ព័ត៌មានជាតិ
គម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ភ្នំពេញ ជំហានទី៤ បានបញ្ចប់
បេសកម្មក្នុងការដោះស្រាយបញ្ហាជន់លិច លើគម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ (ជំហានទី ៤) ត្រូវបានបញ្ចប់។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីការិយាល័យ “ចៃកា” JICA ប្រចាំនៅកកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញានេះ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៨ មក ខ្លួនបានផ្តល់កិច្ចសហប្រតិបត្តិការដល់ទីក្រុងភ្នំពេញ ក្នុងការកាត់បន្ថយផលប៉ះពាល់ដោយការជន់លិច។ JICA បានគាំទ្រក្នុងការបង្កើតផែនការមេ និងធ្វើបច្ចុប្បន្នភាពផែនការមេនេះ ដើម្បីកំណត់យកគម្រោងអាទិភាព ក្នុងនោះមានហិរញ្ញប្បទានឥតសំណងចំនួន៤ជំហានដូចជា គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ ទី២ និងទី៣ ដែលគ្របដណ្តប់លើតំបន់អាគ្នេយ៍ ឦសាន និងកណ្តាលនៃទីក្រុង។ គម្រោងជំហានទី៤ ដែលបានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ នឹងត្រូវបញ្ចប់ជាស្ថាពរ។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំដើម្បីបញ្ចប់គម្រោងជាផ្លូវការ ដោយមានការចូលរួមពី តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារចៃកា ក្រុមហ៊ុនប្រឹក្សាCTI និងក្រុមហ៊ុនម៉ៅការសំណង់ TOA។ គម្រោងដែលមានទឹកប្រាក់ចំនួនប្រមាណ ៣៦ លានដុល្លារអាមេរិចនេះ មានវិសាលភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក។
គម្រោងបានបញ្ចប់ទំហំការងារដូចខាងក្រោម៖
១. តំឡើងប្រព័ន្ធលូសរុបប្រវែង ១២.២គីឡូម៉ែត្រ
២. សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយ៍បូមទឹកនៅសួនសាធារណៈខាងមុខ CDC
៣. តំឡើងម៉ាស៊ីនមេកានិច (ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ) ចំនួន៦ នៅច្រកទ្វាស្ថានីយ៍បូមទឹក
៤- លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២
៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែទាំ។

ក្រោយពីគម្រោងនេះបានបញ្ចប់ វានឹងជួយកាត់បន្ថយបញ្ហាជន់លិចតាមរយៈការបញ្ចេញទឹកភ្លៀងតាមប្រព័ន្ធលូបានលឿនជាងមុននៅក្នុងរដូវវស្សា (ពីរយៈពេល១២-២៤ម៉ោង ទៅតិចជាង ២ម៉ោង)។ ដើម្បីធានាបាននូវប្រសិទ្ធភាពមុខងារប្រព័ន្ធលូដែលបានតំឡើងដោយគម្រោងនេះ យើងរំពឹងទុកថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញនឹងចូលរួមចំណែកកាត់បន្ថយការខូចខាតដោយសារការជន់លិច ដោយចៀសវាងការបោះចោលសំរាមតាមដងផ្លូវដែលជាប្រភពចម្បងនាំឱ្យកកស្ទះប្រព័ន្ធលូ។

JICA សូមកោតសរសើរចំពោះភាគីពាក់ព័ន្ធក្នុងគម្រោងទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ បើទោះបីស្ថិតក្នុងពេលវេលាដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ហើយក៏សូមកោតសសើរចំពោះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ សម្រាប់ការយោគយល់ និងគាំទ្រគម្រោងនេះតាំងពីដើមរហូតដល់បញ្ចប់៕
អត្ថបទ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?