Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​នៅតែ​រក្សា​ការប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​២១​ធ្នូ​ដដែល

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ មិនបាន​លើក​ពេល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នោះទេ​គឺ​រក្សាទុក​ដដែល​។

​យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​អប់រំ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ថ្ងៃទី​២១​ធ្នូ ​គឺ​រក្សាទុក​នៅ​ដដែល​។

យ៉ាងណាក៏ដោយ​ចំពោះ​សិស្ស​ថ្នាក់​ទី​១២​នៅ​ភ្នំពេញ​និង​នៅ​សៀមរាប ​ក្រសួង​បាន​ផ្អាក​ការសិក្សា​និង​ការ​បំប៉ន​ត្រៀមប្រឡង​ដែល​ធ្វើឡើង​នៅ​គ្រឹះស្ថានសិក្សា​ឬ​មាន​លក្ខណៈ​ប្រមូលផ្តុំ​រយៈពេល​១៥​ថ្ងៃ​ចាប់​ពីថ្ងៃ​ជួន​ដំណឹង​នេះ​តទៅ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូលទៅក្នុង​សហគមន៍​។

លើស​ពី​នេះ​ទៀត​ក្រសួង​អប់រំ ​បាន​ដាក់​ចេញ​វិធានការ​មួយចំនួន​ដូចជា​ផ្អាក​សកម្មភាព​ជួបជុំ ការប្រជុំ​និង​សិក្ខាសាលា​ដែល​មាន​មនុស្ស​ចូលរួម​លើសពី​២០​នាក់​ចាប់​ពី​ថ្ងៃ​ជួន​ដំណឹង​នេះ​ទៅ​និង​ផ្អាក​ដំណើរ​ការសិក្សា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​និង​ឯកជន​និង​ផ្អាក​ដំណើរការ​ហាត់ប្រាណ​និង​លេង​កីឡា​រយៈពេល​១៥ថ្ងៃ​។

ការប្រកាស​ផ្អាក​ការសិក្សា​នេះ​ បន្ទាប់ពី​កម្ពុ​ជា​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍​ដែល​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​ដោយមាន​សំណាក ចំនួន​៣ ៣៣២ ត្រូវ​បាន​ធ្វើតេស្ត​ហើយ​គិត​ត្រឹម​ម៉ោង ០១​និង ៣០ ព្រឹក​ថ្ងៃ ៣០ វិច្ឆិកា ២០២០ បានធ្វើ​ការវិភាគ ២ ២៤៨ សំណាក ជា​លទ្ធផល​មាន ១៤ នាក់ វិជ្ជមាន និង ២ ២៣៤ នាក់​ទៀត អវិជ្ជមាន​។​នៅសល់ ១០៨៤ នាក់ ទៀត មិនទាន់​ធ្វើការ​វិភាគ ហើយ​លទ្ធផល​អាច​ដឹង​នៅថ្ងៃនេះ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម