ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ស្នើប្រទេសមេគង្គ-កូរ៉េទាំងអស់ ទទួលស្គាល់ប័ណ្ណចាក់វ៉ាក់សាំង សម្រាប់រៀបចំផែនការធ្វើដំណើរប្រកបដោយសុវត្ថិភាព
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យប្រទេសសមាជិកមេគង្គ-សាធារណរដ្ឋកូរ៉េទាំងអស់ ត្រូវរៀបចំផែនការធ្វើដំណើរប្រកបដោយសុវត្ថិភាព តាមរយៈការទទួលស្គាល់នូវប័ណ្ណចាក់វ៉ាក់សាំង និងធ្វើតេស្ត PCR ប្រកបដោយប្រសិទ្ធភាព នៅតាមព្រលានយន្តហោះ និងច្រកព្រំដែនទាំងអស់។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ បានពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលមានកន្លងមកនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ផ្អែកលើសសរស្ដម្ភទាំង៣ ដែលរួមមានប្រជាជនវិបុលភាព និងសន្តិភាព ព្រមទាំងវិស័យអាទិភាពទាំង៧ នៃសេចក្តីថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន៖ ទី១, វប្បធម៌ និងទេសចរណ៍ ទី២, ការអភិវឌ្ឍធនធានមនុស្ស ទី៣, កសិកម្ម និងអភិវឌ្ឍន៍ជនបទ ទី៤, ហេដ្ឋារចនាសម្ព័ន្ធ ទី៥, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ទី៦, បរិស្ថាន និងទី៧, បញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី។
រដ្ឋមន្ត្រីទាំងអស់បានបន្តការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលបន្ថែមទៀតនូវការដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងកិច្ចការអភិបាលកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការ ការចូលរួមរបស់វិស័យឯកជន និងការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្ម និងការផ្លាស់ប្តូរផ្នែកឌីជីថល នាពេលអនាគត នៅក្នុងអនុតំបន់មេគង្គ ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចបែបឌីជីថល ច្រកចេញ-ចូលជាតិតែមួយ ពាណិជ្ជកម្ម អេឡិចត្រូនិក សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត បណ្តាញប្រព័ន្ធ 5G ដែលធានាបាននូវសុវត្ថិភាព បញ្ញាសិប្បនិម្មិត និងទិន្នន័យធំ ដោយគិតគូរពិចារណាទៅលើជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមថ្មីៗនានាដែលកំពុងតែកើតមាន។
ជាមួយគ្នានោះ អង្គប្រជុំបានឯកភាពពន្យារ “ឆ្នាំផ្លាស់ប្តូរមេគង្គ-សាធារណរដ្ឋកូរ៉េ” ដល់ឆ្នាំ២០២២ ដើម្បីជំរុញឲ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមក តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗក្នុងចំណោមប្រទេសទាំង៦ ដោយរង់ចាំការអនុម័តពីប្រមុខដឹកនាំមេគង្គ-សាធារណរដ្ឋកូរ៉េ ក្នុងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េលើកទី៣។ លើសពីនេះ រដ្ឋមន្ត្រីនៃបណ្តាប្រទេសមេគង្គ-សាធារណរដ្ឋកូរ៉េ បានស្វាគមន៍ដោយក្តីសង្ឃឹមខ្ពស់ចំពោះវេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី៩ ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសកម្ពុជា នាអំឡុងពេលចុងឆ្នាំនេះ។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីតួនាទីសំខាន់ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងគោលនយោបាយឆ្ពោះទៅភាគខាងត្បូងបូកថ្មី ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងអនុតំបន់មេគង្គ។
តាមរយៈការប្តេជ្ញាចិត្តរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតម្រូវក្នុងការពន្លឿននូវដំណើរការចាក់វ៉ាក់សាំង ដោយប្រកាន់ភ្ជាប់គោលការណ៍បរិយាប័ន្ន និងមិនមានការរើសអើង។
ចំពោះការស្តារឡើងវិញនៃសេដ្ឋកិច្ចដំណាក់កាលដំបូងក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ លោកបានលើកឡើងថា “ប្រទេសសមាជិកទាំងអស់ត្រូវរៀបចំផែនការធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមរយៈការទទួលស្គាល់នូវប័ណ្ណចាក់វ៉ាក់សាំង បញ្ជរត្រួតពិនិត្យ និងធ្វើតេស្ត PCR ប្រកបដោយប្រសិទ្ធភាពនៅតាមព្រលានយន្តហោះ និងច្រកព្រំដែនទាំងអស់ និងប្រព័ន្ធតាមដាននិងត្រួតពិនិត្យបណ្តាញជំងឺកូវីដ-១៩”។
លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ គួរត្រៀមនូវផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតថ្នាក់តំបន់ដោយប្រុងប្រយ័ត្ន ដើម្បីធានាឱ្យបាននូវភាពធន់ និងនិរន្តរភាពនៃសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងរដ្ឋនិងឯកជន ការពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ការលើកកម្ពស់ការតភ្ជាប់ផ្នែកទន់និងរឹង ដើម្បីសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគ ថាមពលបៃតង និងការផ្លាស់ប្តូរផ្នែកឌីជីថល នៅក្នុងអនុតំបន់មេគង្គ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងអស់បានអនុម័តលើសេចក្តីប្រកាសសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ និងបានអនុម័តការអនុវត្តគម្រោងចំនួន៧ សម្រាប់ឆ្នាំ២០២១ ក្រោមមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ជុំទី៥ ទៅដល់បណ្តាប្រទេសមេគង្គ សាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានមេគង្គ (MI)។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ ជាមួយលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ពីបណ្ដាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង