ព័ត៌មានជាតិ
កម្ពុជាគ្រោងបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួច
កម្ពុជាគ្រោងនឹងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចនាពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិឡើងវិញក្រោយរងប៉ះពាក់ដោយសារវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងជំនួបពិភាក្សា និងជម្រាបលាជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំ តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ Video Conference កាលពីថ្ងៃទី១៣ ខែកញ្ញានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្ពុជាគ្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញតាមបែបគន្លងថ្មី ដោយចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួច ជាដើម។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានបន្តថា វិស័យអប់រំនេះកម្ពុជានឹងបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់នាពេលឆាប់ៗនេះ លើកលែងតែកម្រិតបឋមសិក្សា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការណ៍គ្រោងបើកដំណើរការសេដ្ឋកិច្ច អប់រំ ទេសចរណ៍នេះក្រោយកម្ពុជាបានចាក់វ៉ាក់សាំងបានជិតគ្រប់ផែនការ ដោយគិតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានប្រមាណជាង ៩៧% ធៀបនឹងគោលដៅចំនួន ១០ លាននាក់ និងកុមារអាយុចាប់ពី ១២ ឆ្នាំ រហូតដល់ក្រោម ១៨ ឆ្នាំ បានប្រមាណជាង ១,៧ លាននាក់ ធៀបនឹងគោលដៅ២លាននាក់។
នៅក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងពន្យាពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏សំណូមពរឱ្យធនាគារពិភពលោកជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជាគម្រោងអប់រំ អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើម ដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ-១៩។
លោកស្រី Victoria Kwakwa បានអបអរសារទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសលើចំណាត់ការដ៏រហ័សក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក៏ដូចជាការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងឡាយ។

លោកស្រីបានថ្លែងជំហរគាំទ្រទាំងស្រុងចំពោះសំណើដែលបានលើកឡើងដោយអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានសន្យាពាំនាំយកទៅពិភាក្សាឡើងវិញជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភពលោក ដើម្បីដោះស្រាយក៏ដូចជាផ្តាំផ្ញើរបន្តទៅលោកស្រី Manuela Ferro អនុប្រធានធនាគារពិភពលោកថ្មីដែលនឹងចូលជំនួសដើម្បីរកមធ្យោបាយឱ្យកម្ពុជាមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកំចីដែលមានកម្រិតសម្បទាខ្ពស់។
គួរបញ្ជាក់ថា តាមក្រសួងទេសចរណ៍ក្នុងរយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ប្រមាណ៥ម៉ឺននាក់ ធ្លាក់ចុះ ៩២.៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០កន្លងទៅ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ