ព័ត៌មានជាតិ
អ្នកវិភាគ ៖ ២៨ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន និងស្មារតីទទួលខុសត្រូវខ្ពស់
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានលើកឡើងថា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន និងស្មារតីទទួលខុសត្រូវខ្ពស់។ ការលើកឡើងនេះ គ្រាដែលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាខួបទី ២៨ឆ្នាំ ដែលប្រទេសកម្ពុជា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ ដោយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គ បានឡាយព្រះហត្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាសមិទ្ធិផល ដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយក៏ជាការសំយោគពីស្មារតីរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៤៧ និងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៨៩។ ដូច្នេះរដ្ឋធម្មនុញ្ញ ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើង ដោយឈរលើមូលដ្ឋានលទ្ធិប្រជាធិបតេយ្យ សេរី សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយជាពិសេសគឺការអនុវត្តនូវការបែងចែកអំណាច និងការនាំត្រឡប់មកវិញរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានខកខានមួយរយៈ ដោយសារបញ្ហាសង្គ្រាម។
លោកបណ្ឌិត គិន ភា បានលើកឡើងនូវគោលការណ៍គ្រឹះសំខាន់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ហើយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា គោរព និងអនុវត្ត យ៉ាងខ្ជាប់ខ្ជួននោះ រួមមាន៖
ទី១. ការអនុវត្តនូវ របបប្រជាធិបតេយ្យសេរីពហុបក្ស
ចំណុចនេះត្រូវបានកំណត់ ក្នុងមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការគ្រប់គ្រង ដែលយើងឃើញថា តាមរយៈការកំណត់ជាគោលការណ៍ នូវរបបប្រជាធិបតេយ្យសេរីពហុបក្សនេះ ត្រូវបានអនុវត្តដោយស្ដែងចេញ តាមរយៈការរៀបចំការបោះឆ្នោតទៀងទាត់ ចាប់ពីឆ្នាំ១៩៩៣មក។ ចាប់ពីខែកក្កដា ឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០១៨ គឺការបោះឆ្នោតថ្នាក់ជាតិសំខាន់ៗ ត្រូវបានរៀបចំឡើងដោយទៀងទាត់ មិនមានការអាក់ខាននោះទេ។ ការបោះឆ្នោតនេះ គឺជាគុណតម្លៃដ៏សំខាន់ សម្រាប់របបប្រជាធិបតេយ្យសេរីពហុបក្ស ពីព្រោះជាយន្តការតែមួយគត់ ដែលផ្ដល់អំណាចឲ្យប្រជាពលរដ្ឋ ក្នុងការសម្រេចនូវជោគវាសនារបស់ប្រទេសជាតិ តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកនាំ។
ទី២. ការអនុវត្តក្របខណ្ឌ គោលនយោបាយការបរទេស
សម្រាប់ក្រខណ្ឌគោលនយោបាយការបរទេស ក៏បានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ដែរ គឺគោលនយោបាយការបរទេសអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ ខិតខំប្រកាន់ខ្ជាប់នូវគោលការណ៍នេះ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ប្រាថ្នាចង់រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយបណ្ដាប្រទេសទាំងអស់ ទាំងក្របខណ្ឌតំបន់ និងពិភពលោក។
ទី៣. ការអនុវត្តសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ
ចំពោះការអនុវត្តសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ ដែលរាប់បញ្ចូលសិទ្ធិសេរីភាពក្នុងការជួបប្រជុំ សិទ្ធិនយោបាយ សិទ្ធិខាងផ្នែកសេដ្ឋកិច្ច សិទ្ធិរស់រានមានជីវិត និងសិទ្ធិខាងជំនឿសាសនា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រឹងក្នុងការធ្វើឲ្យប្រសើរឡើងជាលំដាប់។ អ្វីដែលជាការកត់សម្គាល់ទៀតនោះ គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់មិនឲ្យប្រទេសជាតិ ធ្លាក់ក្នុងសង្គ្រាម ក្នុងវិបត្តិនយោបាយ ហើយធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ដែលនេះជាការគិតគូ និងយកចិត្តទុកដាក់ នូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ទី៤. ការគោរពអធិបតេយ្យ និងការរក្សាបាននូវឯករាជ្យបូរណភាពទឹកដី
ចំពោះការគោរពអធិបតេយ្យភាព និងការរក្សាបាននូវឯករាជ្យបូរណភាពទឹកដី គឺរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការរក្សាឲ្យបាននូវព្រំដែនកម្ពុជា និងទឹកដីកម្ពុជា ហើយព្យាយាមដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយផ្អែកទៅលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។ ដំណើរការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាម និងឡាវ គឺសម្រេចបានជាង ៨០ភាគរយ ហើយចំណុចដែលនៅសេសសល់ នឹងត្រូវដោះស្រាយដោយសន្តិវិធី ដែលឈរលើមូលដ្ឋានច្បាប់ជាធរមាន។ រីឯការបោះបង្គោលព្រំដែន ជាមួយប្រទេសថៃ ក៏រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងស្វែងរកបង្គោល ដែលមាននាពេលកន្លងមកកាលពីសម័យបារាំង។
លោកបណ្ឌិត គិន ភា ដែលជាអ្នកស្រាវជ្រាវ និងជាបញ្ញវន្តខ្មែរមួយរូបដែរនោះ បានឲ្យដឹងបន្តថា អ្វីដែលលោកលើកឡើងខាងលើនេះ គឺស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានកំណត់ ហើយត្រូវបានរាជរដ្ឋាភិបាល យកមកអនុវត្តជាក់ស្ដែង។ លោកថា «អញ្ចឹងយើងអាចនិយាយថា រយៈពេល ២៨ឆ្នាំនេះ រដ្ឋធម្មនុញ្ញរបស់យើង ត្រូវបានអនុវត្ត ថ្វីបើវាមិនបានល្អឥតខ្ចោះ ១០០ភាគរយ ក៏ប៉ុន្តែស្មារតី និងគោលការណ៍ធំៗ សំខាន់ៗ នៃរដ្ឋធម្មនុញ្ញ គឺត្រូវបានអនុវត្តដោយខ្ជាប់ខ្ជួន ហើយដោយស្មារតីទទួលខុសត្រូវខ្ពស់»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ