ព័ត៌មានជាតិ
ក្រុមអាជីវករ លក់ដូរលើខ្នងទំនប់ អាងទឹកកំពីងពួយ ស្នើសុំលក់ដូរបន្ត ខណៈមន្ត្រីឲ្យរើចេញ ដើម្បីរៀបចំច្រាំងទំនប់នេះ
ស្របពេលដែលមន្រ្តីនៃមន្ទីរធនធានទឹក បាននិងកំពុងរៀបចំបច្ចេកទេស ចាក់ច្រាំងទំនប់អាងទឹកកំពីងពួយ ដើម្បីកសាងប្រព័ន្ធធារាស្រ្ត មន្ត្រីជំនាញក៏បានស្នើឲ្យ អាជីវករលក់ដូរនៅទីនោះ រើចេញជាបណ្តោះអាសន្ន តែត្រូវបានក្រុម អាជីវករស្នើសុំលក់បន្ត។
ក្រុមអាជីវករ ដែលលក់ដូរលើខ្នងទំនប់អាងទឹកកំពីងពួយ ក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានស្នើសុំមន្រ្តីជំនាញ និងអាជ្ញាធរ អនុញ្ញាតឲ្យពួកគាត់ លក់ដូរនៅទីនោះបន្តទៀតសិន ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩ ដោយសុំកុំទាន់ដេញពួកគាត់ចេញ។
អ្នកស្រី គឹម ចិន្តា រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដែលជាអាជីវករលក់ភេសជ្ជ: និងបុកល្ហុង លើទំនប់កំពីងពួយនេះ បាននិយាយថា មន្រ្តីជំនាញបានដេញពួកគាត់ស្ទើររាល់ថ្ងៃ ឲ្យរើចេញ ដើម្បីកសាងទំនប់ ហើយមន្រ្តីខ្លះប្រើពាក្យសម្ដី មិនសមរម្យផងដែរ។ អ្នកស្រីបញ្ជាក់ថា ពួកគាត់ស្នើ សុំបន្តលក់ដូរលើទំនប់នេះសិន កុំទាន់អាលដេញពួកគាត់ចេញ ដើម្បីរកចំណូលចិញ្ចឹមកូន និងបង់ធនាគារ បើសិនជារដ្ឋត្រូវការពេលណា ពួកគាត់នឹងចេញភ្លាម។
អ្នកស្រីបានឲ្យដឹងថា កន្លងមកអាជីវករ បានរើតូបចេញពីច្រាំងម្ខាងទំនប់ខាងលិច ទៅតាមមន្រ្តីជំនាញ ដើម្បី កសាងជើងទេទំនប់ម្តងហើយ ដោយរើមកតាំងលក់ម្ខាងទៀត ដោយអាជ្ញាធរថា ឲ្យពួកគាត់លក់ដូរបណ្តោះអាសន្នសិនទៅ។
អាជីវករផ្សេងទៀត បាននិយាយថា ក្រុមបច្ចេកទេសទើបកសាងជើងទេមួយចំហៀង ខាងលិចនោះ មិនទាន់ហើយទេ ហើយទីតាំងដែលពួកគាត់លក់ ក្បែរច្រាំងទំនប់ខាងកើតនេះ មិនទាន់ធ្វើដល់ទេ។ ដូច្នេះពួកគាត់ សុំលក់បន្តសិន បើសិនជារដ្ឋត្រូវការចាំបាច់ហើយ ពួកគាត់នឹងរើចាកចេញ មិនទាមទាអ្វីទេ។
ទាក់ទងករណីខាងលើនេះ លោក ឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង បានមានប្រសាសន៍ថា ជាគោលការណ៍ គឺមិនអនុញ្ញាតឲ្យលក់ដូរនៅទីនេះឡើយ។ ប៉ុន្តែកន្លងមក មន្ទីរបានអធ្យា ស្រ័យ និងទុកពេលឲ្យពួកគាត់លក់ដូរនៅទីនេះ ច្រើនឆ្នាំដែរហើយ។ តែមកទល់ពេលនេះ ក្រុមបច្ចេកទេស ត្រូវការរៀបចំកសាងច្រាំងទំនប់នេះ ដើម្បីរៀបចំប្រព័ន្ធធារាស្រ្ត។
លោកបញ្ជាក់ថា កន្លែងដែលអាជីវករ កំពុងលក់ដូរនេះ គឺត្រូវកាយដើម្បីរៀបចំ ធ្វើច្រាំងទៅតាមបច្ចេកទេស ហើយទីតាំងនេះ ក៏ធ្លាប់បាក់ទំនប់ ដោយកម្លាំងទឹកជំនន់ខ្លាំងនាឆ្នាំកន្លងទៅផងដែរ។ ដូច្នេះដើម្បីបញ្ជៀសគ្រោះថ្នាក់ ឬ ហានិភ័យដល់ពួកគាត់ផង និងដើម្បីកសាងទំនប់ផង ពួកគាត់ត្រូវតែរើចេញ។
លោក ឡុង ផល្គុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក រៀបចំធ្វើប្រព័ន្ធធារាសាស្រ្ត ទំនប់កំពីងពួយនេះ គឺដើម្បីប្រជាពលរដ្ឋ រស់នៅតំបន់នេះហ្នឹងឯង ដើម្បីធ្វើស្រែ និងដំណាំផ្សេងៗ ក្រុមអាជីវករគួរយោគយល់។
លោកបញ្ជាក់ថា ទំនប់កំពីងពួយនេះ មានវិសាលភាពធំធេង នៅពេលដែលរៀបចំប្រព័ន្ធធារាស្រ្តរួចហើយ អាចមានលទ្ធភាព ស្តុកទឹកបាន១៧០លានម៉ែតគូប ដែលអាចស្រោចស្រពដីស្រែ ចំនួនបីស្រុកគឺ ស្រុក បាណន់ ថ្មគោល និង ក្រុងបាត់ដំបង ចំនួន២៤ ០០០ហិចតា នៅរដូវវស្សា និងរដូវប្រាំងជាមធ្យម ចំនួន១៦ ០០០ហិចតា៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani