ព័ត៌មានជាតិ
កិច្ចសម្ភាសពិសេស ប្រធានមន្ទីរអប់រំ រាជធានី ពីលទ្ធផល និងដំណើរការបើកគ្រឹះស្ថានសិក្សាឡើងវិញ
គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមវិធានការសុខាភិបាល។ ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈ ឬសាលារៀនរដ្ឋបើកឡើងវិញមានជាង៩០% ចំណែកគ្រឹះស្ថានសិក្សាឯកជនមានជាង៥០%។ ប៉ុន្តែគ្រឹះស្ថានសិក្សាដែលបើកឡើងវិញទាំងនោះ មានតែ១៨% ប៉ុណ្ណោះ បើគិតក្នុងចំណោមគ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជនសរុបនៅរាជធានីភ្នំពេញ ដែលរាប់ចាប់ពីកម្រិតមតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

“កម្ពុជាថ្មី” នៅរសៀលនេះ បានទទួលសិទ្ធិក្នុងការធ្វើសម្ភាសតាមទូរស័ព្ទពី លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ស្ដីពីលទ្ធផល និងដំណើរនៃការបើកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនឡើងវិញ ដែលមានខ្លឹមសារដូចខាងក្រោម។
កម្ពុជាថ្មី៖ តើមានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចំនួនប៉ុន្មានដែលចាប់បើកដំណើរការពីថ្ងៃនេះ?
លោក ហែម ស៊ីណារ៉េត៖ បាទប្អូន ព្រឹកនេះយើងដាក់ដំណើរការឡើងវិញនូវ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ។ ប៉ុន្តែតាមការវាយតម្លៃ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតជាដំណាក់ៗ ដោយជំហានដំបូងផ្ដល់ដល់កម្រិតមធ្យមសិក្សាចាប់ពីថ្នាក់ទី៧ ដល់ទី១២។ គ្រឹះស្ថានសិក្សាសាធារណៈដែលដាក់ឱ្យដំណើរការនៅថ្ងៃនេះមានចំនួន៦២ លើ៦៨សាលា (ជាង៩០ភាគរយ) ចំណែកគ្រឹះស្ថានសិក្សាឯកជន មានចំនួន៨០ លើ១៥៩សាលា (ជាង៥០ភាគរយ)។ តែបើគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនចាប់ពីកម្រិតមតេយ្យ បឋម ដល់វិទ្យាល័យ ចំនួនគ្រឹះស្ថានសិក្សាដែលបានបើកនោះ គឺមានចំនួនតែ ១៨ភាគរយទេ។

កម្ពុជាថ្មី៖ តើនឹងមានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនប៉ុន្មានទៀត ដែលគ្រោងនឹងបើកដំណើរការជាបន្ត?
លោក ហែម ស៊ីណារ៉េត៖ ជាគោលការណ៍ គឺរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីសម្រេចបង្កើតក្រុមការងារថ្នាក់រាជធានី និងគ្រប់ខណ្ឌទាំង១៤ ដើម្បីពិនិត្យវាយតម្លៃ និងអនុញ្ញាតគ្រឹះស្ថានសិក្សាដំណើរការឡើងវិញក្នុងកំឡុងវិបត្តិកូវីដ-១៩នេះ។ ក្រុមវាយតម្លៃថ្នាក់ខណ្ឌមានភារកិច្ចចុះពិនិត្យ និងវាយតម្លៃការស្នើសុំបើកគ្រឹះស្ថានសិក្សាទាំងនេះ។ អ៊ីចឹងឃើញខណ្ឌមួយចំនួន មានសាលារៀនឯកជនចំនួនបានបើកឡើងវិញ និងនៅមួយចំនួនទៀត។ អ៊ីចឹងក្រុមការងារ មានលទ្ធភាពតាមដានពិនិត្យ និងអនុញ្ញាតតាមការស្នើសុំបើកបន្តតាមស្ថានភាពជាក់ស្ដែងនៃការគោរពបានតាមវិធានការសុវត្ថិភាព។ យើងពិនិត្យ និងអនុញ្ញាតសម្រាប់តែមធ្យមសិក្សា ដោយឡែកចំពោះកម្រិតមតេយ្យ និងបឋមសិក្សា គឺនៅមិនទាន់ទេ។

កម្ពុជាថ្មី៖ តើគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនដែលបើកឡើងវិញនេះ គឺបើកគ្រប់កម្រិតថ្នាក់ពីថ្នាក់ទី៧ ដល់ទី១២ ឬយ៉ាងណា?
លោក ហែម ស៊ីណារ៉េត៖ ជាគោលការណ៍នៃកិច្ចប្រជុំរួម គឺអនុញ្ញាតឱ្យបើកគ្រឹះស្ថានសិក្សាកម្រិតពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ប៉ុន្តែតាមគ្រឹះស្ថានសិក្សាសាធារណៈដ៏ច្រើនលើសលប់ គឺបើកតែថ្នាក់ទី៩ និងទី១២សិនទេ។ ទី១ ដោយសារការបើកសាលាឡើងវិញនេះ គាត់ក៏មានការប្រុងប្រយ័ត្ន និងព្រួយបារម្ភដែរ បើទោះជាលោកគ្រូអ្នកគ្រូចាក់វ៉ាក់សាំងច្រើនលើសលប់រហូតដល់ជាង៩៨ភាគរយ ហើយសិស្សានុសិស្សភាគច្រើនក៏បានទទួលចាក់វ៉ាក់សាំងហើយក្ដី ប៉ុន្តែយើងនៅតែមានការព្រួយបារម្ភ។ អ៊ីចឹងយើងនឹងពិនិត្យតាមដានជាបន្តទៀត តើដំណើរការល្អ ឬយ៉ាងណានោះ យើងនឹងពិចារណាពិនិត្យតាមលទ្ធភាពបន្តទៀតក្នុងការបន្ថែមកម្រិតថ្នាក់សិក្សា។

កម្ពុជាថ្មី៖ ក្នុងទិដ្ឋភាពទូទៅនៃថ្ងៃបើកគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនឡើងវិញថ្ងៃនេះ តើលោកសង្កេតឃើញ និងចាប់អារម្មណ៍ដូចម្ដេច?
លោក ហែម ស៊ីណារ៉េត៖ តាមរយៈការចុះវាយតម្លៃ ដោយថ្ងៃនេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានចុះពិនិត្យតាមគ្រឹះស្ថានសិក្សាក្នុងនោះមាន វិទ្យាល័យ ស៊ីសុវត្ថិ អនុវិទ្យាល័យ ចតុមុខ និង សាលារៀនឯកជនមួយ។ យើងឃើញថា ជារួមមានការរៀបចំបានល្អប្រសើរ ដូចជានៅតាមច្រកចេញចូលមានកម្លាំងរៀបចំសណ្ដាប់ធ្នាប់កុំឱ្យមានការកកស្ទះ ហើយមានឧបករណ៍វាស់កម្ដៅ ជែលអាល់កុល ទី២តាមថ្នាក់រៀននីមួយៗមានរៀបចំអាចមានសិស្សត្រឹម១៥នាក់ ឬក្រោម១៥នាក់តាមការណែនាំរបស់ក្រសួង។ ទី៣ តាមបណ្ដាំផ្ញើរបស់ អភិបាលរាជធានី លោកបានស្នើគ្រឹះស្ថានសិក្សាទាំងអស់ផ្សព្វផ្សាយ និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងអប់រំ និងតាមលិខិតណែនាំរបស់រដ្ឋបាលរាជធានី ស្ដីពីការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន។

កម្ពុជាថ្មី៖ ក្នុងការបើកគ្រឹះស្ថានសិក្សាឡើងវិញនេះ ចំពោះចំនួនថ្ងៃ និងកម្មវិធីសិក្សា តើនៅរក្សា ឬកែសម្រួលដូចម្ដេច?
លោក ហែម ស៊ីណារ៉េត៖ ទាក់ទងកម្មវិធីសិក្សាគឺបានកាត់បន្ថយ ពោលគឺសិស្សានុសិស្សដែលបែងចែកឱ្យសិក្សា១ថ្នាក់ត្រឹម១៥នាក់នោះ មិនអាចមកសិក្សានៅសាលាផ្ទាល់ទាំង៦ថ្ងៃក្នុង១សប្ដាហ៍ដូចពីមុនទេ គឺមកឆ្លាស់ថ្ងៃគ្នា រៀននៅសាលា១ថ្ងៃ រៀននៅផ្ទះ១ថ្ងៃ គឺអាច១សប្ដាហ៍មកសិក្សាពី៣ថ្ងៃ ឬ២ថ្ងៃ លើមុខវិជ្ជាគោលសំខាន់ៗ។ ឧទាហរណ៍ថា ពីមុនសិស្ស១ថ្នាក់៣០នាក់ អ៊ីចឹង គឺបែងចែកជា២ថ្នាក់ ហើយបើមានគ្នាជាង៤០នាក់ គឺបែងចែកជា៣ថ្នាក់។ គឺបើក្រុម១ថ្ងៃ គាត់រៀននៅសាល៣ថ្ងៃក្នុង១សប្ដាហ៍ ៣ថ្ងៃទៀតគាត់រៀនតាមអនឡាញ និងតាមឯកសាររបស់លោកគ្រូអ្នកគ្រូចែកឱ្យសិក្សានៅផ្ទះ ហើយក្រុមផ្សេងទៀតគឺមករៀនឆ្លាស់វេនគ្នាអ៊ីចឹងដែរទៅ។ យ៉ាងណា ក្នុង១សប្ដាហ៍សិស្សអាចមកសាលាយ៉ាងតិចក៏២ថ្ងៃដែរ ដែលប្រសើរជាងពួកគាត់មិនបានមកជួបគ្រូសោះ ព្រោះការរៀនពីចម្ងាយតាមអនឡាញនៅផ្ទះនេះ ក៏មានផលប៉ះពាល់មួយចំនួនដូចជាបញ្ហាសេវាអ៊ិនធឺណេត ដែលមិនស្រួលដូចការរៀនផ្ទាល់។

កម្ពុជាថ្មី៖ ជាចុងក្រោយ តើលោកមានបណ្ដាំផ្ញើ ឬអនុសាសន៍អ្វីខ្លះ?
លោក ហែម ស៊ីណារ៉េត៖ យើងគិតថា ជំងឺកូវីដ-១៩នេះ មិនដឹងពេលណាចប់ទេ ហើយបើយើងរង់ចាំ គឺអាចរាំងស្ទះនូវដំណើការមួយចំនួន។ អ៊ីចឹង តាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្រសួងអប់រំ និងរដ្ឋបាលខេត្តរាជធានីនោះ គឺយើងរៀនរស់ជាមួយកូវីដ មានន័យថា យើងបំពេញភារកិច្ចស្នូលរៀងៗខ្លួនផង យើងចូលរួមអនុវត្តវិធានការការពារផង ដូចជាការអនុវត្តវិធានការ ៣ការពារ៣កុំ និងចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ការបើកសាលានៅរាជធានីភ្នំពេញឡើងវិញនេះ បានធ្វើឡើងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ខណៈដែលស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ដោយឡែក ចំពោះគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននីមួយៗ មិនទាន់អនុញ្ញាតឱ្យបើកដំណើរការ នៅពេលនេះនៅឡើយទេ ដោយសាលាទាំងនោះត្រូវស្នើសុំគោលការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញ រីឯគ្រឹះស្ថានសិក្សាសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃអំពីកម្រិតហានិភ័យទៅតាមស្ថានភាព ជាក់ស្ដែងមុននឹងសម្រេចអនុញ្ញាត ឬ ត្រូវរក្សាស្ថានភាពដដែល។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសឹក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
គោលការណ៍សំខាន់ៗ នៃការអនុញ្ញាតឱ្យបើកសាលាឡើងវិញ តម្រូវឱ្យអនុវត្តដូចជា៖ កំណត់ថ្នាក់រៀនឱ្យសិស្សច្រើនបំផុត១៥នាក់ ការពាក់ម៉ាស់ រក្សាគម្លាត សម្អាត-បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ វាស់កំដៅ បាញ់អាល់កុល មិនឱ្យយកអាហារចូល និងលេងជុំគ្នាជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?