ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា លើកឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការរក្សាបាននូវគម្របព្រៃឈើ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើងអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវគម្របព្រៃឈើ ដោយចាប់តាំងពីឆ្នាំ២០១២មក ការបាត់បង់គម្របព្រៃឈើនៅកម្ពុជា មានក្នុងកម្រិត០,៦៤ភាគរយប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុត បើប្រៀបធៀបកាលពីពេលមុន។ ការលើកឡើងនេះ គឺនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជា ឆ្នាំ២០១៨» នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងឆ្នាំ១៩៦៥ ទិន្នន័យនៃគម្របព្រៃឈើមានចំនួន ៧៣ភាគរយ ខណៈដែលនៅឆ្នាំ២០១៨ គម្របព្រៃឈើនៅសល់ប្រមាណ ៨.៥១០.៨០៧ហិកតា ឬស្មើនឹង ៤៦,៨៦ភាគរយ បើធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ តាមរយៈទិន្នន័យនេះ គឺមានការធ្លាក់ចុះគម្របព្រៃឈើខ្លះ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះលោក នេត្រ ភក្ត្រា បានលើកឡើងថា នៅឆ្នាំ១៩៦២ ប្រទេសកម្ពុជាមានប្រជាជនសរុបត្រឹមតែ ៥លាន ៧សែននាក់ទេ។ ចំណែកនៅឆ្នាំ២០១៨ ប្រទេសកម្ពុជាមានប្រជាជនចំនួន ១៦លាននាក់ ដែលមានកំណើនប្រមាណជា ១០លាននាក់។ កំណើននេះ ធ្វើឲ្យពួកគាត់ត្រូវការផ្ទៃដីសម្រាប់សាងសង់ ជាផ្ទះសម្បែង និងត្រូវការផ្ទៃដីសម្រាប់ធ្វើស្រែចម្ការចិញ្ចឹមជីវិត ដែលនេះជាបញ្ហាចម្បងធំបំផុត នៃការធ្លាក់ចុះគម្របព្រៃឈើ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងបន្តថា «ក៏ប៉ុន្តែទន្ទឹមនឹងនោះ យើងសួរថា តើបញ្ហានៃការបាត់បង់នេះ (គម្របព្រៃឈើ) តែមួយផ្នែក ដោយសារតែកាប់បំផ្លាញព្រៃឈើ ឬក៏ការទន្រ្ទាន? ទាំងអស់នេះ គឺជាបញ្ហាជាកត្តាតូចៗ ដែលរួមផ្សំគ្នា ដែលធ្វើឲ្យមានការធ្លាក់ចុះនូវគម្របព្រៃឈើនេះ ក៏ប៉ុន្តែសួរថា តើនិន្នាការនៃការបាត់បង់គម្របព្រៃឈើនេះ មានតែនៅប្រទេសកម្ពុជា? ថាមិនមែនទេ គឺនិន្នាការនៅលើពិភពលោក ដែលបាត់បង់ទៅក្នុងប្រទេសនីមួយៗ ឧទាហរណ៍ដូចជាប្រទេសប្រេស៊ីល សូម្បីតែព្រៃអាម៉ាហ្សូន ក៏មានការធ្លាក់បាត់បង់កម្រិតមួយខ្ពស់»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា នៅក្នុងប្រទេសកម្ពុជា ក្រោមការធ្វើកំណែទម្រង់ចុងក្រោយ របស់រាជរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ២០១២មក គឺបានរក្សានូវគម្របព្រៃឈើ ដែលនាំឲ្យការបាត់បង់គម្របព្រៃឈើ ក្នុងកម្រិត០,៦៤ភាគរយ ដែលជាកម្រិតកាត់បន្ថយបានយ៉ាងច្រើន បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំកន្លងមកនេះ។
លោក នេត្រ ភក្ត្រា បានលើកឡើងទៀតថា «អញ្ចឹងចំពោះអ្វីដែលជាការចោទប្រកាន់ របស់ក្រុមសកម្មជនមួយចំនួន ដែលតែងតែផ្សព្វផ្សាយព័ត៌មានបែបកុហក់ថា កម្ពុជាអស់ឈើហើយ ប៉ុន្តែបើសិនជាកម្ពុជាអស់ឈើ សួរថា តើរបាយការណ៍របស់យើង ហេតុអ្វីក៏យើងចេញមានរហូតទៅដល់ ៤៦,៨៦ភាគរយ ហើយស្ថានភាពជាក់ស្ដែង ប្រជាពលរដ្ឋ គឺគាត់បានដឹងច្បាស់អំពីវត្តមាននៃព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិ ហើយមួយទៀត បើសិនជាព្រៃឈើនៅកម្ពុជាអស់ ដូចដែលគេឃោសនាបែបបោកបញ្ឆោតនោះ ប្រហែលជាកម្ពុជារបស់យើង មិនមានលទ្ធភាព នៅក្នុងការលក់ឥណទានកាបូន ដែលបច្ចុប្បន្ននេះព្រៃឈើរបស់យើង បាននឹងកំពុងដើរតួនាទីមួយយ៉ាងសំខាន់ នៅក្នុងការចូលរួមបន្សុតខ្យល់របស់ពិភពលោក ហើយដែលក្រុមហ៊ុនធំៗ ដែលមានតួនាទីភារកិច្ច ក្នុងការទទួលខុសត្រូវលើផ្នែកបរិស្ថាន បានមកចែចូវ មកទាក់ទង មកទិញពីប្រទេសកម្ពុជារបស់យើង ដោយសារតែកម្ពុជារបស់យើង រក្សាបាននូវព្រៃឈើឈរ ដែលជាតួនាទីសំខាន់មួយ នៅក្នុងប្រព័ន្ធអេកូឡូស៊ី»។
លោកបានបញ្ជាក់បន្ថែមទៀតថា អ្វីដែលលោកបានរៀបរាប់ខាងលើនេះ គឺជារបាយការណ៍មួយបង្ហាញថា ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងនៅក្នុងការថែរក្សា ការពារ អភិរក្សព្រៃឈើធម្មជាតិ រួមទាំងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញចំការឈើដាំ ដើម្បីបង្កើននូវគម្របព្រៃឈើ នៅក្នុងប្រទេសកម្ពុជារបស់យើង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ទៀតថា អ្វីដែលលោកបានរៀបរាប់ខាងលើនេះ ក៏ជារបាយការណ៍បង្ហាញទៀតថា គេមិនអាចបន្តភូកកុហក់ពិភពលោកបានទៀត និងគេមិនអាចនឹងបន្តឃោសនាបែបអកុសលថា ប្រទេសកម្ពុជាអស់ព្រៃឈើទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ពួកគេត្រូវតែទទួលស្គាល់ នូវអ្វីដែលជាការពិត ដែលជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល គឺបានការពារនូវព្រៃឈើឈរ និងក៏បានលក់ឥណទានកាបូន ហើយនឹងបន្តការខិតខំប្រឹងប្រែងបន្តទៀត ទាំងការរៀបចំនូវគោលនយោបាយ ទាំងការធ្វើសកម្មភាព ទាំងការអភិវឌ្ឍសហគមន៍ការពារធម្មជាតិ ដើម្បីធ្វើយ៉ាងណាធនធានធម្មជាតិរបស់យើង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?