ព័ត៌មានជាតិ
បើកសាលារៀនព្រមគ្នានៅព្រឹកនេះ រឹតបន្តឹងតាំងពីច្រកចូល ដល់ខាងក្នុងសាលា
ភ្នំពេញ៖ រាជធានីខេត្តចំនួន៤ បានបើកដំណើរការសាលារៀនឡើងវិញព្រមៗគ្នា នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះ ដោយប្រកាន់ខ្ជប់នូវស្តង់ដារអនាម័យ(SOP)របស់ក្រសួងអប់រំយុវជននិងកីឡា។
រាជធានីខេត្តទាំងនោះរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាលប៉ៃលិន និងខេត្តពោធិសាត់ ខណៈខេត្តកំពង់ចាមនឹងបើកនៅថ្ងៃទី២០កញ្ញា និងខេត្តព្រះសីហនុបានបើករួចហើយកាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១កន្លងទៅ។
ចំណែកខេត្តផ្សេងៗទៀតនៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេដោយសារសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩។
គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញនៅព្រឹកនេះមានចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩,៥៧៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់។
នៅក្នុងសេចក្ដីណែនាំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចុះថ្ងៃទី១៣កញ្ញានេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា អ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនពេលចូលគ្រឹះស្ថានសិក្សា។
លោករដ្ឋមន្ត្រីបន្តថា អ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩. មិនគួរអនុញ្ញាតឱ្យចូល ក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬ ការរៀនតាមបណ្តុំ ប៉ុន្តែត្រូវបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញ ចំពោះអ្នកសិក្សា និងបុគ្គលិកអប់រំដែលមានជំងឺប្រចាំកាយ ឬអាយុច្រើន គួរអនុញ្ញាតឱ្យបង្រៀន និង រៀនតាមប្រព័ន្ធអនឡាញ។ .
លោករដ្ឋមន្ត្រីបានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវរៀបចំផែនការធ្វើតេស្តរហ័សតាមបែបជម្រើសដោយចៃដន្យ ដែលមានលក្ខណៈជាវដ្ត និង សមស្របនឹងហានិភ័យស្ថាប័ន ឬ អង្គភាព និងប្រព្រឹត្តទៅជាប្រចាំលើអ្នកសិក្សា និងបុគ្គលិកអប់រំ ចំនួនយ៉ាងតិច ៥% ទៅ ១០% នៃបុគ្គលិកអប់រំក្នុងស្ថាប័ន ឬ អង្គភាព(ដោយក្នុងសំណាកនីមួយៗ ត្រូវមានបុគ្គលិកដែលមានទីតាំងលំនៅដ្ឋានក្នុងតំបន់ខុសៗគ្នា)។
លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកសិក្សា និងបុគ្គលិកអប់រំទាំងអស់ គួរយកចំណីអាហារ និងទឹកពីផ្ទះរៀងៗខ្លួនដើម្បីទទួលទាន នៅតាមគ្រឹះស្ថានសិក្សា និងមិនត្រូវចែកម្ហូបអាហារគ្នា អង្គុយជិតគ្នាពេលបរិភោគ ដើម្បីរក្សាកម្លាត សុវត្ថិភាព ផ្អាកការលក់ចំណីអាហារនៅខាងក្នុងនិងខាងក្រៅជាប់គ្រឹះស្ថានសិក្សា រហូតមានការណែនាំជាថ្មី។ក្នុងករណីដែលមានការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដែលមានស្តង់ដាសុវត្ថិភាពខ្ពស់គ្រឹះស្ថានសិក្សាអាចពិចារណាអនុវត្តបានដោយមានការយល់ព្រមជាមុនពីអាជ្ញាធរអប់រំឬស្ថាប័នមានសមត្ថកិច្ច៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់