ព័ត៌មានជាតិ
ស្វែងយល់ ពិធីខួបកំណើតបែបខ្មែរបុរាណ មាន ៦ ដំណាក់កាល ១២ ឆ្នាំទើបរៀបចំម្តង
ខេត្តបាត់ដំបង÷ មានពលរដ្ឋនិងមហាជនលើកឡើងជាចម្ងល់ បច្ចុប្បន្នហេតុអ្វីបានមិនប្រារព្វខួបកំណើតឱ្យកូនចៅតាមបែបទំនៀមទម្លាប់ខ្មែរបុរាណ?
បើតាមក្បួនខ្នាតដែលមានសេសសល់ពីបុរាណ ពិធីខួបកំណើតខ្មែរគេធ្វើឡើងដោយមិនប្រកាន់ក្មេងចាស់ប្រុសស្រីព្រះសង្ឃ និងព្រះរាជានោះទេគឺគ្រាន់តែការហៅខុសគ្នា និងពេលវេលានៃការប្រារព្ធធ្វើតែប៉ុណ្ណោះ។ ពិធីសម្រាប់ព្រះមហាក្សត្រនិងព្រះសង្ឃ គេហៅថាពិធីចម្រើនព្រះជន្ម តែសម្រាប់មនុស្សសាមញ្ញវិញគេហៅថាចម្រើនអាយុឬខួបកំណើតដូចបែបលោកខាងលិចដែរ គ្រាន់តែខុសគ្នារបៀបរៀបចំប៉ុណ្ណោះ។

កាលពីសម័យបុរាណពិធីនេះគេច្រើនប្រារព្ធធ្វើរវាង១២ឆ្នាំម្ដង គឺកំណត់យកតាមថ្ងៃខែឆ្នាំរបស់ម្ចាស់ពិធីតាមប្រតិទិនចន្ទគតិ(ប្រតិទិនពុទ្ធសាសនា) រហូតមកដល់សម័យក្រោយគេក៏ឃើញមានការផ្លាស់ប្ដូរពីធ្វើរវាង១២ឆ្នាំម្ដងមកនៅត្រឹមប្រារព្ធធ្វើមួយឆ្នាំម្ដងវិញទៅតាមធនធានរបស់អ្នកដែលចង់ធ្វើ។
លោកគឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានឲ្យដឹងថា ពិធីខួបកំណើតបែបប្រពៃណីខ្មែរ គេច្រើនធ្វើទៅលើមនុស្សវ័យចំណាស់ តាមបែបទំនៀមទម្លាប់បុរាណ។
ចាប់ផ្ដើមពិធីទី១ ដោយការនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះចង្រៃទាំងឡាយ ឲ្យចៀសចាកឆ្ងាយនិងនាំចូលមកវិញនូវសិរីសួស្ដីជ័យមង្គលអាយុយឺនយូរ និងកើតមានលាភសំណាងទាំងពួងដល់ម្ចាស់ពិធីនិងក្រុមគ្រួសារឡើងវិញ។
បន្ទាប់មកពិធីទី២ គឺពិធីសំពះម្ដាយដើមដែលសាមីពិធី ត្រូវសំពះនៅចំពោះមុខទៀនមួយគូ ហើយនៅក្នុងទៀននីមួយៗ ត្រូវតែមានសរសៃអំបោះចំនួន១២សរសៃ សម្រាប់ជាតំណាងឲ្យគុណម្ដាយទាំង១២របស់មនុស្ស។ ចំណែកពិធីទី៣គឺជាពិធីបង្វិលពពិល ហើយការបង្វិលពពិលក៏មានច្រើនបែបដូចជា បង្វិលពពិល៣ ជុំមានន័យថា មនុស្សយើងចូលមកចាប់បដិសន្ធិក្នុងផ្ទៃមាតា ត្រូវដើរក្រឡឹងចំនួន៣ជុំសិន និងបង្វិល៥ជុំគឺតំណាងឲ្យគុណព្រះពុទ្ធទាំង៥អង្គ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតានិងបិតា) ដោយក្នុងការបង្វិលពពិលនោះ គេមិនអនុញ្ញាតឲ្យបុរសចូលរួមបង្វិលទេ គឺមានតែស្ត្រីប៉ុណ្ណោះដែលអាចចូលអង្គុយបង្វិលបានទើបមានសេរីល្អ។ ចូលដល់ពិធីទី៤ គឺពិធីចងដៃ ឬចងព្រលឹងគឺគេយកអំបោះមកចងដៃ ដែលក្នុងអំបោះមួយខ្សែមានសរសៃអំបោះចំនួន១២ ដោយមានវេញបញ្ចូលគ្នាជាតំណាងឲ្យគុណម្ដាយទាំង១២ និងនៅចុងបញ្ចប់គឺពិធីស្រោចទឹកកម្ចាត់គ្រោះកាចចង្រៃជាកិច្ចបញ្ចប់នៃពិធីបុណ្យខួបកំណើត។
លោកបញ្ជាក់ថា មានពិធីខួបកំណើតបែបបុរាណខ្មែរខ្លះ បានប្រព្រឹត្តធ្វើរហូតដល់ទៅ៦ពិធី គឺមានពិធីសែនក្រុងពាលីមួយទៀត ប៉ុន្តែនេះជាពិធីធំមួយដែលត្រូវចំណាយទាំងពេលវេលា និងធនធានច្រើនដែលជាទូទៅ មានតែអ្នកមានឋានៈខ្ពង់ខ្ពស់និងព្រះសង្ឃជាដើម ដែលត្រូវធ្វើទៅបានតាមពិធីទី៦នេះ។

បើយោងតាមក្បូនបុរាណ ដែលពន្យល់តាមរយ:លោកអាចារ្យ ពិធីខួបកំណើតឬចម្រើនព្រះជន្មត្រូវបានបុរាណហៅមួយបែបទៀតថាគឺពិធីអាយុវឌ្ឍនៈមង្គល ដែលជាទូទៅគេរៀបចំធ្វើរៀងរាល់១២ឆ្នាំម្ដងគឺនៅអាយុ១២ឆ្នាំអាយុ២៤ឆ្នាំ និងអាយុ៣៦ឆ្នាំជាដើម។
នៅក្នុងធ្វើពិធីខូបកំណើតបែបបុរាណខ្មែរអ្នកចូលរួមក្នុងពិធីជាភ្ញៀវកិត្តិយសក្ដី ជាសាច់ញាតិក្ដី ត្រូវប្រសិទ្ធិពរជ័យសិរីមង្គលនិងស្រោចទឹកលាងជម្រះសេចក្ដីមន្ទិលសៅហ្មងទាំងឡាយ ដែលបានកើតមាននៅក្នុងឆ្នាំចាស់កន្លងមកឱ្យចាកឆ្ងាយ ហើយនាំយកអ្វីដែលមានសេរីល្អៗត្រឡប់មកវិញសម្រាប់ម្ចាស់វិធីនិងក្រុមគ្រួសារទាំងមូលផង៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?