Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា ៖ «យើងគួរតែរួមគ្នា ក្នុងការនាំមកនូវរូបភាពវិជ្ជមាន សម្រាប់ជាតិខ្លួនឯង»

បានផុស

នៅ

លោកបណ្ឌិត គិន ភា ដែលជាបញ្ញាវន្តខ្មែរមួយរូប បានស្នើដល់អ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ ឬក៏ក្រុមអង្គការសង្គម​ស៊ីវិល គួរតែរួមគ្នាក្នុងការនាំមកនូវរូបភាពវិជ្ជមាន សម្រាប់ជាតិខ្លួនឯងនៅលើឆាកជាតិ និងអន្តរជាតិ ហើយមិនគួរបង្កើតរូបភាពខ្មៅងងឹង សម្រាប់ជាតិខ្លួនឯងនោះទេ។ ការស្នើនេះ បន្ទាប់ពីបណ្ឌិតរូបនេះ សង្កេតឃើញថា មានអ្នកវិភាគ ឬក៏អ្នកស្រាវជ្រាវមួយចំនួន មានភាពលម្អៀង ទៅរកគោលដៅផ្ទាល់របស់គេ ដែលចង់ទាញការចាប់អារម្មណ៍ពីសាធារណៈមតិជាតិ និងអន្តរជាតិ។

លោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ​បញ្ហា​នយោបាយ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះថា សព្វថ្ងៃនេះការ​បញ្ចេញមតិ គឺគេផ្អែកទៅលើជ្រុងដែលគេឈរ។ ឧទាហរណ៍៖ ក្រុមសង្គមស៊ីវិល ឈរនៅលើជ្រុងមួយ, ក្រុមដែល​មាន​និន្នាការប្រឆាំង ឈរនៅជ្រុងមួយ, និងស្ថាប័នរបស់រាជរដ្ឋាភិបាល ឈរនៅជ្រុងមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងសំណួរ ថាតើលោកបណ្ឌិត មើលឃើញយ៉ាងដូចម្ដេច ចំពោះការបកស្រាយផ្សេងៗគ្នា ជុំវិញសិទ្ធិ​បញ្ចេ​ញ​មតិនៅកម្ពុជានោះ? លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា «យើងអត់ទាន់បើកចិត្តឲ្យទូលាយ មើលឲ្យបាន​គ្រប់​ជ្រុង គ្រប់មុំ គ្រប់ទិដ្ឋភាពនៃបញ្ហាតែមួយ អញ្ចឹងយ៉ាងណាក៏ដោយ យើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ទោះម​ក​ពី​សង្គមស៊ីវិលក្ដី មកពីបក្សប្រឆាំងក្ដី​ ឬក៏មាននិន្នាការក្រៅរដ្ឋាភិបាលក្ដី ឬក៏ស្ថាប័នរាជរដ្ឋាភិបាលក្ដី មុំដែលយើងគួរ​ឈរ គឺមុំដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍ជាតិ ឯកភាពជាតិ និងគេហៅថា សាមគ្គីជាតិ អាហ្នឹងគឺជាមុំ ដែល​យើង​ត្រូវឈរ អញ្ចឹងរាល់ទស្សនៈ រាល់មតិ រាល់ការវិភាគទាំងឡាយ ឬក៏របាយការណ៍ នៃការស្រាវជ្រាវទាំងឡាយ វាគួរតែ​ឆ្លុះបញ្ចាំង អ្វីដែលជាផលប្រយោជន៍ជាតិ ចៀសវាសការយកគំនិតបុរេវិនិច្ឆ័យ ឬក៏គំនុំផ្ទាល់ខ្លួន ឬក៏គោលបំណង​ផ្ទាល់ខ្លួន ដែលបង្កប់នូវសេនារីយោណាមួយ ហើយយកមកធ្វើការបកស្រាយ ធ្វើការវិភាគ ដើម្បីទាញការចាប់​អារម្ម​ណ៍​ពីសាធារណៈមតិជាតិ និងអន្តរជាតិ ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន»។

លោកបណ្ឌិត គិន ភា បានលើកឡើងដែរថា លោកស្វាគមន៍ ចំពោះរាល់ការវិភាគ រាល់ការសិក្សាស្រាវជ្រាវ ដែល​ផ្ដល់​​ផលប្រយោជន៍ សម្រាប់ប្រទេសជាតិ។ ក៏ប៉ុន្តែមានអ្នកវិភាគមួយចំនួន ឬក៏របាយការណ៍ស្រាវជ្រាវមួយចំនួន មាន​ភាពលម្អៀង ទៅរកគោលដៅផ្ទាល់របស់គេ។

ត្រង់ចំណុចនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា «ឧទាហរណ៍ គេចង់ទាញការចាប់អារម្មណ៍ អ្នកខ្លះហ្នឹង គឺចង់​ឃើញ ការស្រែកគំរាមដាក់ខ្លួនហ្នឹងទៅទៀត ដើម្បីអី ដើម្បីគេកសាងនូវក្រេឌីដមួយ គេហៅថា រូបភាពមួយឲ្យខ្លួន​ឯង ដើម្បីទទួលបានការចាប់អារម្មណ៍ ឬក៏គោលដៅ សម្រាប់ការបានសិទ្ធិជ្រកកោន ទៅប្រទេសទី២ ទី៣អីទៀត អាហ្នឹង មិនអត់ទេ នៅក្នុងមជ្ឈដ្ឋាននៃអ្នកវិភាគ អ្នក​ផ្ដល់បទអត្ថាធិប្បាយមួយចំនួន មានគោលដៅហ្នឹង ហើយ​ដើម្បី​ទាញការចាប់អារម្មណ៍ ពីសាធារណជនមួយចំនួន អ្នកខ្លះមិនខ្លាច និងវាយប្រហាររាជរដ្ឋាភិបាល ដោយគ្មានមូល​ដ្ឋាន វាយប្រហារសង្គមជាតិខ្លួនឯង ហែកហួរ ធ្វើឲ្យ​មើលទៅថា សង្គមយើងវាខ្មៅ វាអសោច គេអត់បាននាំរូបភាពវិជ្ជមាន ទៅដល់សាធារណមតិជាតិ និងអន្តរជាតិទេ​»។

លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា អ្នកបម្រើការងារ នៅក្នុងអង្គការសង្គមស៊ីវិលមួយចំនួន និងអ្នកវិភាគ​មួយ​ចំនួន ហាក់មានមោទនភាព នៅពេលដែលខ្លួននិយាយ អំពីរឿងដែលមិនសូវវិជ្ជមាន របស់ប្រទេសខ្លួនឯង ​ទៅ​ដល់ជនបរទេស។ ការធ្វើយ៉ាងដូច្នេះ គឺដើម្បីដោះដូរនូវជំនួយ ឬក៏គម្រោងរបស់ខ្លួនណាមួយ៕ អ្នកវិភាគរូបនេះ បាន​សង្កត់ធ្ងន់ថា «យើងគួរតែរួមគ្នា ក្នុងការនាំមកនូវរូបភាពវិជ្ជមាន សម្រាប់ជាតិខ្លួនឯង នាំមកនូវភាពសុខុមរមនា នៃសង្គមជាតិយើង នាំឲ្យផ្នត់គំនិតប្រជាពលរដ្ឋយើង មានគំនិតសុទិដ្ឋិនិយម​ ចំពោះប្រទេសជាតិខ្លួនឯង យើងមិន​គួរបង្កើតរូបភាពខ្មៅងងឹង សម្រាប់ជាតិ សម្រាប់ប្រជាជនទេ អញ្ចឹងធ្វើឲ្យប្រជាជនយើងបាត់មោទនភាពជាតិ បាត់​ឯកភាព​ជាតិ បាត់សាមគ្គីជាតិ ហើយបែកបាក់ អញ្ចឹងជាតិយើងអត់អាចខ្លាំងបានទេ»។

លោកបណ្ឌិត គិន ភា បានឲ្យដឹងដែរថា​ អ្នកស្រាវជ្រាវ ឬអ្នកវិភាគនៅប្រទេសគេដទៃ គឺតែងតែការពារនូវផល​ប្រ​យោ​ជន៍​ប្រទេសគេ នៅលើឆាកអន្តរជាតិ ទោះបីជារដ្ឋាភិបាលរបស់ប្រទេសគេនោះ មានចំណុចមិនល្អ ឬខុសឆ្គងត្រ​ង់​ចំណុចណាមួយក៏ដោយ តែគេព្យាយាមការពារនូវជំហរជាតិរបស់គេ ដែលខុសពីអ្នកស្រាវជ្រាវ និងអ្នកវិភាគ​នៅ​ប្រទេសកម្ពុជាយើងមួយចំនួន បែរជាយកវេទិកាអន្តរជាតិ ទៅបរិហារនូវគោលនយោបាយជាតិខ្លួនឯង ដើម្បីគោល​ដៅ​អ្វីមួ​យទៅវិញ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម