Connect with us

ព័ត៌មានជាតិ

កម្ពុជាចាប់ផ្ដើមផ្សព្វផ្សាយ ទេសចរណ៍ ទៅកាន់ទីផ្សារអន្តរជាតិ ផ្តោតលើខ្លឹមសារសុវត្ថិភាព

បានផុស

នៅ

ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងអំពាវនាវឱ្យ​ផ្នែក​ឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វ​ផ្សាយ​ទៅកាន់ទីផ្សារពិភពលោកដោយផ្តោតលើខ្លឹមសារ «សុវត្ថិភាព» ស្របពេលដែលកម្ពុជាក៏ត្រៀមបើកទទួល​ទេសចរអន្តរជាតិ​ឡើងវិញនាពេលឆាប់ៗ​ខាងមុខផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសយ៉ាងដូច្នេះ គឺនៅក្នុងសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការប្រារព្ធពិធីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១» នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងទេសចរណ៍បានអះអាងថា «បច្ចុប្បន្ន កម្ពុជាត្រូវបានទទួលស្គាល់ថា ​មានភាពជឿន​លឿនលើការចាក់វ៉ាក់សាំង ដែលពិភពលោកចាត់ទុកថាជាយុទ្ធសាស្ត្រគន្លឹះ​នៃការបើក​ទេសចរណ៍​ផ្ទៃក្នុង និងអន្តរជាតិពេញលេញឡើងវិញ។

ក្នុងបរិការណ៍នេះ ក្រសួងទេសចរណ៍នឹងផ្ដោតលើសុវត្ថិភាពជាសារគន្លឹះនៃការផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរជាតិ និងអន្តរជាតិ»។

ក្រសួងក៏បានស្នើឲ្យភាគីពាក់ព័ន្ធ ជាពិសេសផ្នែកឯកជនត្រូវចូលរួមរៀបចំការផ្សព្វផ្សាយរបស់ខ្លួន ដោយផ្តោតសំខាន់លើខ្លឹមសារ «កម្ពុជាសុវត្ថិភាព-Cambodia Safe» ហើយបានអំពាវនាវឲ្យប្រតិបត្តិករពាក់ព័ន្ធចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទទួលបាន «ឡាបែលវិធានសុវត្ថិភាពទេសចរណ៍» ដែលក្រសួងទេសចរណ៍បានដាក់ចុះរួចហើយនោះ។

ក្រសួងទេសចរណ៍បានស្នើឲ្យការីទេសចរណ៍ក្នុងស្រុកបង្កើនបន្ថែមទៀតនូវកញ្ចប់ទេសចរណ៍ប្លែកៗ តាមប្រធានបទផ្សេងៗ (Thematic Tour Package) ដូចជា ដំណើរទស្សនកិច្ចម្ហូបអាហារ ផ្លែឈើ កសិកម្ម ព្រឹត្តិការណ៍ជាក់លាក់មួយចំនួនតាមតំបន់ដែលមានការអនុញ្ញាតជាដើម។

ទន្ទឹមនឹងនេះ ដើម្បីផ្តល់ព័ត៌មានជាក់លាក់ និងទាន់ពេលវេលាអំពីសុវត្ថិភាពគោលដៅទេសចរណ៍​ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទេសចរអន្តរជាតិ នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវ​រៀប​ចំធ្វើបច្ចុប្បន្នភាពទិន្នន័យ និងព័ត៌មានស្តីពីការចាក់វ៉ាក់សាំង ការឆ្លង ការអនុវត្តស្តង់ដាប្រតិបត្តិ (SOP) ព្រមទាំងការអនុវត្តវិធានសុខាភិបាល និងរដ្ឋបាលតាមតំបន់គោលដៅទេសចរណ៍ ដោយបង្កើតឲ្យមានថ្នាលតាមដានគោលដៅទេសចរណ៍កម្ពុជា (Cambodia Destination Tracker) ដែលអាចភ្ជាប់ទៅនឹងគេហទំព័រផ្លូវការណាមួយ។

ក្រសួងទេសចរណ៍បានបង្ហាញការវាយតម្លៃទៀតថា «ប្រសិនបើថ្ងៃអនាគត មិនទាន់មានវ៉ាក់​សាំង​កូវីដ-១៩ចាក់ពីកំណើត នោះវិស័យទេសចរណ៍ត្រូវត្រៀមខ្លួនបង្កើតថ្មី រាប់ចាប់ពីការផលិត​យន្តហោះ​ រហូតដល់ឧបករណ៍ចម្រោះខ្យល់ក្នុងទីតាំងអាជីវកម្មទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លង។

យ៉ាងណាមិញ ក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នជាតិ-អន្តរជាតិដទៃទៀតបានបង្ហាញក្ដីសង្ឃឹមថា «មនុស្សតែងរកឃើញដំណោះស្រាយ, វិបត្តិតែងមានទីបញ្ចប់»។

សូមជម្រាបថា បើតាមរបាយការណ៍ក្រសួងការពារជាតិ ដែលចេញផ្សាយនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព គ្រួសារកង​ទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ២,៧៥៦,៨៤៤នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៧២១,៦០៤នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម