ព័ត៌មានជាតិ
ក្រសួងកសិកម្មបង្ហាញពីបច្ចេកទេសធ្វើស្រែបែបថ្មីទទួលបានទិន្នផលខ្ពស់
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពីបច្ចេកទេសធ្វើស្រែថ្មីដែលហៅថា« ការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់ និងបង្គោក» ដែលជាបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុ លើការគ្រប់គ្រងទឹក និងដីដែលធ្វើឱ្យប្រជាកសិករទទួលបានទិន្នផលខ្ពស់គិតជាមធ្យម៣,៥៩តោនក្នុង១ហិកតា។
តាមរយៈទំព័រហ្វេប៊ុកនៅព្រឹកនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា គោលបំណងនៃការធ្វើស្រែបង្ហាញ គឺដើម្បីឱ្យកសិករចូលរួមធ្វើការផ្ទៀងផ្ទាត់អំពីប្រសិទិ្ធភាពនៃបច្ចេកទេស(AWD) និងធ្វើការប្រៀបធៀបទិន្នផលលើស្រែដែលបានអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោកជាមួយនឹងស្រែដាំដុះតាមទម្លាប់ធម្មតា។
ក្នុងនោះបង្ហាញលើការរៀបចំដី ការកៀរពង្រាបដីឱ្យស្មើល្អជម្រើសបច្ចេកទេសដាំដុះ ការគ្រប់គ្រងទឹក ការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងការវាស់កម្ពស់ទឹកក្នុងស្រែទាក់ទងនឹងកត្តាអាកាសធាតុប្រែប្រួលលើដំណាំ។
លើសពីនេះ ស្រែនៅតាមទីតាំងនីមួយៗ ក៏បានបង្ហាញអំពីការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ដក្នុងការបង្កើនគុណភាពដីកសិកម្ម និងរក្សាសំណើមដីដើម្បីទប់ទល់នឹងភាពរាំងស្ងួត។
ការជ្រើសរើសទីតាំងអនុវត្តជម្រើសបច្ចេកទេសវៃឆ្លាតនឹងអាកាសធាតុ គឺជាភាពចាំបាច់ស្របទៅតាមទីតាំងភូមិសាស្ត្រនីមួយៗដែលស្ថិតនៅក្នុងតំបន់ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុហើយតំបន់នោះបានរងផលប៉ះពាល់មានដូចជា រាំងស្ងួត ទឹកជំនន់ និងសត្វល្អិតបំផ្លាញជាដើម។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ស្រែបង្ហាញស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុលើការគ្រប់គ្រងទឹកនិងដី តាមរយៈការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោក (AWD)លើដំណាំស្រូវ មានដូចជា៖ (ក). ការប្រើប្រាស់ព័ត៌មានព្យាករណ៍អាកាសធាតុ៖ ការប្រើប្រាស់ព័ត៌មានព្យាករណ៍អាកាសធាតុសម្រាប់ វិស័យ កសិកម្ម (កសិ-ឧតុនិយម) ជាជំនួយក្នុងការរៀបចំផែនការ និងប្រតិទិនដាំដុះ ការត្រៀមបង្ការជាមុននៅពេលមានហានិភ័យអាកាសធាតុ។ ព័ត៌មានកសិ-ឧតុនិយម បានអនុវត្តក្នុងពេលដំណើរការរៀបចំដី ការគ្រប់គ្រងទឹកតាមដំណាក់កាលលូតលាស់នីមួយៗរបស់ដំណាំ ពេលវេលាដាក់ជីបាញ់ថ្នាំកសិកម្ម ការថែទាំ ពេលវេលាប្រមូលផលនិងទុកដាក់។
(ខ). ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ដ៖ ការភ្ជួរលប់គល់ជញ្ជ្រាំងក្រោយពីពេលប្រមូលផលរួច និងលើកទឹកចិត្តកសិករលើការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ដឱ្យបានទូលំទូលាយ ដើម្បីចូលរួមកែលម្អការប្រើប្រាស់ដី ការបង្កើនគុណភាពដីកសិកម្ម និងរក្សាសំណើមដីទប់ទល់នឹងភាពរាំងស្ងួត។
(គ). ការកៀរពង្រាបដីស្រែ៖ ការអនុវត្តអាស្រ័យទៅតាមទីតាំងភូមិសាស្ដ្រជាក់ស្ដែងវិធីសាស្ត្រនៃការកៀរពង្រាបដីដែលមានផ្ទៃដីតូច គឺអនុវត្តលើស្រែដែលភ្ជួររួចដោយប្រើគោ ក្របី គោយន្ត ត្រាក់ទ័រ ដោយបំពាក់ជាមួយរនាស់ធ្មេញធម្មតា។ចំពោះផ្ទៃដីដាំដុះដែលមានទំហំធំគេប្រើប្រាស់ត្រាក់ទ័រដើម្បីកៀរពង្រាបដីដែលបញ្ជាដោយប្រព័ន្ធឡាហ្ស៊ែរទំនើបអាចអនុវត្តបាននៅក្នុងស្រែគោក ឬមិនប្រើប្រាស់ទឹកដែលអាចជួយសន្សំសំចៃទឹកទុកស្រោចស្រពដំណាំ។
វិធីសាស្ត្រនេះអាចអនុវត្តបាននៅក្នុងរដូវប្រាំង ឬនៅលើដីស្រែទំនេរមិនទាន់មានការដាំដុះដំណាំនៅឡើយ។ ការកៀរពង្រាបដីស្រែមានសារៈប្រយោជន៍មួយចំនួនដូចជា ផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទឹក រក្សារបាយទឹកឱ្យស្មើល្អនៅក្នុងស្រែការសន្សំសំចៃទឹកស្រោចស្រពការប្រើប្រាស់ជីនិងការគ្រប់គ្រងស្មៅចង្រៃមានប្រសិទ្ធភាព និងដំណាំដុះលូតលាស់ស្មើល្អផ្តល់ភាពងាយស្រួលក្នុងការច្រូតកាត់ដោយដៃឬម៉ាស៊ីនច្រូត (កុំបៃ) និងការដឹកជញ្ជូនព្រមទាំងជួយកាត់បន្ថយការចំណាយថវិកានិងពលកម្មច្រើន។
(ឃ). ការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់និងបង្គោក៖គឺជាបច្ចេកវិទ្យាសន្សំសំចៃទឹកដែលកសិករអាចអនុវត្តដើម្បីកាត់បន្ថយតម្រូវការប្រើប្រាស់ទឹកប្រមាណពី ១៦% – ៣៥% ដោយពុំមានការថយចុះទិន្នផល។ ការសន្សំសំចៃទឹកជាមួយនឹងការបញ្ចេញបញ្ចូលទឹកក្នុងស្រែ (AWD)មានផលវិជ្ជមានទៅលើការប្រើប្រាស់ទឹកជាពិសេសនៅតាមតំបន់ដែលងាយរងគ្រោះរាំងស្ងួត។ ក្នុងការអនុវត្តជាក់ស្តែងស្រែត្រូវពន្លិចទឹកនិងបង្គោក អាចមានគម្លាតរហូតដល់ជាង១០ថ្ងៃអាស្រ័យលើប្រភេទដី អាកាសធាតុនៅតំបន់ដាំដុះ ប្រភេទពូជដំណាំ និងដំណាក់កាលលូតលាស់នីមួយៗ។
ការបញ្ចេញបញ្ចូលទឹកក្នុងស្រែអាចចាប់ផ្ដើមក្នុងពេល ១ – ២សប្តាហ៍ក្រោយពេលស្ទូងរួច។ ក្រោយពេលបញ្ចូលទឹករួចជម្រៅទឹកក្នុងដីស្រែនឹងកើនឡើងបន្តិចម្ដងៗ (មើលបំពង់វាស់ទឹក)។ នៅពេលកម្រិតទឹកធ្លាក់ចុះដល់១៥សង់ទីម៉ែត្រ ក្រោមស្រទាប់ដីផ្នែកខាងលើ(មើលកម្រិតទឹកក្នុងបំពង់) គួរធ្វើការបញ្ចូលទឹកដើម្បីពន្លិចនៅក្នុងស្រែម្ដងទៀតដោយរក្សាកម្ពស់ទឹកក្នុងស្រែចន្លោះពី ៥ – ១០សង់ទីម៉ែត្រ ទៅតាមតម្រូវការទឹកនៃវគ្គនីមួយៗរបស់ដំណាំ។ នៅពេលមានស្មៅចង្រៃច្រើន គួរផ្អាកការបញ្ចេញទឹកពីស្រែក្នុងរយៈពេល ២ -៣ សប្ដាហ៍សិន ហើយត្រូវបំផ្លាញស្មៅចង្រៃឱ្យអស់ពីក្នុងស្រែ។
ការប្រើប្រាស់ជីត្រូវអនុវត្តតាមការណែនាំអំពីប្រភេទជីនិងប្រភេទពូជដំណាំស្រូវដែលបានពន្លិចទឹក និងជីដែលត្រូវប្រើសម្រាប់ដីស្ងួតមុនពេលបញ្ចូលទឹក។ក្រោយពេលស្រូវចេញផ្កាត្រូវធ្វើការរក្សាកម្ពស់ទឹកក្នុងស្រែជាមធ្យមពី ១០ -១៥សង់ទីម៉ែត្រ។ ប៉ុន្តែបើក្នុងករណីបង្គោកទឹកចេញវិញ មិនត្រូវឱ្យលើសរយៈពេល ៣ ឬ៥ថ្ងៃឡើយ។ ក្នុងអំឡុងពេលស្រូវដាក់គ្រាប់ និងពេលស្រូវទុំយើងអាចបង្គោកទឹកចេញឱ្យធ្លាក់ចុះដល់កម្រិត១៥សង់ទីម៉ែត្រក្រោមស្រទាប់ដីផ្នែកខាងលើ (មើលកម្រិតទឹកក្នុងបំពង់) បានម្ដងទៀត។
(ង). ការប្រើប្រាស់ និងការដាក់បំពង់វាស់ទឹក៖បំពង់វាស់ទឹកគឺជាឧបករណ៍សម្រាប់តាមដានកម្ពស់ទឹកក្នុងស្រែដោយវាស់មើលកម្រិតទឹកនៅក្នុងបំពង់។
បំពង់ត្រូវបានដាក់នៅទីតាំងជ្រើសរើសសមស្របណាមួយដូចជានៅតាមកែងស្រែដោយរក្សាក្នុងទម្រង់រូបភាពជាអង្កត់ទ្រូង ឬទម្រង់ជាអក្សរហ្សិត(Z)។ ការដាក់បំពង់វាស់ទឹកក្នុងស្រែគឺអាស្រ័យតាមស្ថានភាពស្រែនិងទឹកនៅក្នុងស្រែនោះ។ ចំនួនបំពង់ចាប់ពី ៤ – ៦បំពង់ ឬច្រើនជាងនេះអាស្រ័យតាមទំហំស្រែ។
(ច). ការចែករំលែកចំណេះដឹង និងបទពិសោធន៍៖ លើកកម្ពស់ការផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ដល់អ្នកពាក់ព័ន្ធឱ្យចូលរួមអនុវត្តបច្ចេកទេសលើការគ្រប់គ្រងទឹក និងដីតាមរយៈការប្រើប្រាស់បច្ចេកទេសពន្លិចឆ្លាស់ និងបង្គោក (AWD) នៅសហគមន៍កសិករមូលដ្ឋានក្នុងការគ្រប់គ្រងទឹកសន្សំសំចៃទឹក និងបង្កើនទិន្នផលស្រូវ។
លោករដ្ឋមន្ត្រីបានបន្ថែមថាតាមរយៈការអនុវត្តផ្ទាល់លើស្រែកសិករ ជាទូទៅការប្រមូលផលគឺទទួលបានទិន្នផលចាប់ពី ២,៧៥ – ៤,៧០ តោនក្នុងមួយហិកតាទៅតាមប្រភេទដីខុសៗគ្នា (ទិន្នផលមធ្យម ៣,៥៩តោន/ហិកតា)។ការកត់សម្គាល់ជារួមដោយ ធ្វើការប្រៀបធៀបទិន្នផលស្រូវបានបង្ហាញថា ការអនុវត្តបច្ចេកទេស AWD បានជួយបង្កើនទិន្នផលស្រូវក្នុងបរិមាណពី ១៥០ -៣៥០ គ.ក្រ/ហ.តបើប្រៀបធៀបជាមួយនឹងស្រែកសិករដែលមិនបានអនុវត្តបច្ចេកទេសនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ