ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម៖ ៥កត្តានាំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តឡើងវិញ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា មានកក្តា៥យ៉ាងដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តកំពង់ចាមឡើងវិញ ដែលទាមទារឱ្យភាគីពាក់ព័ន្ធត្រូវសហការគ្នាបន្ថែមទៀតដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នេះឱ្យប្រសើរឡើងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-29_08-21-03-2-1024x683.jpg)
ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយផ្អែកទៅនឹងស្ថានភាពជាក់ស្ដែង នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ យើងអាចវាយតម្លៃលើការណ៍ទាំងស្រុងដោយផ្ដោតលើកត្តា ៥ ចំណុច។
លោកអភិបាលខេត្តបានបន្តថា ទី១ ដោយសារប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងរួចហើយ មានការធ្វេសប្រហែស មិនបានអនុវត្តវិធានការការពារ ពិសេសវិធានសុខាភិបាល “៣ការពារ ៣កុំ”។ ទី២ ការបណ្ដែតបណ្ដោយ និងការគ្រប់គ្រងអ្នកជំងឺដែលអនុញ្ញាតឱ្យនៅសម្រាកព្យាបាលនៅតាមផ្ទះ ពិសេសនៅពេលគាត់ឆ្លងរួចហើយតែសុខភាពធម្មតា ហើយអាចចម្លងទៅអ្នកដទៃបាន។ ទី៣ ការអនុញ្ញាតធ្វើចត្តាឡីស័កនៅតាមផ្ទះ តែសាមីខ្លួន មិនគោរពតាមវិធានសុខាភិបាល។ ទី៤ ទាក់ទងជាមួយអារម្មណ៍របស់មនុស្ស នៅពេលបុណ្យទានម្ដងៗ ភ្លេចគិតគូរអំពីសុខភាព តាមរយៈការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ដើម្បីជួបជុំមិត្តភក្ដិ ហើយជួបជុំហូបចុកជាដើម និងទី៥ ភាពធ្វេសប្រហែស របស់មន្ត្រី ឬអាជ្ញាធរមូលដ្ឋាន មិនបានត្រួតពិនិត្យ ឬចុះអន្តរាគមន៍ជាប្រចាំ។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-29_08-21-03-1024x689.jpg)
លោកអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ ពង្រឹងគោលគោលជំហរ នៃការអនុវត្តភារកិច្ចឡើងវិញ ដោយក្នុងនោះ ទី១ ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ផ្ដោតលើការអនុវត្តលើវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ។ ទី២ ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារ ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះ ត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក។ ទី៣ មន្ទីរសុខាភិបាលត្រូវខិតខំ ធ្វើយ៉ាងណាឱ្យយន្តការ នៃការព្យាបាលជំងឺនៅតាមផ្ទះ ជាពិសេសត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជំងឺឱ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រៅពីនោះ ជំរុញដល់ការព្យាបាលជំងឺឱ្យបានលឿនជាងមុន។
ទី៤ ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះ ជនខិលខូចទាំងឡាយ ដែលគេចវែសការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំង ជនមិនគោរពតាមវិធានសុខាភិបាល។ ទី៥ ត្រូវបន្តការគ្រប់គ្រងអ្នកចំណូលស្រុក ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ ទី៦ ជំរុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ដែលមានហានិភ័យ។ទី៧ ចំពោះសាលារៀនវិញ មិនអនុញ្ញាតឱ្យបិទសាលាទាំងមូលនោះទេ ពោលបើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ជមានត្រូវយកទៅព្យាបាល។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក។ យើងធ្វើបែបនេះ ដើម្បី បញ្ចៀសផលប៉ះពាល់ទៅដល់ការសិក្សារបស់សិស្សានុសិស្ស។
ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏បានណែនាំ ទៅដល់អាជ្ញាធរក្រុង ស្រុក ក៏ដូចជា វិស័យពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាកុំឱ្យស្ថានការណ៍នេះប្រែក្លាយជាធ្ងន់ធ្ងរ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍នេះឱ្យល្អប្រសើរ និងឈានទៅស្ងប់ស្ងាត់ទៅវិញ៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត