ព័ត៌មានជាតិ
ក្រសួងអប់រំ ដាក់ចេញអភិក្រម ៦ចំណុច ឈានទៅការរៀបចំការប្រលងឌីប្លូម ឬបាក់ឌុបដោយរលូន
ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវអភិក្រម ចំនួន៦ចំណុច ដើម្បីឱ្យការរៀបចំដំណើរការប្រលងឌីប្លូម និងបាក់ឌុប ប្រព្រឹត្តិទៅដោយរលូន ខណៈបច្ចុប្បន្នមានខេត្តខ្លះ បានបើកដំណើរការសាលាឡើងវិញ និងខេត្តខ្លះទៀតនៅមិនទាន់បើកដំណើរការនៅឡើយ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងនៅថ្ងៃទី២៨កញ្ញានេះថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានស្នើអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលារៀនសហការអនុវត្តអភិក្រមចំនួន៦។ លោកបានបន្តថា អភិក្រមចំនួន ៦ចំណុចនោះរួមមាន៖

១) នៅតាមទីជនបទ ដែលគ្មានហានិភ័យ ឬដែលមានហានិភ័យទាប គ្រឹះស្ថានសិក្សា គ្រប់កម្រិតអាចបើកដំណើរការបាន ដោយអនុវត្តការរៀនតាមបណ្តុំមិនលើសពី ១៥ នាក់ និងគោរពស្តង់ដាប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល។
២) នៅតាមតំបន់ដែលមានហានិភ័យមធ្យម ត្រូវផ្ដល់អាទិភាពដល់សិស្សថ្នាក់ទី ៩ និងទី១២ ។
៣) នៅតាមតំបន់មានហានិភ័យខ្ពស់ គួរបន្តបង្រៀនអនឡាញពីចម្ងាយ ។
៤) បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា តំណាងមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីគាំទ្រសាលារៀន និងសម្រេចផ្អាកផ្នែកណា មួយនៃការរៀនតាមបណ្ដុំជាបណ្ដោះអាសន្ន ប្រសិនបើមានករណីសង្ស័យ ។
៥) បន្តត្រួតពិនិត្យតាមដានអ្នកជំងឺថ្មី និងប្រភពនៃការឆ្លង ដើម្បីជៀសវាងការឆ្លងចូលក្នុង សាលារៀន ។
៦) អាជ្ញាធររាជធានី ខេត្តបន្តការប្រុងប្រយ័ត្ន ដោយត្រូវវាយតម្លៃជាប្រចាំនូវស្ថានភាព ជំងឺកូវីដ-១៩ រួមទាំងការធ្វើតេស្តរហ័ស នៅពេលដែលមានករណីសង្ស័យដើម្បីដាក់ចេញ នូវវិធានការទប់ស្កាត់ទាន់ពេលវេលា។
រហូតមកដល់ពេលនេះ មានរាជធានីខេត្តចំនួន១៦ហើយ បានបើកដំណើរការសាលារៀនឡើងវិញរួមមានខេត្តព្រះសីហនុបើកនៅថ្ងៃទី១៣កញ្ញា រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ ប៉ៃលិន ព្រៃវែងនិងបន្ទាយមានជ័យបើកនៅថ្ងៃទី១៥កញ្ញា។ តាកែវ កោះកុង កំពង់ធំ ឧត្តរមានជ័យ រតនគីរី ឧត្តរមានជ័យ បាត់ដំបង និងកំពង់ចាមបើកនៅថ្ងៃទី២០កញ្ញានិងខេត្តស្វាយរៀងបើកនៅថ្ងៃទី២៧កញ្ញា។ ចំណែកខេត្តចំនួន៩ទៀត នៅមិនទាន់បានបើកដំណើរការសាលារៀនឡើងវិញនៅឡើយទេ រួមមានខេត្តកែប កំពត ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគីរី ត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ និងកំពង់ឆ្នាំង។

ក្នុងចំណោមខេត្តទាំងនោះមានខេត្តសៀមរាប កំពុងទទួលរងនូវការរាតត្បាតយ៉ាងធ្ងន់ធ្ងរបង្ខំឱ្យអាជ្ញាធរខេត្ត ត្រូវបិទខ្ទប់តំបន់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ។
ចំណែកខេត្តព្រះវិហារ ក៏មានការឆ្លងគួរឱ្យកត់សម្គាល់ដែរ ដោយអាជ្ញាធរ បានសម្រេចបិទខ្ទប់ និងកំណត់ភូមិប្រើសក្អក ជាតំបន់ក្រហម ស្ថិតនៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ រយះពេល២សប្តាហ៍ពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ។
ក្រៅពីនេះខេត្តផ្សេងៗទៀត ដោយសារសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដែលទាមទារឱ្យអាជ្ញាធរធ្វើការបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគជាមុនសិនមុននឹងអនុញ្ញាតឱ្យសិស្សចូលរៀន។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា បានកំណត់កាលបរិច្ឆេទសម័យប្រឡងឌីប្លូមថ្នាក់ជាតិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត