Connect with us

ព័ត៌មានជាតិ

អង្គការសម្ព័ន្ធមិត្ត សត្វព្រៃ ផ្តល់អណ្តូងទឹកដើរដោយថាមពលសូឡាចំនួន ៤៣ កន្លែង ជូនពលរដ្ឋ ស្រុកថ្មបាំង

បានផុស

នៅ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជួយសាងសង់អណ្តូងទឹកប្រើដោយថាមពលព្រះអាទិត្យ ចំនួន ៤៣ កន្លែង សម្រាប់ផ្តល់ជូនសហគមន៍ក្រីក្រ ចំនួន១១ភូមិ នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលពុំមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្ពោធប្រគល់អណ្តូងទឹកថ្មីទំនើបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍​សហគមន៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។

លោក ទូច សុផានី តំណាងកញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា អណ្តូងទឹកដើរដោយថាមពលសូឡាទំនើបមិនធ្លាប់មាននេះ ស្ថិតនៅក្នុងរេដបូក តំបន់ជួរភ្នំក្រវាញខាងត្បូង ដែលលក់ឥណទាន កាបូនទៅឱ្យក្រុមហ៊ុនធំៗ។

ជំនួសមុខកញ្ញា ស៊ូវណ្ណា ហ្គោនឡែត គឺលោក ទូច សុផានី បញ្ជាក់ទៀតថា រូបលោកពិតជារីករាយជាអនេកដែលបាននាំយកទឹកស្អាតមកកាន់ភូមិដាច់ស្រយាល ដោយអ្នកភូមិទាំងនេះ បានរស់នៅក្នុងស្ថានភាពក្រីក្រលំបាកអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដោយពុំមានទឹកស្អាត ប្រើប្រាស់។

កន្លងមក ក្រសួងបរិស្ថាន ក៏ដូចជា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍យុទ្ធសាស្ត្រកាបូនព្រៃឈើនេះ ហើយបច្ចុប្បន្ននេះយើង កំពុងទទួលបានផ្លែផ្កា និងកំពុងនាំមកនូវហិរញ្ញប្បទាន ប្រកបដោយចីរភាពដល់សហគមន៍ក្នុងតំបន់ជួរភ្នំក្រវាញ។

លោកនាយឧត្តមសេនីយ៍ យន្ត មីន និងលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង សុទ្ធតែបានចាត់ទុកសមិទ្ធផលនេះថា ពិតជាបំពេញសេចក្តីត្រូវការចាំបាច់បំផុត សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកថ្មបាំង គ្រាពួកគេពុំមានលទ្ធភាពធ្វើអណ្តូងទឹក ឬយកដឹកជញ្ចូនទឹកនៅតាមស្ទឹងឆ្ងាយពីផ្ទះដែលទឹកទាំងនោះ មិនប្រាកដថាមានសុវត្ថិភាពសម្រាប់បរិភោគទៀតផង។

រដ្ឋលេខាធិការក្រសួងការពារជាតិ និងរដ្ឋបាលខេត្តកោះកុង កោតសរសើរពីកិច្ចប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់អំពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្រោមការគាំទ្រនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងដែលលក់ឥណទានកាបូន។

ដោយឡែក លោក ផង់ សុផាន់ណា មេឃុំឬស្សីជ្រុំ អះអាងថា ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នឹងកាន់តែរីកចម្រើនល្អប្រសើរ តាមរយៈទទួលបានអណ្តូងទឹកស្អាត ប្រើដោយថាមពលព្រះអាទិត្យជាច្រើនកន្លែងនេះ។

លោកមេឃុំឬស្សីជ្រុំ បន្ថែមថា កន្លងទៅប្រជាពលរដ្ឋងាយប្រឈមនឹងបញ្ហាសុខភាពឈឺជំងឺផ្សេងព្រោះតែការបរិភោគទឹកមិនស្អាតល្អ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ត្រូវចំណាយពេលវេលាទៅដឹកជញ្ចូនទឹកនៅតាមបឹងព្រែកស្ទឹងដែលឆ្ងាយពីផ្ទះ ខ្លះត្រូវចំណាយថវិកាទិញទឹកតាមរថយន្តដែលដឹកលក់តាមខ្នងជាដើម។

លោករំពឹងថា នឹងទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតក្រោមការឧបត្ថម្ភគាំទ្រពីអង្គការសម្ព័ន្ធសត្វព្រៃ៕អត្តបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម