ព័ត៌មានជាតិ
ដំរី Kaavan បានមកដល់ទឹកដីកម្ពុជាហើយ នៅរសៀលថ្ងៃនេះ
ដំរីឈ្មោះខាវ៉ាន់ (Kaavan) ដែលជាដំរីដ៏ឯកោបំផុតនៅលើលោក ទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន ហើយកម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ នេះបើតាមការឲ្យដឹងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីទទួលដំរីខាវ៉ាន់ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
ពិធីទទួលសត្វដំរីខាវ៉ាន់ មករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា នៅព្រលានយន្តហោះខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញផ្សេងទៀត និងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា ដែលជាអ្នកទទួលដំរីខាវ៉ាន់យកទៅថែរក្សា និងការពារ។ ក្រោយពីទទួលបាន ការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មី ដែលមានទំហំដី ៤.៣៥០ ហិកតា នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញិចំនួន៣ ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។
បើតាមលោក នេត្រ ភក្ត្រា ដំរីខាវ៉ាន់ ជាដំរីឈ្មោល មានអាយុ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយ នៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថាន បានសម្រេចឲ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅ ក្នុងព្រៃធម្មជាតិ នៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា ថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់ នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះ នឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាននិងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។
ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងអំណរគុណ ចំពោះក្រុមអ្នកអភិរក្សសត្វព្រៃអន្តរជាតិ ក៏ដូចជាអ្នកចម្រៀងដ៏ល្បី ស័រ (Cher) រួមនឹងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំជួយជ្រោមជ្រែង ដើម្បីអាចឲ្យដំរីអាស៊ីដ៏ឯកោមួយក្បាលនេះ មានសេរីភាព និងរស់នៅក្នុងព្រៃធម្មជាតិ។ ផ្ទះថ្មីរបស់ដំរីខាវ៉ាន់ នៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលជាតំបន់ការពារធម្មជាតិ មួយក្នុងចំណោមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៦៨ កន្លែងរបស់ប្រទេស កម្ពុជា។ កម្ពុជាដែលត្រូវបានទទួលស្គាល់ដោយពិភពលោកថា សម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះប្រភេទសត្វកម្រជិតផុតពូជបំផុត ជិតផុតពូជនិងប្រភេទសត្វ ដែលទទួលការគំរាមកំហែង គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា ដំរីខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ី ដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះ ចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនៅក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ។ លោកបន្តថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះ នឹងត្រូវយកទៅចិញ្ចឹមក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរី ក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាព ក្នុងការបន្តពូជសត្វដំរីអាស៊ីឲ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញ ក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរឹងរបស់សមត្ថកិច្ច និងការខិតខំប្រឹងប្រែងការពារនិងអភិរក្ស របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេលជាង១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុកនិងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មាន។
លោក នេត្រ ភក្ត្រា ថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ីក្នុងនោះ “ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)” ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឲ្យមានកំណើនចំនួនប្រភេទនេះ នៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ីឲ្យនៅគង់វង្ស ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន ១, ការកាត់បន្ថយការបាត់បង់ទីជម្រក ២, អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣, ពង្រឹងការអនុវត្តច្បាប់ ៤, បង្ការមិនឲ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥,បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ៦, អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាម ការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន៤០,៥ លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ រកឃើញឡដុតភាជន៍បុរាណ នៅខាងជើងខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច