ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំភ្នំពេញអះអាងថា ក្រសួងមិនបានបិទសាលារៀនដូចការផ្សព្វផ្សាយនោះទេ
ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានលើកឡើងថា ក្រសួងអប់រំមិនបានបិទសាលារៀនចំនួន ៥ សាលា ដែលមានករណីកូនសិស្សឆ្លងជំងឺកូវីដ១៩ នោះទេ ពោលគឺបិទតែថ្នាក់រៀនដែលមានករណីឆ្លងតែប៉ុណ្ណោះ។ ចំណែកថ្នាក់ផ្សេងទៀត នៅតែដំណើរការរៀនជាធម្មតាដដែល។
ការលើកឡើងរបស់ប្រធានមន្ទីរអប់រំនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្ដាញព័ត៌មានក្នុងស្រុកខ្លះបានផ្សព្វផ្សាយថា ក្រសួងអប់រំបានបិទសាលាចំនួន៥ ដែលមានករណីសិស្សឆ្លងជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានប្រសាសន៍នៅថ្ងៃនេះថា « ខ្ញុំសូមបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡា បានប្រាប់មកមន្ទីរអប់រំផ្អាកដំណើរការថ្នាក់រៀននៅសាលាចំនួន៥ទីតាំង ដែលមានសិស្សឆ្លងជំងឺកូវីដ១៩ មិនមែនបិទសាលាទាំង៥នោះទេ។ ប៉ុន្តែមានសារព័ត៌មានយើងខ្លះយល់ច្រឡំបែរជាថាក្រសួងបិទសាលាទាំង៥ទៅវិញ»។
លោកបានបន្តថា ករណីសិស្សឆ្លងជំងឺកូវីដ១៩នេះ មិនមែនមកពីការបើកសាលារៀន ហើយបណ្តាលឲ្យសិស្សឆ្លងនោះទេ គឺសិស្សទាំងនោះឆ្លងជំងឺនេះនៅខាងក្រៅ មុនចូលរៀនទៅទៀត ព្រោះថាចូលរៀនទើបបានពីរថ្ងៃប៉ុណ្ណោះ។
ចំណែកលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៧ កញ្ញា នេះថា «ខ្ញុំសូមបញ្ជាក់ថា ករណីកូនសិស្សឆ្លងជំងឺកូវីដ១៩នេះមិនមែនឆ្លងពេលបើកដំណើរការសាលាឡើងវិញនោះទេ គឺពួកគាត់មានឆ្លងមុនពេលចូលរៀនទៅទៀត ព្រោះថាមុនពេលចូលរៀន យើងធ្វើតេស្តតែទៅលើគ្រូប៉ុណ្ណោះមិនបានធ្វើតេស្តដល់សិស្សទេ»។
លោក ហែមស៊ី ណារ៉េត បានបន្តទៀតថា មានសិស្សសរុបទាំងអស់ ២៣នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ សាលាចំនួន៥ក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមានវិទ្យាល័យពញាពន់ វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យបឹងធំ វិទ្យាល័យវត្តភ្នំ និង វិទ្យាល័យវត្តកោះ។
ដោយសារមានការឆ្លងជំងឺកូវីដ១៩ក្នុងថ្នាក់រៀន ទើបក្រសួងអប់រំយុជននិងកីឡា បានស្នើឲ្យមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ធ្វើការផ្អាកដំណើរការថ្នាក់រៀននៅសាលារៀនចំនួន៥ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងយកអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័ក។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី១៧កញ្ញានេះបានឱ្យដឹងថា ថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ននោះរួមមានទី១ វិទ្យាល័យពញាពន់ផ្អាកថ្នាក់ទី៩B ។ ២ វិទ្យាល័យបឹងប្រិយ៍ ថ្នាក់រៀនផ្អាក ថ្នាក់ទី១២A1, ៩C1,និង៩ D១ ។ ទី៣. វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី៧A2។ ៤. វិទ្យាល័យវត្តភ្នំ ផ្អាកថ្នាក់ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២ B2និង១២ H2។៥ វិទ្យាល័យវត្តកោះ ថ្នាក់ទី៧P។
ក្រសួងបានណែនាំបន្តថា ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវបន្តរិតត្បឹតការចេញលេង និងបន្តពាក់ម៉ាស និងលាងដៃជាប្រចាំ។ មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ ទៀត និងមិនអនុញ្ញាតឲ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀនឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាលារដ្ឋនិឯកជនកម្រិតចាប់ពីថ្នាក់ទី ៧ រហូតដល់ថ្នាក់ទី ១២ ចំនួន ១៤២ សាលា នៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងនោះមានសាលារដ្ឋចំនួន៦៨ទីតាំងនិងសាលាឯកជនមាន១៥៩ទីតាំង។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរាជធានីខេត្តប្រមាណ៦ប៉ុណ្ណោះ បានបើកដំណើរការសាលារៀនឡើងវិញ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ បើកនៅថ្ងៃទី ១៥ កញ្ញា និ ខេត្តព្រះសីហនុបើកនៅថ្ងៃទី ១៣ កញ្ញា។ ក្រៅពីនេះដូចជាខេត្តកំពង់ចាម កោះកុង បើកនៅថ្ងៃទី ២០ កញ្ញា និងខេត្តស្វាយរៀង បើកនៅថ្ងៃទី២៧កញ្ញា។ ចំណែកខេត្តផ្សេងៗទៀត នៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេ ដោយសារសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩៕
អត្ថបទ៖សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤