ព័ត៌មានជាតិ
លោក ជិន ម៉ាលីន៖ ពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន រីឯសមត្ថកិច្ចត្រូវអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ
មន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពអនុវត្ត ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ផង និងសុវត្ថិភាពរបស់អ្នកដទៃផងដែរ។ រីឯសមត្ថកិច្ច ដែលជាអនុវត្តច្បាប់ ក៏ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវផងដែរ ចៀសវាងប្រើកម្លាំងលើសលប់ ដែលនាំឲ្យបំពាននូវសិទ្ធិ របស់ប្រជាពលរដ្ឋ ហើយអាចនឹងទទួលខុសត្រូវ ចំពោះមុខច្បាប់ ជាយថាហេតុណាមួយ។
ការអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីមានការណីអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ តែបានបង្កឲ្យមានអំពើហិង្សា ដែលបានបណ្ដាលឲ្យនារីម្នាក់ រងរបួសបែកក្បាល។ ក្នុងនោះ នារី រងគ្រោះ រួមជាមួយអ្នកបើកបរម៉ូតូម្នាក់ បានជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព ហើយបើកគេចសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍។ នារីរងគ្រោះ បាននិយាយថា មន្រ្ដីនគរបាលម្នាក់ បានប្រើវិទ្យុទាក់ទង វាយចំក្បាលរបស់ខ្លួន ឲ្យរងរបួស។ រីឯមន្រ្ដីនគរបាលរូបនោះ បាននិយាយថា ខ្លួនគ្រាន់តែរារាំង អ្នកមិនអនុវត្តច្បាប់ចរាចរណ៍ប៉ុណ្ណោះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី១០ ខែកញ្ញានេះថា ករណីខាងលើនេះ កើតឡើងដោយសារ ការបំពានច្បាប់ចរា ចរណ៍ របស់ប្រជាពលរដ្ឋ។ រីឯសមត្ថកិច្ច ដែលអនុវត្តច្បាប់ បានប្រើនូវកម្លាំងលើសលប់ ដែលនាំឲ្យមានការរំលោភបំពាន ទៅលើសិទ្ធិ របស់ប្រជាពលរដ្ឋ។ លោកថា ក្នុងករណីនេះ ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ អាចមានសិទ្ធិប្ដឹង ដើម្បីទាមទារសំណងជំងឺចិត្ត ការខូចខាត ឬក៏ការទទួលខុសត្រូវ ពីសំណាក់សមត្ថកិច្ច ដែលប្រើប្រាស់នូវកម្លាំងលើសលប់នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/003-5.jpg)
មន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា «អញ្ចឹងការទទួលខុសត្រូវនេះ អាចមានការទទួលខុសត្រូវ តាមផ្លូវច្បាប់ រួមទាំងការទទួលខុសត្រូវ ផ្នែករដ្ឋបាល ប្រសិនបើរកឃើញថា សមត្ថកិច្ចហ្នឹង បានប្រព្រឹត្តកំហុស ក្នុងការអនុវត្តច្បាប់ ដោយប្រើប្រាស់នូវ កម្លាំងលើសលប់មែន ហើយចំណែកប្រជាពលរដ្ឋ ដែលបំពានច្បាប់ចរាចរណ៍ ក៏ត្រូវទទួលខុសត្រូវ តាមប្បញ្ញត្តិនៃច្បាប់ចរាចរណ៍ ដែលមានជាធរមានផងដែរ»។
ជាមួយគ្នានេះលោក ជិន ម៉ាលីន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ ហើយសមត្ថកិច្ច ក៏ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវផងដែរ។ លោក មានប្រសាសន៍បន្ថែមថា «ហើយជាដំណោះស្រាយ ដើម្បីកុំឲ្យមានបញ្ហានេះ ទៅថ្ងៃខាងមុខទៀត គឺមានតែការចូលរួមអនុវត្តច្បាប់ ឲ្យបានខ្ជាប់ខ្ជួន ពីសំណាក់ប្រជាពលរដ្ឋយើងទេ ពាក់ព័ន្ធទៅនឹងច្បាប់ចរាចរណ៍នេះ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ហើយសុវត្ថិ ភាពរបស់ខ្លួនគាត់ផង ហើយសមត្ថកិច្ចហ្នឹង គឺថា ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវផងដែរ ចៀសវាងការប្រើនូវកម្លាំងលើសលប់ ក្នុងការអនុវត្តច្បាប់ ដែលអាចឈានទៅការបំពាន នូវសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយនាំឲ្យមានការទទួលខុសត្រូវ ជាយថាហេតុណាមួយ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?