ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ២៨ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គ្រឹះ ចែងក្នុងរដ្ឋធម្មនុញ្ញ
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអះអាងថា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅនឹងគោលការណ៍គ្រឹះ ពាក់ព័ន្ធនឹងការដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្ម នុញ្ញ។ ការអះអាងនេះ គ្រាដែលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាខួបទី ២៨ឆ្នាំ ដែលប្រទេសកម្ពុជា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ ដោយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គ បានឡាយព្រះហត្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី២៤ ខែកញ្ញានេះថា ក្នុងរយៈពេល ២៨កន្លងមកនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅនឹងគោលការណ៍គ្រឹះ ពាក់ព័ន្ធនឹងការដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសគោលការណ៍ ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយដែលកិច្ចព្រមព្រៀងនេះបានបញ្ចប់ ដោយគោលការណ៍ដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យទំាងប៉ុន្មាន ត្រូវបានយកមកផ្ទេរក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។
លោកថា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ គោលការណ៍គ្រឹះទាំងអស់ ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់ បានការពារ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដែលគោលការណ៍គ្រឹះទាំងអស់នោះ រួមមាន៖ ទី១. គោលការណ៍ ទាក់ទងនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ទី២. គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ទី៣. គោលការណ៍នីតិរដ្ឋ និងទី៤. គោលការណ៍សិទ្ធិសេរីភាព។
លោក ជិន ម៉ាលីន បានលើកឡើងបន្តថា ចំពោះគោលការណ៍ដឹកនាំប្រទេស តាមនូវប្រកាន់ខ្ជាប់ នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺយើងមានព្រះករុណា ព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ព្រះអង្គ ទ្រង់គ្រងរាជ តែមិនកាន់អំណាច។ គោលការណ៍នេះ គឺរាជរដ្ឋាភិបាលកម្ពុជា លើកតម្កើង និងការពារអង្គព្រះមហាក្សត្រ ការពារព្រះបរមរាជវាំង ការពាររាជបល្ល័ង ហើយថែមទាំងរៀបចំច្បាប់ ដើម្បីការពារព្រះកិត្តិនាម និងកិត្តិស័ព្ទរបស់ព្រះមហាក្សត្រថែមទៀត តាមរយៈការផ្ដន្ទាទោស ចំពោះជនណាដែលប្រមាថ ដល់អង្គព្រះមហាក្សត្រ ដែលមានក្នុងក្រមព្រហ្មទណ្ឌ គឺបទ ប្រមាថអង្គព្រះមហាក្សត្រ។
លោកបានឲ្យដឹងបន្តថា ចំពោះគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សវិញ គឺក្រោយពីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតដោយខ្លួនឯង ទាំងការបោះឆ្នោតថ្នាក់ក្រោមជាតិ និងការបោះឆ្នោតថ្នាក់ជាតិ ដោយមិនមានការពន្យាពេល ឬខកខានម្ដងណានោះទេ ហើយនៅឆ្នាំ២០២២ខាងមុខនេះ នឹងមានការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងនៅឆ្នាំ២០២៣ នឹងមានការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដបន្តទៀត ទោះបីជាប្រទេសកម្ពុជា កំពុងជួបបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ ការបោះឆ្នោតនាពេលកន្លងមក មានការចូលរួមពីគណបក្សនយោបាយយ៉ាងច្រើន ហើយប្រជាពលរដ្ឋ ក៏បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនផងដែរ។ លើសពីនេះទៀត នៅប្រទេសកម្ពុជា ក៏មានការការពារនូវសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សផងដែរ ដោយគណបក្ស ឬអ្នកនយោបាយមួយចំនួន ដែលធ្វើសកម្មភាពល្មើសច្បាប់ ត្រូវប្រឈមមុខចំពោះច្បាប់ ដូចជាការរំលាយគណបក្សមួយចំនួន ដែលបំពានច្បាប់ ស្ដីពី ការបោះឆ្នោត និងច្បាប់ ស្ដីពី គណបក្សនយោបាយជាដើម។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានឲ្យដឹងបន្តទៀតថា ចំពោះគោលការណ៍នីតិរដ្ឋ គឺរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជាច្បាប់ និងបទដ្ឋានគតិយុត្តជាច្រើន ហើយក៏ធ្វើវិសោធនកម្ម នូវក្របខណ្ឌច្បាប់មួយចំនួនដែរ ដើម្បីឲ្យស្របទៅតាមបរិបទសង្គម។ ជាក់ស្ដែង ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំបញ្ញត្តិច្បាប់មួយចំនួន ដើម្បីទប់ស្កាត់ការរាតត្បាត និងការពារសុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ។ កន្លងមក ក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែផ្សព្វផ្សាយ អប់រំច្បាប់នានា ជូនប្រជាពលរដ្ឋឲ្យបានយល់ និងចូលរួមអនុវត្តទាំងអស់ ហើយមានការផ្សព្វផ្សាយដល់មន្ត្រីអនុវត្តច្បាប់ ដើម្បីឲ្យពួកគាត់យល់ និងអនុវត្តឲ្យបានត្រឹមត្រូវផងដែរ។
ចំពោះគោលការណ៍សិទ្ធិសេរីភាព ត្រូវបានលោក ជិន ម៉ាលីន គឺរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវការការពារ និងការលើកស្ទួយ នូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាហូហែរនាពេលកន្លង។ ក៏ប៉ុន្តែ បានជួបបញ្ហាចម្រូងចម្រាស់មួយចំនួន ដោយសារតែមានក្រុមមាននិន្នាការប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច គឺតែងតែឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយ ក្នុងចេតនាបង្កភាពចលាចលនៅក្នុងសង្គម និងក្នុងចេតនាបំផ្លាញនូវសមិទ្ធិផល មុខមាត់ កេរ្ដិ៍ឈ្មោះ របស់រាជរដ្ឋាភិបាល ក្រោមលេស និងរូបភាព នៃការអនុវត្តសិទ្ធិសេរីភាព ហើយព្យាយាមយករដ្ឋធម្មនុញ្ញ បកស្រាយដើម្បីការពារអំពើ និងទង្វើល្មើសច្បាប់របស់ខ្លួន។
ត្រង់ចំណុចនេះលោក ជិន ម៉ាលីន បានលើកឡើងទៀតថា «ប៉ុន្តែយើងឃើញថា ទោះបីក្រុមនេះ ព្យាយាមបំភ្លើសបំភ្លៃយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពនេះ ក៏មិនអាចការពារបានដែរ នូវអំពើល្មើសច្បាប់របស់គេ ពីព្រោះថា រដ្ឋធម្មនុញ្ញការពារ នូវការអនុវត្តសិទ្ធិណា ដែលអនុវត្តតាមផ្លូវច្បាប់តែប៉ុណ្ណោះ ហើយចំពោះការប្រព្រឹត្ដល្មើសទៅនឹងច្បាប់ ការអនុវត្តច្បាប់ក្នុងការផ្ដន្ទាទោស អ្នកដែលប្រព្រឹត្តទាំងអស់នោះ គឺរដ្ឋធម្មនុញ្ញមិនការពារទេ ព្រោះវាមិនមែនជាការអនុវត្តសិទ្ធិសេរីភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះឡើយ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច