកត់សម្គាល់ថា កម្មវិធីមហាអនុតំបន់មេគង្គឈរលើមូលដ្ឋាន នៃការពិគ្រោះយោបល់ និងកិច្ចសន្ទនា ក្នុងចំណោមបណ្តាសមាជិកមហាអនុតំបន់មេគង្គ។ មហាអនុតំបន់មេគង្គផ្តោតលើគម្រោងអនុតំបន់នានាដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ