ព័ត៌មានជាតិ
តើអ្នកវិភាគ មើលឃើញបែប ណា ចំពោះដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រី ការបរទេសចិន មកកម្ពុជាលើកនេះ?
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ត្រូវបានសារព័ត៌មានបរទេសផ្សព្វផ្សាយថា នឹងមក បំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងប្រទេស៣ផ្សេងទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២១។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់ព្រះរាជាណាចក្រកម្ពុជា មិនទាន់ បានចេញសេចក្ដីជូនព័ត៌មាន ជុំវិញដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ នៅឡើយទេ គិតត្រឹម ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ។
ប៉ុន្តែបើតាមសារព័ត៌មានបរទេស បានចុះផ្សាយថា ដំណើរទស្សនកិច្ច របស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរ ទេសចិន លោក វ៉ាង យី នៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង គឺដើម្បីធ្វើការ ទំនាក់ទំនងយុទ្ធសាស្ត្រស៊ីជម្រៅ បង្កើនកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងជំរុញការកសាងសហ គមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ។

ក្នុងនោះលោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅ ទីក្រុងប៉េកាំងថា «ប្រទេសកម្ពុជា ក៏ដូចជាប្រទេស៣ផ្សេងទៀត មានភាពជិតស្និទ្ធនឹងភូមិសាស្ត្រ របស់ ប្រទេសចិន ហើយដំណើររបស់លោក វ៉ាង យី គឺនិយាយពីភាពស្មោះត្រង់របស់ចិន និងសារៈសំខាន់ ដែល ខ្លួនបានភ្ជាប់ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញ ទៅមក យ៉ាងជ្រាលជ្រៅ»។
លោក Wang Wenbin បានថ្លែងបន្តថា «ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយ ប្រទេសកម្ពុជា និងប្រទេស៣ផ្សេងទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ នៅក្នុងទំនាក់ទំនងទ្វេភាគី និងរួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌អន្តរជាតិ ក៏ដូចជាយុត្តិធម៌ រួមបញ្ចូលថាមពលវិជ្ជមានបន្ថែម ទៀត សម្រាប់លើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកទាំង មូល»។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នក វិភាគបញ្ហានយោបាយជាតិ និងអន្តរជាតិ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី៨ ខែកញ្ញា នេះថា ដំណើរទស្សនកិច្ច របស់ការបរទេសចិននេះ គឺជាខ្សែសង្វាក់នៃដំណើរទស្សនកិច្ចមួយ មកកាន់អាស៊ី ជារួម និងអាស៊ីអាគ្នេយ៍ជាពិសេស ហើយត្រូវបានធ្វើឡើងជាបន្តបន្ទាប់គ្នា ដែលកាលពីពេលថ្មីៗនេះ មាន ដំណើរទស្សនកិច្ច របស់អនុប្រធានាធិបតី សហរដ្ឋអាមេរិក ទៅកាន់ប្រទេសិង្ហបុរី និងវៀតណាម។ កាលពី ពេលកន្លងទៅថ្មីៗនេះ ក៏មានដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក មកកាន់ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
លោកបណ្ឌិត គិន ភា បានលើកឡើងថា ដំណើរទស្សនកិច្ច របស់លោក វ៉ាង យី គឺជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ ជាពិសេសប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជារួម ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា និយាយដោយឡែក។ មានសារៈសំាន់ ដោយសារពេលនេះ ស្ថិតក្នុងបរិបទនៃការប្រកួតប្រជែង ខាងភូមិ សាស្រ្ដនយោបាយ រវាងមហាអំណាចទាំងពីរ ចិន និងសហរដ្ឋអាមេរិក ដែលកំពុងមានលក្ខណៈស្រួចស្រាល ហើយដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសចិននេះ វាគឺជាការជំរុញ ពង្រឹង និងពង្រីកទំនាក់ទំនង ទ្វេភាគី រវាងចិន ជាមួយនឹងបណ្ដារដ្ឋនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាជាមួយប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធ មិត្តរបស់សហរដ្ឋអាមេរិកផងដែរ។
សម្រាប់ប្រទេសកម្ពុជា អ្នកវិភាគរូបនេះ យល់ថា ក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានច្រើន យន្តការ ទាំងយន្តការទ្វេភាគី និងយន្តការពហុភាគី ហើយជាការកត់សម្គាល់ ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ ទំនងមួយ ដល់កម្រិតកំពូល ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ដ។ ការកត់សម្គាល់យ៉ាងដូច្នេះ គឺផ្ដោតទៅ លើវិស័យនយោបាយ ដែលមានដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ជាញឹកញ៉ាប់ ដែលខុស ពីទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ដោយកម្រឃើញមានដំណើរទស្សនកិច្ចផ្លូវការ ឬក៏ដំណើរទស្សន កិច្ចផ្លូវរដ្ឋ រវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរញឹកញ៉ាប់ ដោយដូចកម្ពុជា-ចិននោះឡើយ។
លោកបណ្ឌិត គិន ភា បានលើកឡើងបន្តថា នៅក្នុងទិដ្ឋភាពនយោបាយដដែលនេះ គឺការគាំទ្រគ្នាទៅវិញ ទៅមក ក្នុងវេទិកាអន្តរជាតិ វេទិកាតំបន់ ក៏ដូចជាពិភពលោក យើងឃើញថា កម្ពុជា-ចិន បានគាំទ្រគ្នាទៅវិញ ទៅមកច្រើនករណី ហើយជាទិដ្ឋភាពសេដ្ឋកិច្ច យើងឃើញថាប្រទេសទាំងពីរ មានទំនាក់ទំនងកិច្ចសហប្រតិ បត្តិការស៊ីជម្រៅ ទៅលើពាណិជ្ជកម្ម ដែលប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេ សម្រាប់ប្រទេសកម្ពុជា ជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា និងក៏ជាម្ចាស់ជំនួយធំជាងគេផងដែរ សម្រាប់ប្រទេសកម្ពុជា។
ចំណែកឯទិដ្ឋភាពប្រវត្តិសាស្រ្ដវិញ កម្ពុជា-ចិន មានប្រវត្តិទំនាក់ទំនង ជាមួយគ្នាយូរអង្វែងណាស់មកហើយ ថ្វីបើទំនាក់ទំនងជាមួយផ្លូវការ ទើបតែមាននៅឆ្នាំ១៩៥៨ក៏ពិតមែន តែកេរ្ដិ៍ដំណែលប្រវត្តិសាស្រ្ដ គឺទំនាក់ ទំនងរវាងប្រទេសទាំងពីរ មានតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ម្យ៉ាងទៀត ទៅលើទិដ្ឋភាពវប្បធម៌វិញ យើង ឃើញថា វប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណី របស់ប្រទេសចិនមួយចំនួន ហាក់បីដូចជា ត្រូវរ៉ូវគ្នា ស៊ីគ្នា ជា មួយប្រពៃណី ទំនៀមទម្លាប់ ដែលប្រជាពលរដ្ឋខ្មែរយើង ប្រតិបត្តិនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។
រីឯទំនាក់ទំនងលក្ខណៈឯកជន រវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរកម្ពុជា-ចិនវិញ ដោយលោកបណ្ឌិត គិន ភា បានរំលឹកអំពីវត្តមាន របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ តែ ព្រះអង្គតែងតែចំណាយពេលវេលា ជាច្រើននៅប្រទេសចិន ហើយទំនាក់ទំនង មនោសញ្ចេតនារវាងថ្នាក់ ដឹកនាំចិន ជាមួយព្រះបរមរតនកោដ្ឋ ក៏មានលក្ខណៈស៊ីជម្រៅ។ នៅពេលបច្ចុប្បន្ននេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏តែងតែធ្វើ ដំណើរទស្សនកិច្ចជាច្រើន នៅក្នុងប្រទេសចិនដែរ។
សម្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាវិញ ក៏មានទំនាក់ទំនងលក្ខណៈឯកជនល្អ ជាមួយ នាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិនផងដែរ ដែលនេះសបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនងកម្ពុជា-ចិន មាន លក្ខណៈស៊ីជម្រៅ។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងក្នុងការបង្កើត សហគមន៍ដែល ជោគវាសនារួមគ្នា រវាងប្រទេសទាំងពីរ នៅខែមេសា ឆ្នាំ២០១៩ ហើយចុងឆ្នាំ២០២០កន្លងទៅ ក៏យើងមាន ចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយគ្នាដែរ ដែលទាំងនេះ គឺសបញ្ជាក់ឲ្យឃើញ ពីទំនាក់ទំនងស៊ីជម្រៅ រវាងកម្ពុជា-ចិន។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងបន្ថែមថា «ទិដ្ឋ ភាពមួយទៀត ដំណើរទស្សនកិច្ចនេះ ក៏យើងដឹងថា វាមិនអាចកាត់ផ្ដាច់ចេញបាន ពីគេហៅថា តួនាទីរបស់ កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ យើងឃើញថា មហាអំណាចផ្សេងៗ គាត់តែងតែផ្ដោត ការចាប់អារម្មណ៍ ជាពិសេស ចំពោះតួនាទីជាប្រធានអាស៊ាន របស់កម្ពុជា ព្រោះយើងដឹងថា តួនាទីនេះវា មានសារៈសំខាន់ ជាយុទ្ធសាស្រ្ដ សម្រាប់ទំនាក់ទំនង នៃអាស៊ាន ជាមួយនឹងមហាអំណាចនៅក្នុងតំបន់ និងពិភពលោក ជាពិសេសចិន សហរដ្ឋអាមេរិក ហើយនិងជប៉ុន កូរ៉េ ដែលសុទ្ធជាដៃគូសន្ទនា របស់អាស៊ាន ដែលយើងមានយន្តការអាស៊ានបូកបី អាស៊ានបូកមួយ កិច្ចប្រជុំកំពូលអាស៊ាន-អាស៊ីបូពា វេទិកាតំបន់ អាស៊ាន អីជាដើម គឺសុទ្ធតែយន្តការទម្រង់ពហុភាគី ដែលប្រទេសមហាអំណាចទាំងហ្នឹង មានការចាប់ អារម្មណ៍ ពីព្រោះផលប្រយោជន៍ជាយុទ្ធសាស្រ្ដ របស់មហាអំណាច ហាក់ដូចជាកំពុងតែស្ថិត នៅក្នុង អាស៊ីអាគ្នេយ៍ហ្នឹងគឺច្រើនមែនទែន»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង