ព័ត៌មានជាតិ
ក្រសួងសាធារណការដាក់ឱ្យដំណើរការចំណតផែកុងតឺន័រថ្មីមួយទៀត
ក្រសួងសាធារណការនិងដឹកជញ្ជួនបានដាក់ឱ្យដំណើរការជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដែលសិ្ថតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា ការបង្កើតចំណតផែកុងតឺន័រ LM១៧ គឺដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ មានជាបន្តបន្ទាប់លើសពីសមត្ថភាពដែលចំណតផែថ្ម TS៣ មាន ហើយដែលពុំអាចធ្វើការពង្រីកទៀតបាន ទោះបីជាយើងបានខិតខំបង្កើតទីលានស្តុកកុងតឺន័រ (ICD) ដែលមានទំហំផ្ទៃដី ៩,៣ ហិកតា សម្រាប់ស្តុកទាំងកុងតឺន័រមានទំនិញ និង សំបកកុងតឺន័រ។
លោកបានបន្តថា ដូចនេះហើយទើបនៅឆ្នាំ២០១១ ទើបកំពង់ផែស្វយ័តភ្នំពេញ បានសម្រេចធ្វើការវិនិយោគលើការ ពង្រីកចំណតផែកុងតឺន័រ LM១៧ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំ ១០ ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគបានមកពីកម្ចីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងទឹកប្រាក់ប្រមាណ ២៨ ៩០០ ០០០ ដុល្លារអាមេរិក ដោយពុំទាន់រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ។

លោកបានបន្តទៀតថា លើសពីនេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី២ លើទំហំផ្ទៃដី ៤,៥ ហិកតា នៅឆ្នាំ២០១៨ ដែលបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីការបោះផ្សាយលក់មូលបត្រ ដើម្បីពង្រីកសមត្ថភាពបន្ថែម ចំណតផែកុងតឺន័រ LM១៧ ឱ្យបាន ៣០០ ០០០ ‘EUs ក្នុងមួយឆ្នាំ សំដៅឆ្លើយតបនឹងកំណើនកុងតឺន័រ ឆ្លងកាត់មានជាបន្តបន្ទាប់ លើសពីសមត្ថភាពចំណតផែកុងតឺន័រ LM១៧ ជំហានទី១។
លោកបានបញ្ជាក់ថា បន្ទាប់ពីការ សាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្តផែនការបន្ទាប់នោះគឺ ការអភិវឌ្ឍគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន ៤គ្រឿង លើផ្ទៃដីសរុបទំហំ ២,៧៥ ហិកតា ដែលអាចបង្កើនសមត្ថភាព ១០០ ០០០ TEUs ក្នុងមួយឆ្នាំ ដែលនឹងនាំឱ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM១៧ មានចំនួន ៥០០ ០០០ TEUs ក្នុង មួយឆ្នាំ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ គឺដើម្បីការពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ក្នុងគោលបំណងពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្ដបន្ទាប់។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ដថា កំពង់ផែស្វយ័តភ្នំពេញបានរៀបចំអនុវត្ដន៍ផែនការរយៈពេលវែង រួមមានគម្រោងអភិវឌ្ឍន៍ចំណតផែរណបទន្លេបិទ គម្រោងអភិវឌ្ឍន៍ ចំណតផែរណបចំនួនពីរ នៅទន្លេមេគង្គលើ និងទន្លេបាសាក់ អភិវឌ្ឍន៍ចំណតផែ ទំនិញចាក់ធារ សាងសង់ ឃ្លាំងត្រជាក់ និងស្ងួត ព្រមទាំងស្ដារ និងថែទាំផ្លូវ នាវាចរណ៍ ដើម្បីសំដៅគាំទ្រដល់ការអភិវឌ្ឍ និងរីកចម្រើនប្រកបដោយនិរន្ដរភាពនៃអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញនេះ។

លោកទេសរដ្ឋមន្រ្ដីបានបន្ថែមថា ដោយសារតែកំពង់ផែស្វយ័តភ្នំពេញគឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ ដូច្នេះកំពង់ផែស្វយ័តភ្នំពេញគឺជាចំណតផែយ៉ាងសំខាន់ ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះមានភាពងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដកុងតឺន័រចេញចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រក្នុង ជំហានទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ ២៨,៩លានដុល្លារ ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន ១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ ៩លានដុល្លារ និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន ៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយថវិកាប្រមាណ ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ ៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត