Connect with us

ព័ត៌មានជាតិ

ស្ពានបាឡេមួយខ្សែ​ក្នុងភូមិឡុំផាត់​ រងការខូចខាត​យ៉ាងដំណំ ដោយសារ​ជំនន់ទឹកភ្លៀង​

បានផុស

នៅ

ក្បាលស្ពានបាឡេមួយកន្លែង ស្ថិតនៅភូមិឡុំ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង​រងការខូចខាតយ៉ាងដំណំ ​បន្ទាប់ពីជំនន់ទឹកភ្លៀងបានហូរច្រោះបណ្តាលឱ្យបាក់ដីលើផ្នែកក្បាលស្ពានម្ខាង។

ស្ពានបាឡេមួយខ្សែនេះ គឺសម្រាប់ឱ្យប្រជាកសិករ ដឹកផលដំណាំយកមកលក់នៅលើទីផ្សារ ហើយក៏ជាស្ពានសម្រាប់ឱ្យប្អូនៗសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ដើម្បីមកសាលារៀននាពេលកន្លងមកផងដែរ ដែលទី​តាំង​គឺឆ្លងកាត់អូរដារ ត្រង់ចំណុចខាងក្រោយសាលាបឋមសិក្សាឡុំផាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ក្បាលស្ពាននេះធ្លាប់បានប្រជាពលរដ្ឋយកលួសសំណាញ់ទៅហ៊ុមព័ទ្ធដើម្បីចាក់ដីទប់ក្បាលស្ពានម្តងរួចមកហើយដើម្បីទប់ដីកុំឱ្យបាក់ ប៉ុន្តែដោយសារទឹកជំនន់ម្តងទៀត បានធ្វើឱ្យទឹកហូរច្រោះបាក់ដីអស់ម្តងទៀត តែពេលនេះកាន់តែមានសភាពធ្ងន់ធ្ងរហើយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានលើកឡើងថា ដោយសារតែភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើអោយលំនៅឋានប្រជាពលរដ្ឋមួយចំនួនត្រូវបានលិច និងផលដំណាំមួយចំនួនក៏ត្រូវលិចលង់ដែរ ប៉ុន្តែវាមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ។

ពួកគាត់បានបន្តថា បើចាប់ពីថ្ងៃនេះទៅភ្លៀងនៅតែបន្តធ្លាក់ នោះផលដំណាំនិងផ្ទះពលរដ្ឋនឹងត្រូវលិចលង់កាន់តែធ្ងន់ហើយ ម៉្យាងទៀតពួកគាត់ក៏បានសំណូមពរដល់មន្ទីរពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលក្បាលស្ពានមួយកន្លែងនោះផង ព្រោះបើមិនឆាប់ទប់ស្កាត់ទេ ប្រាកដជាខូចខាតទាំងស្រុងជាមិនខាន៕

អត្ថបទៈសោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម