Connect with us

ព័ត៌មានជាតិ

បទយកការណ៍៖ ទឹកចិត្តអាណាព្យាបាលចំពោះការបើកសាលារៀនឡើងវិញ

បានផុស

នៅ

ក្រោយប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យរដ្ឋមន្រ្តីក្រសួង​អប់រំ​ យុវជន និង កីឡា ពិភាក្សាជាមួយរដ្ឋបាលរាជធានីខេត្តត្រៀមបើកដំណើការ​សាលារៀនឡើងវិញ មាតាបិតា និងអាណាព្យាបាល​សិស្សភាគច្រើនបាសម្ដែងនូវការអបអរសាទរជាខ្លាំង ហើយបានអះអាងថា នឹងបញ្ជូនកូនទៅសាលារៀនជាមួយនឹងវិធានសុខាភិបាលដើម្បីការពារការឆ្លង កូវីដ-១៩។ ​ទាំងលោកគ្រូអ្នកគ្រូ ទាំងអាណាព្យាបាល និងសិស្សសុទ្ធតែបានអះអាងថាការរៀនតាមអនឡាញមិនសូវជាទទួលបានលទ្ធផលនោះទេ ក៏ប៉ុន្តែវាហាក់ដូចជាបានបង្កបញ្ហាទៅលើសុខភាពភ្នែកក៏ដូចជាសុខភាពផ្លូវចិត្តរបស់កុមារ និយុវវ័យថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមន្រ្តីរាជការវ័យជាង ៣០ ឆ្នាំ អ្នកស្រី សុធី បានថ្លែងថា អ្នកស្រីបានរង់ចាំការបើកសាលារៀននេះយូរហើយ ចង់ឃើញកូនចូលរៀននៅសាលាឡើងវិញ បើទោះបីមានការព្រួយបារម្ភតិចតិចអំពីបញ្ហាកូវីដ-១៩ ក៏ដោយ។ តែបញ្ហាអនាគតរបស់កូនក៏ជារឿងសំខាន់ ព្រោះក្មេងនៅពេលឈប់ពីសាលាយូរអាចខ្លាចសាលារៀន ហើយវាខាតទាំងការរៀនសូត្រ ព្រោះអាយុចេះតែកើនឡើង តែចំណេះដឹងមិនបានកើនឡើង នេះជាបញ្ហា។

អ្នកស្រី សុធី ថ្លែងថា៖ “ខ្ញុំបានត្រៀមខ្លួនឱ្យកូនចូលរៀនឡើងវិញនៅតាមសាលារៀនកូនទៅរៀន ឬក៏មានការព្រួយបារម្ភខ្លះដែរ ប៉ុន្តែដោយសារឃើញរាជរដ្ឋាភិបាល និងក្រសួងអប់រំបានយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់សិស្ស ដែលអាចឱ្យយើងមានការទុកចិត្តច្រើនទៅលើវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ យើងមានទំនុកចិត្តថា កូនរបស់យើងមានសុវត្ថិភាព ដូចនេះយើងក៏មានការត្រេកអរដែលអាចឱ្យកូនបានទៅកាន់សាលារៀនវិញ”។

អ្នកស្រី សុធី បន្តថា ដោយសារកូនៗរបស់អ្នកស្រីមានវ័យជំទង់បន្តិចទៅហើយ ពួកគេរៀននៅអនុវិទ្យាល័យនិងវិទ្យាល័យ អ្នកស្រីអាចទុកចិត្តបានចំពោះការយល់ដឹង និងការចេះការពារខ្លួនរបស់ពួកគេ។ អ្នកស្រីបានថ្លែងទៀតថា អ្នកស្រីមានការព្រួយបារម្ភចំពោះការសិក្សារបស់កូន ព្រោះតាមរយៈការសិក្សាតាមអនឡាញកន្លងមកអ្នកស្រីសង្គេតឃើញថា គុណភាពសិក្សារបស់កូនមានការថយចុះជាងមុន។ អ្នកស្រីបន្តថា ការសិក្សាតាមអនឡាញមិនដូចជាការសិក្សានៅក្នុងថ្នាក់រៀនទេ។ កាលណាអាណាព្យាបាល ឬឪពុកម្តាយមិនឆ្លៀតពេលក្នុងការជួយបង្រៀនកូនបន្ថែមនោះទេ ការសិក្សារបស់កូននឹងរឹតតែធ្លាក់ចុះខ្លាំង។ ម្យ៉ាងទៀតកូនៗដែលទម្លាប់មិនប្រើទូរស័ព្ទ បែរជាមកកាន់ទូរស័ព្ទជាប់រហូត ហើយគ្រួសារខ្លះប៉ាម៉ាក់ទៅធ្វើការបាត់ៗពីផ្ទះទៀតមិនដឹងថា ពេលមិននៅផ្ទះកូនយើងរៀន ឬក៏លេងហ្គេម ឬក៏ធ្វើអ្វីខ្លះក៏យើងមិនដឹង។ អ្នកស្រីបន្តថា រៀននៅតាមសាលាយើងរៀនដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ យើងអាចរៀនបានច្រើនជាងការដែលរៀនតាមអនឡាញ។

អ្នកស្រីបានបន្តថា ដើម្បីសុវត្តិភាពកូន អ្នកស្រីបានត្រៀមរួចជាស្រេចក្នុងការរៀបចំម្ហូបអាហារសម្រាប់កូនៗមុនពេលទៅរៀនដើម្បីកុំឱ្យកូនទៅទទួលទានអាហារដែលលក់នៅក្នុងសាលាដែលនេះជាវិធានការការពារសុវត្ថិភាព។

ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានចូលដល់ឆ្នំាទីពីរហើយ ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពបានក្លាយជាអាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុង​សាលាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែងទាំងសម្រាប់កុមារ និងយុវវ័យម្នាក់ៗ និងសម្រាប់សង្គមទាំង​មូល​។ ការព្រួយបារម្ភអំពីកូវីដ-១៩ នៅតែជាបញ្ហាសម្រាប់ឪពុកម្ដាយ ក៏ប៉ុន្តែការគិតគូរពីអនាគតរបស់កូនសិស្សក្នុងការទទួលបាននូវចំណេះដឹង ក៏ជាផ្នែកមួយដែលមិនអាចខ្វះបាន។

លោក ហេង ឃៀង ជាអាជីវករនៅផ្សារអូឡាំពិក ដែលមានកូនរៀននៅសាលាឯកជន​ដ៏ល្បីមួយនៅភ្នំពេញបានលើកឡើងថា ក្នុងរយៈពេលនៃវិបត្តិកូវីដ-១៩​ជាងមួយឆ្នាំនេះ កូនរបស់លោកបានប្តូរមករៀនតាមអនឡាញវិញ លោកសង្កេតឃើញថា ការសិក្សារបស់កូនមិនបានពេញលេញ ជួនកាលជួបនូវបញ្ហាអ៊ិនធឺណេត មានការរអាក់រអួល ជាពិសេសលោកសង្គេតឃើញថា កូនរបស់លោកហាក់ដូចជាមិនយកចិត្តទុកក្នុងការស្តាប់គ្រូបង្រៀនប៉ុន្មានទេ។ ដូច្នេះទាមទារឱ្យលោកជាអាណាព្យាបាលនៃសិស្សត្រូវតែជួយជំរុញ និងដាស់តឿនដល់កូនៗឱ្យខិតខំប្រឹងប្រែងរៀន ព្រមទាំងឆ្លៀតពេលដើម្បីជួយបង្រៀនកូនបន្ថែមទៀត។ លោកបន្តថា តាមពិតលោកចង់ឱ្យកូនផ្អាករៀនសិន ក៏ប៉ុន្តែបើផ្អាករៀនវាធ្វើឱ្យខាតការសិក្សារបស់កូន ដូច្នេះក៏ទ្រាំបង់លុយឱ្យកូនរៀនបន្តទៀត ដោយខាងសាលាចុះថ្លៃ ២០​ភាគរយ។

លោក ហេង ឃៀង  បានលើកឡើងថា ការបើកសាលារៀនឡើងវិញជាការល្អណាស់ លោកអបអរសាទរ។ លោកបន្តថា តាមពិតទៅសាលារៀនឯកជនដែលកូនរបស់លោករៀនគឺគេរៀបចំវិធានការការពារបានល្អ ណាស់ មានការវាស់កម្ដៅ មានការលាងដៃដោយសាប៊ូ ពាក់ម៉ាស និងរក្សាគម្លាតបានល្អ ព្រមទាំងថ្នាក់រៀនក៏មានអនាម័យបរិស្ថានល្អ តែការសម្រេចបិទសាលារបស់ក្រសួងអប់រំ គឺមិនបានពិនិត្យថាសាលារៀនណាអនុវត្តន៍វិធានការពារបានល្អ ឬមិនបានល្អទេ គឺបិទទាំងអស់។

តាមពិតជំងឺកូវីដ-១៩ គឺវាជាជំងឺដែលយើងត្រូវរស់នៅជាមួយវារហូត គឺត្រូវតែមិនគួរមានការព្រួយបារម្ភខ្លាំងពេកនោះទេព្រោះយើងសង្កេតឃើញថា សិស្សទាំងឡាយបានមកកាន់សាលារៀនជាមួយនឹងការការពារខ្លួនយ៉ាងពិតប្រាកដ។

អ្នកគ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់នៅរាជធានីភ្នំពេញ ឈ្មោះ ផល្លី បានលើកឡើងថា នៅវិទ្យាល័យរបស់អ្នកគ្រូមានការបែងចែកម៉ោងរៀនមិនឱ្យអ្នកក្រៅចូលក្នុងសាលារៀននោះទេ​។ រៀនជាលក្ខណៈបណ្តុំ​បានន័យថា ក្នុង​​​​១ថ្នាក់មានសិស្សក្រោម ១៥ នាក់ ​ហើយរៀនឆ្លាស់វេនគ្នាដោយអនុវត្តន៍នូវវិធានរបស់ក្រសួងសុខាភិបាល ប៉ុន្តែបន្ទាប់ពីមានការបទខ្ទប់មក សាលារៀនក៏បិទរហូតមកដោយឱ្យរៀនពីចម្ងាយ រៀនតាមអនឡាញ។​​ បើតាមអ្នកគ្រូការ​បង្រៀន​តាម​អនឡាញ​មិន​អាច​ធ្វើ​ឱ្យ​សិស្ស​អាច​ទទួល​បាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​នោះ​ទេ ដោយសារ​សិស្ស​ជា​ច្រើន​មិន​ទាន់​ទម្លាប់​រៀន​តាម​អនឡាញ។ ​អ្នកស្រី​បន្ថែម​ថា​ សម្រាប់​សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ ជាពិសេស​សិស្ស​ដែល​បាត់បង់​ឱកាស​ក្នុង​ការ​ទទួល​បាន​ចំណេះ​ដឹង​តែម្តង​ដោយ​សារ​ពួកគេ​មិន​មាន​លទ្ធភាព​ប្រើប្រាស់​អ៊ិនធឺណិត​ និង​ទិញ​ឧបករណ៍​ទូរស័ព្ទស្មាតហ្វូន ឬកុំព្យូទ័រ​​ដើម្បី​រៀននោះទេ។ ​សូម្បី​តែ​គ្រូ​បង្រៀន​​មួយ​ចំនួន​ក៏មិនទាន់ស្ទាត់ជំនាញក្នុងការប្រើប្រាស់ទូរស័ព្ទ និងការបង្រៀនតាមអនឡាញនេះផង។ សេវាទាំងនេះមិនអាចជំនួសឱ្យការរៀនផ្ទាល់បានឡើយ។

អ្នកគ្រូបានបង្ហាញការគាំទ្រឱ្យមានការបើកសាលារៀនឡើងវិញ​ ព្រោះការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងច្រើនមិនត្រឹមតែមកលើការទទួលបានចំណេះដឹងរបស់កុមារ និង យុវជនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់លើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។​

បើទោះជាការបិទទ្វារសាលារៀននាំឱ្យមានការខាតបង់យ៉ាងច្បាស់ក៏ដោយ តែក៏មានខេត្តក្រុងខ្លះនៅអល់អែកក្នុងការបើកសាលារៀនឡើងវិញ ដោយភ័យខ្លាចមានការកើនឡើងនូវករណីឆ្លងជំងឺនេះ។ ប៉ុន្តែនៅពេលនេះយើងគួរផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ចំណេះដឹងដែលយើងដឹងអំពីជំងឺកូវីដ-១៩ ដើម្បីខិតខំរិះរកវិធីបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។ ការបើកសាលារៀនឡើងវិញពិតជាផ្តើមចេញពីការចាក់វ៉ាក់សាំងបានច្រើន។ ក៏ប៉ុន្តែពេលនេះយើងចាំបាច់ត្រូវរៀនរស់ និងរៀនធ្វើការទៅតាម “គន្លងថ្មី” ប្រកបដោយចីរភាព។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ មាន ៩៦,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

សាលារៀនជាច្រើនក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន កំពុងត្រៀមខ្លួនបើកដំណើរការឡើងវិញ ដោយមានការសំអាតទីធា្លសាលារៀន ថ្នាក់រៀន និងការបាញ់ថ្នាំសម្លាប់មេរោគយ៉ាងមមាញឹក។ សាលារៀនខ្លះដែលត្រូវធ្វើជាមណ្ឌលចត្តាឡីស័ក ឬកន្លែងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ​ក៏បានផ្លាស់ប្តូរទៅធ្វើនៅទីតាំងផ្សេង ដើម្បីយកសាលារៀនឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។ សាលារៀនខ្លះត្រូវបានលោកគ្រូអ្នកគ្រូរៀបចំនៅក្នុងបន្ទប់រៀន ដោយគូសប្លង់សម្រាប់ឱ្យសិស្សអង្គុយ ដើម្បីរក្សាគម្លាតមិនឱ្យអង្គុយជិតគ្នា នៅក្រៅទីធ្លាសាលាមានរៀបចំកន្លែងលាងសំអាតដៃជាមួយសាប៊ូ នៅមុខអគារមានការរៀបចំដាក់ដាក់អាកុល និងវាស់កំដៅសម្រាប់សិស្ស និងគ្រូ។ ជាមួយនេះ សាលាខ្លះដោយមានការជួយឧបត្ថម្ភពីសប្បុរសជន ឬ អាណាព្យាបាលសិស្ស បានត្រៀមម៉ាស់សម្រាប់សិស្សដែលមកសាលារៀន ហើយមិនមានពាក់ម៉ាស។ ចំណែក ការលក់ដូចចំណីចំណុកនៅក្នុងសាលាត្រូវបានហាមឃាត់។ សាលារៀនដែលធ្លាប់តែស្ងប់ស្ងាត់នឹងបើកទ្វារទទួលសិស្សចូលរៀនឡើងវិញ ភាពអ៊ូអរ សំឡេងចម្រៀងគោរពទង់ជាតិ សំឡេងជួងចូលរៀននឹងបន្លឺឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ ណារី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម