ព័ត៌មានជាតិ
មានមូលហេតុ និងអត្ថប្រយោជន៍ចំនួន៤ ដែលនាំឲ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានអះអាងថា មានមូលហេតុ និងអត្ថប្រយោជន៍ច្រើនណាស់ ដែលកម្ពុជាត្រូវទទួលបានពីទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប (ASEM) ដែលក្នុងនោះ មានការបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយការទូត ក៏ដូចជាស្ថេរភាព និងសន្តិសុខ ជាដើមទៅកាន់ពិភពលោក ដូច្នេះទើបកម្ពុជាសម្រេចចូលជាដៃគូនៃកិច្ចប្រជុំនេះ នៅឆ្នាំ២០០៤។
ថ្លែងនៅក្នុងវេទិកាមួយ ស្តីពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិកាមួយដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ៩៩៦ ដែលកាលនោះមានតែប្រទេសជាដៃគូចំនួន២៦ប៉ុណ្ណោះ មកពីទ្វីបអាស៊ី និងអឺរ៉ុប ហើយគោលបំណង នៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងទ្វីបទាំងពីរ គឺអាស៊ី និងអឺរ៉ុប ដោយឈរលើសសរស្តម្ភចំនួន៣ គឺសសរស្ដម្ភទី១. នយោបាយ ៖ តាមរយៈកិច្ចសន្ទនា និងការកសាងទំនុកចិត្ត ការលើកកម្ពស់សន្តិសុខ ការដោះស្រាយបញ្ហាប្រឈម នៅលើសកលលោក។
សសរស្ដម្ភទី២. សេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងអាស៊ី និងអឺរ៉ុប។ សសរស្តម្ភទី៣. សង្គមវប្បធម៌ និងអប់រំ៖ សំដៅដល់ការតភ្ជាប់ទំនាក់ទំនងវប្បធម៌ សង្គម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃតំបន់ទាំងពីរ។
មូលហេតុដែលកម្ពុជាយើងចូលជាដៃកូនៃកិច្ចប្រជុំនេះ លោក លុយ ដាវីត បានអះអាងថា ដោយសារតែកម្ពុជាមើលឃើញពីផលប្រយោជន៍ នៃទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ដូច្នេះកម្ពុជាក៏សម្រេចចូលជាដៃគូកិច្ចប្រជុំនេះនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៤ នាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៥ នៅទីក្រុងហាណូយ ហើយប្រទេសដែលចូលជាដៃ នៃកិច្ចប្រជុំនេះក្រោយគេ គឺប្រទេសកាហ្សាក់ស្ដង់ នៅឆ្នាំ២០០៤ ហើយរហូតមកដល់ពេលនេះ មានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប មានដៃគួចំនួន៥៣ ដែលមាន៥១ប្រទេស និង២ ស្ថាប័ន។ ក្នុងនោះ មកពីអាស៊ីចំនួន២១ប្រទេស និង៣០ប្រទេសពីអឺរ៉ុប បូកពីស្ថាប័នទៀត គឺទី១, សហភាពអឺរ៉ុប និងទី២,លេខាធិការដ្ឋានអាស៊ាន។
លោក លុយ ដេវីត អះអាងថា បើគិតពីទំហំប្រជាជន ទំហំពាណិជ្ជកម្ម ទំហំសេដ្ឋកិច្ច និងទំហំទេសចរណ៍ នៃបណ្ដាប្រទេសជាសមាជិក ASEM នេះ តំណាងឱ្យ៦០ភាគរយ នៃប្រជាជនទូទាំងសកលលោក, ៦៥ភាគរយ នៃសេដ្ឋកិច្ចពិភពលោក, ៥៥ ភាគរយ នៃទំហំពាណិជ្ជកម្មសកលលោក និង៧៥ នៃទំហំទេសចរណ៍ទូទាំងសាកលលោក។ លោកថា កម្ពុជាក្រោយពីចូលជាដៃគូកិច្ចប្រជុំ ASEM នេះ បានបានចូលរួមយ៉ាងសកម្ម ទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលសម្ដេចនាយករដ្ឋមន្ត្រីតែងតែចូលរួមជានិច្ច ហើយចុងក្រោយនេះ គឺសម្ដេចបានចូលរួមប្រជុំ ASEM លើកទី១២ ដែលរៀបចំដោយសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល នាឆ្នាំ២០១៨។ នៅពេលនោះហើយ ដែលអង្គប្រជុំបានឯកភាពឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) ដែលយើងគ្រោងធ្វើ កាលពីឆ្នាំ២០២០ តែត្រូវលើកពេលដោយសារតែបញ្ហាកូវីដ១៩។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកក៏បង្ហាញពីមូលហេតុ ឬអត្ថប្រយោជន៍ចំនួន៤ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដ៏ធំនេះ គឺទី១, គឺដើម្បីបង្ហាញពីភាពចាស់ទុំ ផ្នែកនយោបាយការទូតរបស់កម្ពុជា ក៏ដូចជាឱកាស ដែលកម្ពុជាយើងលើកមុខមាត់នៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញតួនាទីរបស់ខ្លួនក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនៅលើពិភពលោក ដែលកំពុងជួបប្រទះ ទី២, ជាឱកាសដែលកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាសីទាំងអស់ ទី៣, វត្តមានរបស់ថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសអាស៊ានដូចជាបារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េ រុស្ស៊ី ជាដើម នឹងបង្ហាញពិភពលោកថា កម្ពុជាមានស្ថេរភាពនយោបាយ មានសន្តិភាពពេញលេញ និងកំពុងដើរនៅលើវិថីមួយឆ្ពោះទៅរកការអភិវឌ្ឍន៍ ដែលត្រឹមត្រូវ នាពេលអនាគត ទី៤, ឱកាសសម្រាប់កម្ពុជាយើង បង្ហាញពីអរិយធម៌ វប្បធម៌ ដើម្បីទាក់ទាញអ្នកវិនិយោគអ្នកទេសចរណ៍មកចូលកម្ពុជា។
លោក លុយ ដាវីត បានឲ្យដឹងដែរថា ដើម្បីរៀបចំកិច្ចប្រជុំដ៏ធំនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការ ដើម្បីរៀបចំកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នេះ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រធាន។ ក្នុងនោះ ក៏បានបង្កើតលេខាធិការដ្ឋាន ដែលមានខ្លួនលោកជាប្រធាន និងមានអនុគណៈកម្មការចំនួន៦ទៀត។
ចំណែកលោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នេះ ក្រសួងព័ត៌មានក៏បានទទួលភារកិច្ច ដឹកនាំនៅក្នុងអនុគណៈកម្មការមួយ ក្នុងចំណោមអនុគណៈកម្មការចំនួន៦ គឺអនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន ហើយពាក់ព័ន្ធ នឹងអនុគណៈកម្មការនេះ ក្រសួងព័ត៌មានបានដាក់ចេញនូវ ផែនការសកម្មភាពធំៗចំនួន៣គឺ៖
ទីមួយ, ដំណើរការមុនកិច្ចប្រជុំ ដោយរៀបចំជាកិច្ចប្រជុំផ្សព្វផ្សាយផ្សេងៗ រួមមាន ការផ្សព្វផ្សាយអត្ថបទ បទយកការណ៍ និងកិច្ចពិភាក្សាផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនេះ។
ទីពីរ, ក្រសួងបានរៀបចំត្រៀមលក្ខណៈ ដើម្បីផ្សាយផ្ទាល់ ពីកម្មវិធីដែលមានសារៈសំខាន់នេះ ដូចជាកម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីផ្សេងៗទៀត ដែលអនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណៈ។
ទីបី, ការងារត្រៀម ក្រោយកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ដូចជា ការចងក្រងនូវឯកសារ ដើម្បីផ្សព្វផ្សាយទាក់ទងទៅនឹងដំណើរការកិច្ចប្រជុំ ឬលទ្ធផលនៃកិច្ចប្រជុំ និងបញ្ហាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នេះផងដែរ។
បើតាមលោក មាស សោភ័ណ្ឌ ក្រសួងព័ត៌មាន ក៏បានទទួលការងារមួយទៀត គឺការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មាន នៃកំពូលអាស៊ី-អឺរ៉ុប លើកទី១០។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគ្រោងនឹងរៀបចំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រព័ន្ធ Video Conference ការសម្រេចកិច្ចប្រជុំកំពូល ASEM 13 តាមប្រព័ន្ធ Video នេះ ក្រោយពីមានការណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត នឹងមិនមានសុវត្ថិភាពដល់ថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងត្រូវមកចូលរួមកិច្ចប្រជុំនោះឡើយ ព្រោះជំងឺរាតត្បាតនេះ បាន និងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តាប្រទេសលើពិភពលោកបានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរថ្មីៗ។
ដោយឡែកទាក់ទងបញ្ហាព័ត៌មាន ហើយដើម្បីឲ្យព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) នេះ ត្រូវបានផ្សព្វផ្សាយបានទូលំទូលាយ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ក៏បានឯកភាពបង្កើតគ្រុបតេលេក្រាមមួយ ដើម្បីឱ្យអ្នកសារព័ត៌មានទទួលបានព័ត៌មាន ទាក់ទងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ ហើយការងារនេះ ត្រូវបានប្រគល់ទៅឲ្យក្លិបអ្នកកាសែតកម្ពុជា ដើម្បីរៀបចំជាគ្រុប៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក