ព័ត៌មានជាតិ
អច្ឆរិយខេត្តកំពត ប្រាសាទបុរាណ ៣ កន្លែង លាក់ខ្លួនក្នុងរូងភ្នំ កម្រភ្ញៀវទៅដល់
មានភ្នំ មានសមុទ្រ និងធម្មជាតិស្រស់បំព្រង នេះជាសក្តានុពលខេត្តកំពត។ ក្រៅពីសម្បត្តិធម្មជាតិច្រើនអនេក ខេត្តកំពតនៅសេសសល់សំណង់ប្រាសាទបុរាណមួយចំនួនទៀត បើទោះបីមិនច្រើនដូចខេត្តមួយចំនួនទៀតក្តី។
បើតាមលោកមាឃ វុទ្ធី ប្រធានការិយាល័យបេតិកភណ្ឌខេត្តកំពតបានប្រាប់គេហទំព័រកម្ពុជាថ្មីថា ខេត្តកំពតនៅសេសសល់ប្រាសាទបុរាណតិចតួចណាស់។ ប្រាសាទនៅសល់រូបរាងមានចំនួន ៤ សុទ្ធតែមានអាយុកាលរាប់ពាន់ឆ្នាំ។
បើតាមមន្រ្តីវប្បធម៌រូបនេះ លក្ខណៈសម្បត្តិពិសេសរបស់ប្រាសាទបុរាណក្នុងខេត្តកំពត ក្នុងចំណោមប្រាសាទសេសសល់នៅរូបរាងចំនួន ៤ មានប្រាសាទ ៣ ត្រូវបានសាងសង់ក្នុងល្អាងភ្នំ ខុសពីប្រាសាទនៅតាមខេត្តនិងតំបន់ដទៃទៀត។
ប្រាសាទភ្នំឈ្ងោកលក្ខណ:ពិសេសត្រង់ថា ប្រាសាទនេះត្រូវបានកសាងឡើងដោយឥដ្ឋនៅក្នុងរូងភ្នំ ស្ថិតនៅខ្ពស់ពីដីយ៉ាងហោចណាស់ក៏៤០ម៉ែត្រដែរ។ ប្រាសាទភ្នំឈ្ងោកស្ថិតនៅចម្ងាយប្រហែល ៨គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើតាមផ្លូវជាតិលេខ៣៣ ទៅខេត្តកែប និងមានចម្ងាយ២៧ គីឡូម៉ែត្រតាមផ្លូវជាតិលេខ៣។
លោកបញ្ជាក់ថា បើតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទូ ភ្នំឈ្ងោកមានគុហាសរុប១២១ គុហា ក្នុងនោះមានគុហាធំៗចំនួន៨ និងគុហាតូចៗចំនួន១១៣។ នៅពេលដែលឈានជើងចូលក្នុងប្រាសាទឥដ្ឋនេះ នឹងប្រទះឃើញលិង្គថ្មធម្មជាតិមួយដុះចេញពីបាតភ្នំ ស្ថិតនៅចំកណ្តាលប្រាសាទ។ លក្ខណៈពិសេសនេះហើយ ធ្វើឱ្យប្រាសាទនេះមានមហិទ្ធិឬទ្ធិ និងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអតីតកាល និងជាបូជនីយដ្ឋានយ៉ាងសំខាន់ក្នុងសម័យដើមដែលជនជាតិខ្មែរនៅកាន់ព្រហ្មញ្ញសាសនា។
ប្រាសាទមួយទៀតសាងសង់នៅរូងភ្នំដែរគឺប្រាសាទភ្នំខ្យង។ ប្រាសាទភ្នំខ្យងជាប្រាសាទតូចមួយ សាងសង់ឡើងតាំងពីចុងសតវត្សរ៍ទី៦ និងដើមសតវត្សរ៍ទី៧ មកម៉្លេះ គឺមុនសម័យអង្គរទៅទៀត។ ប្រាសាទភ្នំខ្យងកម្រមានគេដឹង ហើយក៏គ្មានភ្ញៀវហ៊ានចូលមើល លុះត្រាមានអ្នកស្រុកភូមិនាំចូលទៅ។
ចំណែកប្រាសាទគុហាព្រះ ឬប្រាសាទភ្នំទទុង ក៏សាងសង់នៅក្នុងរូងភ្នំ សង់បែរមុខទៅទិសខាងលិច ដែលមានប្រាង្គធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀម ហើយស៊ុមទ្វារធ្វើពីថ្មថ្លើម អណ្តើក។ នៅខាងមុខប្រាសាទនេះមានលិង្គធម្មជាតិដូចប្រាសាទ ភ្នំឈ្ងោក និងភ្នំខ្យងដែរ និងមានទរបង្ហូរទឹកនៅជ្រុងខាងជើង។
មានសិលាចារឹកមួយឈ្មោះគុហាព្រះ (បច្ចុប្បន្នបានបាត់ទៅហើយ) ដែលតាមលក្ខណៈអក្សរនៃសិលាចារឹកចារឡើង ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ នាសតវត្សទី៩ ជាទ្វេភាសាគឺ ខ្មែរបុរាណ និងសំស្ក្រឹត។ បើយោងតាមសំណង់ប្រាសាទនៅក្នុងរូងភ្នំទទុង ប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងស.វ ទី៧ នៃគ.ស ក្រោមរជ្ជកាលនៃព្រះបាទឦសានវរ្ម័នទី១ នា សម័យចេនឡាដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ (ព្រះឥសូរ)។
ប្រាសាទនៅសល់រូបរាងចុងក្រោយគឺប្រាសាទវត្តប្រាសាទ។ ប្រាសាទវត្តប្រាសាទ ជាសំណង់ព្រហ្មញ្ញសាសនា។ ប្រាសាទវត្តប្រាសាទកសាងឡើងក្នុងសតវត្សន៍ទី ១១ ដោយព្រះបាទសូរ្យវរ្ម័នទី ១ ដែលមានអាយុកាលប្រហែល ១០០ ឆ្នាំមកហើយ។
ប្រាសាទវត្តប្រាសាទ មានតួប៉មមួយរាងបួនជ្រុង ធ្វើពីថ្មបាយក្រៀម ប្រវែង ៧ម៉ែត្រ និងមានកំពស់ពី៧ ទៅ ៨ ម៉ែត្រ បែរមុខទៅទិសខាងកើត គឺបែរមុខពីចំហៀងខាងក្រោយនៃព្រះវិហារ។ ប្រាសាទកំពុងទទួលរងការទ្រុឌទ្រោម ដោយសារមានឬសឈើមួយដើមដុះនៅខាងក្នុងតួប្រាសាទ អាចបណ្តាលឲ្យជញ្ជាំងប្រាសាទដួលរលំនៅថ្ងៃណាមួយមិនខាន។
ក្រៅពីប្រាសាទដែលនៅសេសសល់រូបរាងទាំង ៤ បើតាមមន្រ្តីផ្នែកបេតិកភណ្ឌ លោក មាឃ វុទ្ធី ខេត្តកំពតនៅសល់ប្រាសាទដែលបាក់បែកគ្មានរូបរាងមួយចំនួនទៀតដូចជា៖
-ប្រាសាទភ្នំនាងសេដាឱន នៅស្រុកទឹកឈូ
-ប្រាសាទភ្នំប្រាសាទ នៅស្រុកកំពង់ត្រាច
-ប្រាសាទព្រះឱង្កា នៅស្រុកអង្គរជ័យ
-ប្រាសាទភ្នំថ្មពួក នៅស្រុកឈូក
-គ្រឹះប្រាសាទរូងភ្នំផ្អាវ នៅស្រុកកំពង់ត្រាច
-គ្រឹះប្រាសាទរូបភ្នំដំរី នៅស្រុកកំពង់ត្រាច
ក្រៅពីនេះនៅមានស្ថានីយបុរេប្រវត្តិ ២ កន្លែង គឺស្ថានីយភ្នំល្អាង និងភ្នំក្បាលរមាស៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ