ព័ត៌មានជាតិ
ទូតអាមេរិកថា ចាប់តាំងពីពេលផ្ទុះកូវីដដំបូង កម្ពុជាឈានមុខគេ ក្នុងការរៀបចំខ្លួនបានមុនប្រទេសនានាក្នុងតំបន់ ដើម្បីទប់ស្កាត់ជំងឺនេះ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញស្ដីពី ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងជំងឺកូវី១៩ នៅប្រទេសកម្ពុជា នាថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានថ្លែងថា ចាប់តាំងពីពេលផ្ទុះកូវីដដំបូង ប្រទេសកម្ពុជា ជាប្រេសមួយឈានមុខគេ ក្នុងការរៀបចំខ្លួន ដើម្បីទប់ស្កាត់ជំងឺនេះ ហើយដំណោះស្រាយជាយូរអង្វែង ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ គឺការចាក់វ៉ាក់សាំង ដែលកម្ពុជាកំពុងធ្វើ បានល្អណាស់។

លោក W.Patrick Murphy ថ្លែងថា ៣០ឆ្នាំ នៃមូលដ្ឋានកិច្ចសហប្រតិបត្តិការ សហរដ្ឋអាមេរិក បានធ្វើការសហការជាមួយប្រទេសកម្ពុជា ក្នុងវិស័យសុខភាពសាធារណៈ ក្នុងនោះ មានដូចជា ការលើកកម្ពស់សុខុមាលភាពពលរដ្ឋ លើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយអត្រាស្លាប់មាតា និងទារក ជំងឺក្រិន និងមានវឌ្ឍនភាពសំខាន់ ក្នុងការប្រយុទ្ធជំងឺអេដស៍ គ្រុនចាញ់ របេង និងផ្សេងៗទៀត។ លោកជឿជាក់ថា កម្ពុជា នឹងលុបបំបាត់បាននូវជំងឺទាំងនោះ ទាំងស្រុង ក្រោមកិច្ចសហការជាបន្តបន្ទាប់ទៀត។
ទាក់ទងការប្រយុទ្ធប្រឆាំងជំងឺកូវី១៩ លោក W. Patrick Murphy អះអាងថា ”ក្រសួងសុខាភិបាលកម្ពុជា បានរៀបចំបានល្អ គួរឱ្យកត់សម្គាល់ នូវការត្រៀមខ្លួនទប់ស្កាត់នូវការផ្ទុះនៃជំងឺកូវីដ១៩។ តាំងពីពេលផ្ទុះកូវីដដំបូង កម្ពុជាជាប្រទេសឈានមុខគេ ក្នុងការរៀបចំខ្លួនបានមុន ប្រទេសនានាក្នុងតំបន់ ដើម្បីទប់ស្កាត់ជំងឺនេះ។ សហរដ្ឋអាមេរិក មកទល់ពេលនេះ បានផ្តល់ជំនួយផ្ទាល់ដល់ប្រទេសកម្ពុជា ក្នុងការឆ្លើយតបការប្រយុទ្ធប្រឆាំងជំងឺកូវីដ ដែលមានជំនួយ ជាង១៥ លានដុល្លារ រាប់ចាប់តាំងពីការផ្ទុះលើកដំបូង ដែលនេះយើងបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក USAID មានដូចជាសម្ភារៈ អប់រំលើការបង្ការហានិភ័យ ការផ្សាភ្ជាប់ជាមួយសហគមន៍ ការការពារ និងទប់ស្កាត់ការឆ្លង ប្រព័ន្ធមន្ទីរពិសោធន៍ជាដើម”។

បើតាមលោក Patrick Murphy ជំនួយទាំងនេះ រួមបញ្ចូលទាំង ការផ្តល់ជំនួយ៤ លានដុល្លារ កាលពីពេលថ្មីៗនេះ តាមរយៈកម្មវិធីផែនការជួយសង្គ្រោះរបស់សហរដ្ឋអាមេរិក ដែលជំនួយនេះ នឹងត្រូវអនុវត្តដោយ WHO និង UNICEF ។ នេះជាជួយដល់ការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់ពលរដ្ឋដែលមានសិទ្ធិចាក់វ៉ាក់សាំង ផ្តល់ការអន្តរាគមន៍ លើផ្នែកសុខភាពសាធារណៈ ទាក់ទងនឹងកូវីដ១៩ និងពង្រឹងនូវមន្ទីរពិសោធន៍។ លោកថា ជំនួយរបស់អាមេរិកកន្លងៗមក មានដូចជាជំនួយក្នុងការដោះស្រាយផលប៉ះពាល់លើសង្គម សេដ្ឋកិច្ចពីជំងឺកូវីដ១៩។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា “ទាំងសហរដ្ឋអាមេរិក និងកម្ពុជា សុទ្ធតែជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចពីជំងឺកូវីដ១៩ ដូច្នេះជំនួយរបស់អាមេរិកកន្លងមក សុទ្ធតែជួយដល់អ្នកដែលងាយរងគ្រោះជាងគេបំផុត។ ដំណោះស្រាយជាយូរអង្វែង ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ គឺពិតណាស់ ការចាក់វ៉ាក់សាំងដែលកម្ពុជា កំពុងធ្វើបានល្អណាស់”។

លោក Patrick Murphy អះអាងថា សហរដ្ឋអាមេរិក ជាអ្នកធ្វើវិភាគទាន វ៉ាក់សាំងធំជាងគេបំផុត ដល់មជ្ឈមណ្ឌលកូវ៉ាក់ ក្នុងពិភពលោក។ អាមេរិកបានសន្យាផ្តល់ជំនួយ៤ ពាន់លានដុល្លារ ដែលជំនួយនេះ នឹងជូនប្រទេសណាដែលត្រូវការបំផុត ហើយជាការប្រពៃណាស់ ដែលកម្ពុជា ទទួលបានវ៉ាក់សាំងតាមយន្តការមួយនេះ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត