ព័ត៌មានជាតិ
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃ ២០លានដុល្លារនៅក្រុងព្រះសីហនុ គ្រោងបញ្ចប់សាងសង់ឆ្នាំក្រោយ
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានតម្លៃ ២០លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។

បើតាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលការសាងសង់មានរយៈពេល ២២ខែនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ស្ថានីយប្រព្រឹត្តកម្មនេះជាដំណើរការដោយបច្ចេកវិទ្យាចុងក្រោយរបស់អ៊ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួចមិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់។ ស្ថានីយប្រព្រឹត្តកម្មនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ។
នេះជាជំហានដំបូងហើយ នាពេលខាងមុខនឹងអនុវត្តនៅទូទាំងប្រទេស ដោយរាល់គម្រោងដាក់ដំណើរការ ពិសេសការរៀបចំគម្រោងសាងសង់ត្រូវអនុវត្តតាមច្បាប់សំណង់ ហើយចំពោះកាកសំណល់ត្រូវផ្ទេរតាមស្តង់ដារបរិស្ថានទើបអនុញ្ញាតឱ្យបង្ហូរចូលលូសាធារណៈ។

ថ្លែងក្នុងការបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) លោក ជា សុផារ៉ា បានលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើង គឺដើម្បីធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អគួរជាទីគយគន់សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
លោកបានបន្តថា ប្រសិនបើវាមានក្លិនមិនល្អ នាំឱ្យបាត់បង់ទេសចរ ថែមទាំងបាត់ឈ្មោះ និងកិត្តិយសជាឆ្នេរស្អាតទៀតផង។
លោក ជាសុផារ៉ា បានបន្តទៀតថា៖ “តាមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវថែរក្សាឆ្នេរសមុទ្រកម្ពុជាឱ្យនៅគង់វង្សដែលជាឱកាស និងមោទនភាពក្នុងការការពារថែរក្សា។ ហើយក្នុងម្លប់សន្តិភាពយើងមានឱកាសធ្វើការអភិវឌ្ឍលើគ្រប់វិស័យ”។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ថា រហូតមកដល់ពេលនេះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចសាងសង់ស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកស្អាតស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុង MABR និងត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

ក្នុងនោះស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។
ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ (១៦ ហិកតា)៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល