ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលរាជធានីខេត្ត រឹតបន្តឹងការដឹកដី ខ្សាច់ ថ្ម ជ្រុះរប៉ាយតាមផ្លូវ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានធ្វើការណែនាំដល់អភិបាលរាជធានីខេត្ត ត្រូវរឹតបណ្តឹងឱ្យបានម៉ឺងម៉ាត់លើការដឹកជញ្ជូនដី ខ្សាច់ ថ្ម ជ្រុះរប៉ាយនៅតាមផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមក៏បានណែនាំឱ្យអភិបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចររាចណ៍។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ (ZOOM) សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ទន្ទឹមនោះត្រូវបន្តធ្វើការរឹតបន្តឹងអនុវត្តច្បាប់ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើប ដើម្បីទប់ស្កាត់បទល្មើសចរាចរណ៍ និងបទល្មើសផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។

ជាមួយនេះ សម្តេចក្រឡាហោមបានណែនាំឱ្យបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាព និងជាប្រចាំ ដោយអនុវត្តឱ្យចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះ ជាដើម។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានអានរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ថា ក្នុងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៦១ លើក (យប់៥៤%) បណ្តាលឱ្យស្លាប់ ៧០៩ នាក់ និងរបួស ១.៧៩២នាក់ (ធ្ងន់ ១.០៤៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ៣៤% បើកបរមិនគោរពសិទ្ធិ ២៣% មិនប្រកាន់ស្តាំ ១៦% វ៉ាជែង ៨% បត់ ៩% កត្តាយានយន្ត ៣% ស្រវឹង ៣% និងងងុយ ១%។

លោកស្រីបានបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៥៨ លើក ស្មើ ២២% (១២៦១/១៦១៩ លើក) ចំនួនអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើ ១៨% (៧០៩/៨៦១ នាក់) និងចំនួនអ្នករបួសថយចុះ ៦៥៧ នាក់ ស្មើ ២៧% (១៧៩២/២៤៤៩នាក់)។
ក្នុងចំណោមគ្រោះថ្នាក់ទាំងនោះបានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៣៤០លើក ខេត្តកណ្តាល ៨៦លើក និងខេត្តស្វាយរៀង ៧៧លើក។ ក្នុងនោះរួមមាន ទោចក្រយានយន្ដ ត្រីចក្រយានយន្ដ ចំនួន ៧៧.៧៩៤ គ្រឿង ស្មើ ៧៣%។ដោយឡែក រថយន្ដ ចំនួន ២៨.២០១ គ្រឿង ក្នុងនោះ ធុនធ្ងន់ ៦.៤៣១ គ្រឿង។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានពិន័យយានយន្ដល្មើសច្បាប់សរុបចំនួន ១០៥.៩៩៥ គ្រឿង៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច