Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មស្នើប្រធានធនាគារពិភពលោកថ្មីជួយគាំទ្រគម្រោងសំខាន់ៗចំនួន៣

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានស្នើ​នាយក​គ្រប់គ្រង​ធនាគារពិភពលោក​ថ្មី​ ប្រចាំ​កម្ពុជា ​ធ្វើការ​ពិនិត្យ​ពិចារណា​គាំទ្រ​លើ​គម្រោង​សំខាន់ៗ​ចំនួន​៣​ដើ​ម្បី​ដើរ​ឲ្យ​ទាន់​ស្ថានការណ៍​វិវត្តន៍​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គមជាពិសេស​ក្នុង​និង​ក្រោយ​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺឆ្លងកូ​វីដ​-១៩​។​

ការស្នើសុំ​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥​ ខែកញ្ញា ​ឆ្នាំ​២០២១ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Maryam Salimបន្ទាប់ពី​លោកស្រី​ត្រូវបានតែងតាំង​ជា​នាយក​គ្រប់គ្រង​ធនាគារពិភពលោក​ថ្មី​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ទីស្តីការក្រសួង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ​​ បាន​មានប្រសាសន៍ថា ​សំណើរ​គម្រោង​ចំនួន​៣​សំខាន់ៗ​នោះ​រួមមាន​ទី​១-ការគាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែការពង្រឹង​ផលិតភាព​ផលិតកម្ម​បន្លែ​នៅ​ទូទាំងប្រទេស និង​ដោយឡែក​ក្នុង​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ ដើម្បី​ធានា​បរិមាណ​ផ្គត់​ផ្គង់ គុណភាព សុវត្ថិភាព និង​តម្លៃ ដោយ​ធ្វើការ​ចងក្រង​បណ្តុំ​ផលិត ត​ភ្ជាប់​ជាមួយ​បណ្តាញ​ទីផ្សារកន្លែង​ប្រមូលផ្តុំ រចនាសម្ព័ន្ធ​ស្តុក និង​ការដឹកជញ្ជូន​។​

ទី​២- បន្តធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម ដើម្បី​លើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃបន្ថែមកសាង និង​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​ដែល​បម្រើ​ដល់​ផលិតកម្ម​ដំណាំ​ផ្លែឈើការកែច្នៃ និង​ការនាំចេញជាមួយនឹង​ការលើកកម្ពស់​ការផ្តល់​សេវា​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្មការសិក្សា​ស្រាវជ្រាវ និង​ផលិត​ពូជ សំដៅ​បង្កើន​ទិន្នផល ការគ្រប់គ្រង និង​ការប្រើប្រាស់​ជី ថ្នាំ​កសិកម្ម ព្រមទាំង​ការកសាង និង​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស និង​សមត្ថភាព​មន្ទីរពិសោធន៍​ជាតិ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​កិច្ចការ​ដ៏​សំខាន់ និង​ចាំបាច់​ទាំងអស់នេះ ទាមទារ​ឲ្យ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ខិតខំ និង​ពង្រឹង​ភារកិច្ច​របស់ខ្លួន​ឲ្យ​អស់​លទ្ធភាព ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​នាំចេញ​កសិ​ផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​ទី​៣- ការអភិវឌ្ឍ​វិស័យ​វារីវប្បកម្ម សំដៅ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម ធានាបាន​គុណភាព សុ​វ​តិ្តភាពពង្រឹង និង​ពង្រីក​ការងារ​ស្រាវជ្រាវ បង្កាត់ និង​ផ្សព្វផ្សាយ​ពូជ​ត្រី និង​ចំណី​ឲ្យ​បាន​ទូលំទូលាយរួមទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផងដែរ​។ ជាងនេះទៅទៀត ការកសាងខ្សែ​ច្រវាក់​ផលិតកម្មតម្លៃបន្ថែមទីផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​នៅតែ​ជា​អាទិភាព​។​

លោក​រដ្ឋមន្ត្រីជាថ្មី​ម្តងទៀត​បានស្នើ​សុំ​ឲ្យ​ធនាគារពិភពលោក​ជួយ​ពិនិត្យពិចារណា និង​ផ្តល់​ការគាំទ្រ​តាម​រយ​:​គម្រោង​ដែល​ក្រសួង​ចង់បាន​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម លើកកម្ពស់​គុណភាព សុវត្ថិភាព ពង្រឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​កែច្នៃឆ្លើយតប​តាម​តាម​ស្តង់ដារ​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

លោក​រដ្ឋមន្ត្រីសង្ឃឹមថា នឹង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ធនាគារ ពិភពលោក​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីកចម្រើន​នាពេល​អនាគត​។​

ក្នុងការ​ឆ្លើយតប លោកស្រី Maryam Salim បាន​បញ្ជាក់ថា​ លោកស្រីនឹង​យក​សំណើ​នេះ​ទៅពិនិត្យ​ពិចារ​ណា​ឲ្យ​បាន​លម្អិត​ជាមួយ​ក្រុម​ជំនាញ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត ហើយ​សង្ឃឹមថា​ ធនាគារពិភពលោក​នឹង​បន្ត​កិច្ចសហការ​ឲ្យ​កាន់តែ​រឹងមាំ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម