ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ មានប្រាសាទបុរាណ ៩ កន្លែង អាយុកាលរាប់ពាន់ឆ្នាំ កូនខ្មែរមិនសូវបានស្គាល់
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំបានឲ្យកម្ពុជាថ្មីដឹងថា បច្ចុប្បន្ននៅខេត្តត្បូងឃ្មុំមានប្រាសាទបុរាណចំនួន ០៩ នៅសល់រូបរាង និងទួលបុរាណជាង ៣០ ទៀតមានអាយុកាលរាប់សតវត្សន៍។
លោក កួ ហុក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារកត្តាធម្មជាតិ និងពេលវេលាប្រាសាទខ្លះរងការទ្រុឌទ្រោមប្រឈមការដួលរលំ។ ដោយមានការយកចិត្តទុកដាក់ពីមន្រ្តីមន្ទីរ និងក្រុមអ្នកជំនាញ បានធ្វើការជួសជុលប្រាសាទមួយចំនួន ដើម្បីរក្សាបានរូបរាងកុំឲ្យបាត់បង់ ទុកបង្ហាញដល់កូនចៅជំនាន់ក្រោយបានស្វែងយល់និងបានស្គាល់ពីសម្បត្តិវប្បធម៌ដូនតាជំនាន់មុន។
ទោះបីខេត្តត្បូងឃ្មុំ មានសំណង់ប្រាសាទបុរាណរាប់សតវត្សន៍បន្សល់ទុក មានតម្លៃមិនអាចកាត់ថ្លៃបាន បើតាមប្រធានមន្ទីរវប្បធម៌ខេត្តត្បូងឃ្មុំ ក្នុងចំណោមប្រាសាទទាំងអស់ មិនសូវមានពលរដ្ឋទូទៅបានស្គាល់នោះទេ។ មានតែប្រាសាទនៅក្នុងវត្តព្រៃនគរក្នុង ដែលមានភ្ញៀវមួយចំនួនបានទៅលេងម្តងម្តាលនៅថ្ងៃចុងសប្តាហ៍ ឬនៅពេលមានបុណ្យទានធំៗ។
គួរបញ្ជាក់ថា ប្រាសាទទាំង ៩ ដែលនៅសេសសល់ក្នុងខេត្តត្បូងឃ្មុំមានដូចជា៖
១/ប្រាសាទព្រះធាតុធំ

ប្រាសាទព្រះធាតុធំ មានតួប៉មប្រាសាទចំនួនពីរ ស្ថិតនៅក្នុងបរិវេណវត្តហ្លួងព្រះស្តេចកន ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប្រាសាទព្រះធាតុធំ ផ្តើមកសាងក្នុងចន្លោះសម័យហ្វូណន និងសម័យចេនឡាក្នុងរាជ្យព្រះបាទភវរ្មន័ទី១។ ដើមឡើយក្រុមប្រាសាទមានតួប៉ម៣ សង់ពីឥដ្ឋនៅលើទីទួលខ្ពស់មួយកម្ពស់ ១.៥ម៉ែត្រ លាតសន្ធឹងពីជើងទៅត្បូងរត់ត្រង់ជួរគ្នានៅលើទីលានតែមួយបែរមុខទៅទិសខាងកើត។
ដោយកត្តាធម្មជាតិ និងពេលវេលាបានធ្វើឱ្យប្រាសាទរងការទ្រុឌទ្រោមយ៉ាងខ្លាំង និងកំពុងមានហានិភ័យយ៉ាងខ្លាំងដល់តួប៉មប្រាសាទទាំងមូល។
តួប៉មទាំង៣ នៃប្រាសាទបានខូចខាតទាំងស្រុង។ តួប៉មមួយផ្នែកខាងជើងសព្វថ្ងៃត្រូវបានគេចាក់ដីលុបគ្រឹះប្រាសាទ និងវត្ថុសំណល់នានា ព្រមទាំងបានរៀបឥដ្ឋជាខឿនទប់ដី ដូច្នេះប្រាសាទព្រះធាតុធំដែលមានបច្ចុប្បន្ននេះ មានតួប៉មប្រាសាទតែ ២ ប៉ុណ្ណោះ។
២/ប្រាសាទព្រះធាតុតូច

ប្រាសាទព្រះធាតុតូច កសាងឡើងក្នុងសតវត្សន៍ទី ៧ ពីឥដ្ឋនិងថ្មភក់។ ប្រាសាទនេះស្ថិតក្នុងកំពែងតែមួយនៃបន្ទាយព្រៃនគរក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ អ្នកស្រុកហៅប្រាសាទនេះជាចេតិយ ហើយតាមការអង្កេតទៅលើស្លាកស្នាមគ្រឹះជាក្រុមប្រាសាទឥដ្ឋ ដែលមានក្រុមប្រាសាទលើសពីបី។
៣/ប្រាសាទចេតិយព្រះធាតុតូច
ប្រាសាទចេតិយព្រះធាតុតូចនេះស្ថិតនៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សាងសង់ពីថ្មបាយក្រៀមនៅលើទីទួលនិងមានស្រះស្រង់នៅពីមុខប្រាសាទផងដែរ។
៤/ ប្រាសាទព្រៃគី
ប្រាសាទព្រៃគី ស្ថិតនៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ សាងសង់អំពីដីដុត (ឥដ្ឋ) មានទំហំ ៤ម៉ែត្របួនជ្រុង និងមានកម្ពស់ ៧.៥ម៉ែត្រ ក្នុងរាជ្យ កាលព្រះបាទជ័យវរ្ម័នទី៤ សតវត្សរ៍ទី ១០ សម្រាប់ឧទ្ទិសដល់ ព្រាហ្មណ៍សាសនា។ សង់នៅលើទីទួលមានកសិន្ទទឹកជុំវិញ និងមានតួប៉មបីសង់ពីឥដ្ឋ លាយថ្មបាយក្រៀម នៅលើខឿនថ្ម បាយក្រៀម ដែលមានបណ្តោយប្រវែង ២៣,៤០ម៉ែត្រ និងទទឹង ប្រវែង១២,៦០ម៉ែត្រ។
៥/ ប្រាសាទជើងអង្គ

កសាងឡើងនៅសតវត្សន៍ទី ១០ ពីឥដ្ឋនិងថ្មភក់។ ប្រាសាទជើងអង្គ ស្ថិតនៅក្នុងភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប្រាសាទនេះសាងក្នុងរាជ្យកាល ព្រះបាទជ័យវរ្ម័នទី៤ ស.វ ទី១០ ចន្លោះឆ្នាំ៩២១-៩៤២ មានលក្ខណៈសិល្បៈក្នុងរចនាបថកោះកេរ សម្រាប់ឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ ប្រាសាទនេះសង់នៅលើដីទួលលើក មានតួប៉ម បែរមុខទៅទិសខាងកើត។ បើពិនិត្យទ្រង់ទ្រាយនិងស្លាកស្នាម នៅសល់ប្រាសាទនេះ មានតួប៉មបីសង់ពីឥដ្ឋ ស្ថិតនៅលើខឿនថ្ម បាយក្រៀមតែមួយ សព្វថ្ងៃតួប៉មពីរសងខាងបានរលំអស់ សល់ តែតួកណ្តាល ដែលមានកំពស់ប្រហែល១៥ម៉ែត្រ។
៦/ ប្រាសាទព្រះធាតុសម្តី

ប្រាសាទព្រះធាតុសម្តី ស្ថិតនៅខាងត្បូងសាលាខេត្តត្បូងឃ្មុំ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រាសាទព្រះធាតុសម្តីបានបាក់បែកនៅសល់តែជញ្ជាំងផ្នែកខាងលិច និងទិសខាងត្បូងប៉ុណ្ណោះ ជាហេតុធ្វើឲ្យប្រាសាទរងហានិភ័យខ្ពស់បំផុត។
៧/ ប្រាសាទព្រះធាតុខ្ទុំ
សាងសង់ឡើងនៅសតវត្សន៍ទី ១០ ពីឥដ្ឋនិងថ្មបាយក្រៀម។ ប្រាសាទព្រះធាតុខ្ញុំ ស្ថិតនៅខាងលិចភូមិស្វាយទិព្វចម្ងាយ១ គីឡូម៉ែត្រ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រាសាទនេះសង់ពីឥដ្ឋនៅលើទីទួលខ្ពស់មួយ និងមានកំពែងខាងក្រោមមានថ្មបាយក្រៀម នឹងបំណែកឥដ្ឋនៅរាយប៉ាយពាស់ពេញផ្ទៃដី។ តួនៃប្រាសាទបច្ចុប្បន្ន នៅសល់តែជញ្ជាំងពាក់កណ្តាលតែប៉ុណ្ណោះ ពាក់កណ្តាលផ្នែកកំពូលត្រូវបានបាក់បែកទាំងស្រុង។
នៅពីមុខប្រាសាទមានផ្ទាំងសិលាចារឹកមួយផ្ទាំងមានស្ថានភាពល្អប្រសើរ ត្រូវបានគេចាក់ជាប់នៅពីមុខប្រាសាទតែម្តង។ បច្ចុប្បន្ន តំបន់នេះត្រូវបានជ្រើសរើសជាទីអារាម សម្រាប់គោរពបូជា មានការសាងសង់សាលាឆាន់ កុដិ និងសាឡុំជាដើម។
៨/ ប្រាសាទព្រះធាតុបាស្រី

ប្រាសាទព្រះធាតុបាស្រី ឬប្រាសាទព្រះធាតុព្រះស្រីមានទីតាំងស្ថិតនៅភូមិព្រះធាតុថ្មដា ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ វិហារវត្តព្រះធាតុបាស្រីត្រូវបានសង់នៅលើគ្រឹះប្រាសាទចាស់រាងជាការេមានទំហំ ១៥ម៉ែត្របួនជ្រុង និងមានកម្ពស់ ៣៣ម៉ែត្រ ដែលមានផ្តែរបុរាណចំនួន២ផ្ទាំង និងសសរពេជ្របន្សល់ទុកនៅ ជាប់និងជញ្ជាំងព្រះវិហារបច្ចុប្បន្ន។ បើតាមការសិក្សាស្រាវជ្រាវអំពី រចនាបថនៃផ្តែរនិងសសរពេជ្រដូចជាបំណែកផ្សែងទៀតនៃបង្គំ ប្រាសាទ គឺអាចសន្និដ្ឋានបានថា ប្រាសាទនេះគឺប្រហែលមាន រចនាបថកោះកេរក្នុងសតវត្សន៍ទី១០។
នៅអមសងខាងផ្លូវចូលវត្តព្រះធាតុ មានគ្រឹះប្រាសាទពីរទៀត ដែលសាងសង់ពីថ្មបាយក្រៀម នៅផ្នែកខាងស្តាំដៃគេហៅថា ប្រាសាទវិហារគុហ៍ នៅផ្នែកខាងឆ្វេងដៃហៅថាប្រាសាទព្រះចូលនិព្វាន និងមានគ្រឹះ ប្រាសាទផ្សេងទៀតនៅខាងជើងវត្ត ដែលសព្វថ្ងៃគ្រឹះប្រាសាទទាំងអស់នោះ ត្រូវបានសាងសង់សំណង់ថ្មីពីលើអស់ហើយ ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ