ព័ត៌មានជាតិ
សម្ដេច ស ខេង ណែនាំ ឱ្យក្រុមការងារខិតខំផ្សាភ្ជាប់ការងារនឹងជីវភាពរបស់ប្រជាពលរដ្ឋ
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងពិធី សម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋាន នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃសុក្រម្សិលមិញ។
មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យក្រុមការងារទាំងអស់ ត្រូវខិតខំផ្សាភ្ជាប់ការដឹកនាំ និងការងាររបស់ខ្លួន ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋឱ្យបានល្អ ធ្វើអំពើល្អជាមួយប្រជាជនឱ្យបានច្រើន ចៀសវាងការគាបសង្កត់ គំរាមកំហែង ឬប្រសិនបើពួកគាត់ជួបនៅបញ្ហាណាមួយត្រូវខិតខំដោះស្រាយតាមសមត្ថកិច្ចឱ្យបានល្អ និងយុត្តិធម៌។
សម្ដេចក្រឡាហោម សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឬក៏គណបក្សនោះទេ ត្រូវតែបន្តចុះមកមូលដ្ឋានជាទៀងទាត់ ដើម្បីស្វែងយល់ពីជីវភាព រស់នៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពីព្រោះតាមរយៈសកម្មភាពនេះហើយ ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សអាចប្រមូលបាននូវអ្វី ដែលជាកិច្ចការសំខាន់សម្រាប់ពលរដ្ឋ ហើយដោះស្រាយឱ្យបានទាន់ពេល និងមាន ប្រសិទ្ធិភាព។

មានប្រសាសន៍នៅក្នុងពិធីនោះដែរ សម្ដេចលើកឡើងអំពីកិច្ចការពារធនធានធម្មជាតិ ដោយសម្ដេចបានដៅចំៗថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាថា ការពារឱ្យបាននូវធនធានធម្មជាតិ ដែលការងារនេះ គឺជាយុទ្ធសាស្ត្រ ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ ទាក់ទាញទេសចរណ៍ ទាក់ទាញការវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះជាបញ្ហាធម្មតានោះឡើយ ពីព្រោះការងារនេះគឺជាការងារដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងកូនចៅជំនាន់ក្រោយ។
ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិនេះ សម្ដេចក្រឡាហោមបានផ្ដល់ការលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្ត ពិសេសខេត្តដែលសំបូរធនធានធម្មជាតិ ដូចជាព្រៃឈើជាដើម អាចពិចារណារៀបចំប្រតិទិនទៀងទាត់ ដើម្បីរួមគ្នាជិះឧទ្ធម្ភាចក្រពិនិត្យស្ថានភាពព្រៃឈើ និងធនធានធម្មជាតិ ដោយមិនត្រូវពឹងអាស្រ័យតែទៅលើការជិះរថយន្ត ឬដើរមើលនោះឡើយ។

សម្ដេចបានហៅថាធនធានធម្មជាតិថា “ជាទ្រព្យសម្បត្តិដូនតារបស់យើង” ដោយសម្ដេចបន្តដោយរំលឹក “ខ្ញុំបានទៅបំពេញទស្សនកិច្ចនៅចិន ហើយគេក៏បានធ្វើបទបង្ហាញប្រាប់ខ្ញុំអំពីគម្រោងអភិវឌ្ឍធំៗ។ ខ្ញុំក៏បានសួរថា តើលុយនោះបានមកពីណា ? ចម្លើយគឺលុយបានមកពី៣ប្រភព គឺទី១. លុយដូនតា ទី២. លុយយើង និងទី៣. លុយកូនចៅយើង”។
មុននឹងបញ្ចប់សម្ដេចក៏បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ សមាជិក សកម្មជន គណបក្សទាំងអស់ ខិតខំបំពេញតួនាទី ភារកិច្ច និងការទួលខុសត្រូវ ដែលថ្នាក់ដឹកនាំគណបក្សប្រគល់ជូនឱ្យបានល្អ ដើម្បីបន្តឈានទៅទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងបន្តឈានទៅទទួលបានជោគជ័យថែមទៀត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ