ព័ត៌មានជាតិ
ករណីជំងឺគ្រុនឈាមថយចុះជាង៦ដង គិតត្រឹមដើមខែកញ្ញានេះ
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍ថា ចាប់ពីខែមករា ដល់ ដើមខែកញ្ញា ឆ្នាំ២០២១នេះ មានកុមារ និងមនុស្សពេញឆ្លងជំងឺគ្រុនឈាមសរុបចំនួន ១,០០២ករណី និងស្លាប់ចំនួន៣ករណី មានការថយចុះប្រហែលជាង៦ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ៦,២៩៩ករណី និងស្លាប់ចំនួន៨ករណី។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តថា ការថយចុះនៃករណីជំងឺគ្រុនឈាមនេះ អាចបណ្តាលមកពីមានការកើនឡើងនូវចំនួនប្រជាជនមានការយល់ដឹងច្រើន បានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយសារគុណភាពសេវា និងសមត្ថភាពផ្តល់សេវារបស់គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេស មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា លើសពីនេះទៀតដោយសារតែក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបែតបានគ្រប់គ្រាន់ និងបានធ្វើការចែកចាយដល់មន្ទីរសុខាភិបាលនៅទូទាំងប្រទេសបានទាន់ពេលវេលាសម្រាប់ដាក់នៅក្នុងពាង ឬអាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
ជាងនេះទៅទៀត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ពីវិធានការអនាម័យ និងបរិស្ថាននៅតាមសហគមន៍បានល្អប្រសើរដូចជា សំអាតលំនៅដ្ឋានបានស្អាត លប់បំបាត់ ឬដុតកំទេចចោល ឬទុកដាក់មានរបៀបរាល់វត្ថុដែលអាចដក់ទឹកបានដូចជា សំបកកង់ឡាន សំបកដប កំប៉ុង ត្រឡោកដូង ចានបាយ កំប៉ុងជ័រ ដែលជាជម្រកនៃការកកើតដង្កូវទឹកជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រូបនេះបានបន្ថែមថាការអនាម័យខ្លួនប្រាណ លាងសំអាតដៃញឹកញាប់ជាមួយសាប៊ូ អាកុល ឬជែលក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ក៏ជាកក្តាមួយនាំឱ្យជំងឺគ្រុនឈាមមានការថយចុះផងដែរ។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើមនិងអាជីវករ និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានណែនាំឱ្យកុមារស្លៀកពាក់ខោអាវដៃវែងជើងវែង និងសម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ មិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹត និងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា កុមារដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមភាគច្រើនបណ្តាលមកពីមាតាបិតា ឬអាណាព្យាបាលបញ្ជួនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ