ព័ត៌មានជាតិ
ចៅហ្វាយស្រុកបន្ទាយស្រីបញ្ជាក់ពីការភាន់ច្រឡំថា អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញដីមិនស្របច្បាប់
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាបបានឱ្យដឹងថា ប៉ុន្មានថ្ងៃនេះមានការលើកយកប្រធានបទស្តីពីការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋនៅក្នុងស្រុកបន្ទាយស្រីពីសំណាក់បណ្តារសារព័ត៌មានមួយចំនួនភាគច្រើនក្រោមចំណងជើងថា រាជរដ្ឋាភិបាលកាត់ដីគម្របព្រៃឈើជិត២០០ហិកតា នៅស្រុកបន្ទាយស្រីឱ្យទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
បើតាមលោក ហ្វីណង់ ការប្រើប្រាស់ចំណងជើងបែបនេះអាចបណ្ដាលឱ្យសាធារណៈជនមានការភ័ន្តច្រឡំនិងបកស្រាយខុស ដូច្នេះហើយទើបលោកសុំយកឱកាសនេះស្រាយបំភ្លឺឱ្យបានច្បាស់បន្តិចចំពោះការលើកឡើងនេះ។ ការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋណាមួយ មិនមែនជាការយកដីដែលនៅមានព្រៃឈើ ឬយកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនៅឡើយទៅកាត់ឆ្វៀលជូនអ្នកស្នើសុំនោះទេ។
លោកថា គោលនយោបាយលើបញ្ហាដីធ្លីរបស់រាជរដ្ឋាភិបាលតែងធ្វើការកាត់ឆ្វៀលដីរដ្ឋដែលលែងមានព្រៃឈើ និងត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យជាក់ស្តែងផលយូរមកហើយ ដើម្បីផ្តល់កម្មសិទ្ធិរឹងមាំជូនពួកគាត់អាចយកទៅចាត់ចែងបានពេញលេញ ដូចដែលធ្លាប់បានឃើញកាលពីបទបញ្ជាលេខ០១ និងការលើកឡើងសារជាថ្មីម្តងទៀតរបស់សម្តេចនាយករដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ផងដែរ។ ដីទាំងនេះសុទ្ធសឹងតែជាដីដែលត្រូវបានបងប្អូនប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែងអស់រយៈកាលដប់ម្ភៃឆ្នាំរួចមកហើយ ដោយមានអាជ្ញាធរមូលដ្ឋានបានដឹងលឺ ហើយក៏មិនមែនជាដីព្រៃ ដែលត្រូវការពារអភិរក្ស ដីទំនេរដែលរដ្ឋអាចដាំដើមឈើឡើងវិញ ឬដីដែលរដ្ឋអាចយកមកគ្រប់គ្រងឡើងវិញនោះដែរ។
ការធ្វើអនុបយោគលើដីរដ្ឋទាំងនេះគ្រាន់តែបន្ថែមភាពស្របច្បាប់ទៅលើអ្វីដែលពួកគាត់បានកាន់កាប់ច្រើនឆ្នាំរួចហើយតែប៉ុណ្ណោះ ដោយហេតុថាផែនទីគម្របព្រៃឈើដែលនៅមានសុពលភាពនៅឡើយនោះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០០២មកម្ល៉េះ ជៀសមិនផុតពីការធ្វើបច្ចុប្បន្នភាពឱ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងនោះទេ។
ការកាត់ឆ្វៀលដីរដ្ឋនេះទៀតសោតក៏មិនមែនធ្វើឡើងសម្រាប់តែបុគ្គលណាម្នាក់នោះដែរ កន្លងមកក៏មានដីសាធារណៈរបស់រដ្ឋ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនជាបន្តបន្ទាប់រួចមកហើយដែរ។
រហូតមកដល់ពេលនេះ នៅសល់ដីរដ្ឋជាង៥០០០ក្បាលដីទៀតនៅក្នុងស្រុកបន្ទាយស្រី ដែលត្រូវបានកំណត់អត្តសញ្ញាណស្រង់ទិន្នន័យ និងគ្រោងដាក់ស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច និងធ្វើការកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ផងដែរ ប្រសិនបើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
សូមបញ្ជាក់ថា ដីដែលជាគោលដៅកាត់ឆ្វៀលដាច់ខាតត្រូវតែជាដីដែលបានកាន់កាប់អាស្រ័យផលយូរហើយ មានឯកសារបញ្ជាក់ច្បាស់លាស់ មិនមានព្រៃឈើ និងមិនត្រូវជាដីដែលមានកំពុងមានវិវាទនោះទេ។ ដីរដ្ឋដែលត្រូវបានទន្ទ្រានយកថ្មីៗ ឬរំលោភយកមកដោយខុសច្បាប់មិនអាចដាក់ស្នើសុំកាត់ឆ្វៀលឡើយ។
ការផ្តល់កម្មសិទ្ធិស្របច្បាប់ទៅលើដី ដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលយូររួចមកហើយ មានសារៈសំខាន់បំផុតសម្រាប់ការអភិវឌ្ឍមូលដ្ឋានដូចជាស្រុកបន្ទាយស្រី ព្រោះវានឹងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ផ្តល់ភាពច្បាស់លាស់ និងមូលដ្ឋានច្បាប់រឹងមាំជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល និងបើកផ្លូវឱ្យមានការវិនិយោគពីសំណាក់វិស័យឯកជន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»