ព័ត៌មានជាតិ
ប្រមុខការទូត ណែនាំឱ្យសមាគមសហគ្រិនវ័យក្មេង ភ្ជាប់ទំនាក់ទំនងជាមួយស្ថានទូតខ្មែរ នៅបរទេស ដើម្បីផ្សព្វផ្សាយផលិតផលលើឆាកអន្តរជាតិ
ការផ្តល់អនុសាសន៍របស់ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើង ខណៈបានទទួលជួបសំណេះសំណាលជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia -YEAC) តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-29_15-44-23-2-1024x682.jpg)
នៅក្នុងជំនួបសំណេះសំណាលនោះ លោក សៀង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងពីគោលបំណង និងដំណើរការតាំងពីឆ្នាំ២០០៩ របស់សមាគម ដែលបច្ចុប្បន្នមានសមាជិកសរុប៣៩៤នាក់ តំណាងឲ្យក្រុមហ៊ុនចំនួនជាង៧០០ មានសាខាតាមខេត្តមួយចំនួន ហើយគ្រោងបន្តបង្កើតសាខាទូទាំងប្រទេសកម្ពុជា ដើម្បីជួយជ្រោមជ្រែងពង្រឹងសមត្ថភាព និងលទ្ធភាពធ្វើធុរកិច្ចដល់សហគ្រិនវ័យក្មេងកម្ពុជា។
តំណាងសមាគមបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម រួមទាំងជោគជ័យក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាជន។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/photo_2021-09-29_15-44-21-1024x434.jpg)
ជាមួយគ្នានោះ សមាគមសហគ្រិនវ័យក្មេងបានស្នើសុំលោកឧបនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ដើម្បីបង្កើនការចូលរួមចំណែកលើកស្ទួយឃឿនសេដ្ឋកិច្ចកម្ពុជា ស្របទៅតាមកិត្យានុភាពកាន់តែខ្ពស់ និងតួនាទីកាន់តែសកម្មរបស់កម្ពុជា ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងអនុវត្តនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ព្រមទាំងការណ៍អមសំខាន់ៗនៅខែវិច្ឆិកាឆ្នាំ២០២១ និងការទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ នៅឆ្នាំ២០២២។
ជាកិច្ចឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរពីការរីកចម្រើនរបស់សមាគម ព្រមទាំងឆន្ទៈស្វែងយល់ឲ្យបានស៊ីជម្រៅពីការវិត្តស្ថានការណ៍លើគ្រប់ទិដ្ឋភាព ក្នុងបរិបទសាកលភាវូបនីយកម្ម រួមទាំងការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងនិន្នាការតំបន់ និងពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងពីតួនាទី និងការខិតខំរបស់ក្រសួងការបរទេស ក្នុងការងារការទូតកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសតាំងពីក្រោយពេលកម្ពុជាទទួលបានសន្តិភាពពេញលេញ និងបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។
ពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងព្រឹត្តិការណ៍អមចំនួន៦ នៅចុងឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបរាប់ពីសារៈសំខាន់ធំធេងជាប្រវតិ្តសាស្រ្តសម្រាប់កម្ពុជាក្នុងការទទួលតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើសហប្រធានដឹកនាំកិច្ចប្រជុំ ដែលមានមេដឹកនាំកំពូលពីអឺរ៉ុប និងអាស៊ី ចំនួន៥១ប្រទេស ព្រមទាំងអង្គការតំបន់ដ៏សំខាន់ពីរគឺអាស៊ាន និងសហភាពអឺរ៉ុប រួមពិភាក្សា និងផ្លាស់ប្តូរមតិគ្នាស្តីពីការដោះស្រាយបញ្ហាប្រឈមធំ និងការវិវត្តស្ថានការណ៍ក្នុងតំបន់ទាំងពីរ។
លោកឧបនាយករដ្ឋមន្រ្តីបានពិពណ៌នាត្រួសៗអំពីការត្រៀមទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលកម្ពុជាមានភារកិច្ចត្រូវរៀបចំកិច្ចប្រជុំអាស៊ានជាច្រើន ក្នុងនោះមានកិច្ចប្រជុំធំៗដូចជា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រកំពូលពាក់ព័ន្ធ និងខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតអាស៊ាន។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រី្តក៏បានលើកអំពីអាទិភាព និងសកម្មភាពសំខាន់ជាច្រើន ដែលកម្ពុជានឹងជំរុញអនុវត្តក្នុងនាមជាប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ រួមទាំងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ១៩ និងកិច្ចប្រឹងប្រែងងើបចេញពីផលប៉ះពាល់នៃជំងឺនេះ និងស្ថានការណ៍ភូមិសាស្រ្តនយោបាយក្នុងតំបន់ និងការបន្តអនុវត្តផែនការសកម្មភាពកសាងសហគមន៍អាស៊ានលើសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ដែលបានអនុម័តកន្លងមក និងការងាររៀបចំទស្សនវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។
លោកឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា ផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ស្ថានបេសកម្មកម្ពុជានៅបរទេស និងសហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស ដើម្បីពង្រីកវិសាលភាពធុរកិច្ច និងសមត្ថភាពរបស់សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយផលិតផលកម្ពុជា លើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ វប្បធម៌ និងវិនិយោគកម្ពុជាលើឆាកអន្តរជាតិ។
ក្នុងក្របខ័ណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្រី្តបានស្នើឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា សិក្សាលទ្ធភាពទាញប្រយោជន៍ពីកលានុវត្តភាពក្នុងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលគ្របដណ្តប់លើវិស័យយុទ្ធសាស្រ្តជាអាទិភាពចំនួន ៥ រួមមាន៖ លើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ពង្រឹងសន្តិសុខមនុស្យ ពង្រីកសក្តានុពលទីផ្សារក្នុងអាស៊ាន និងសមាហរណកម្មអាស៊ាន បង្កើនការអភិវឌ្ឈវិស័យឌីជីថល និងធ្វើទំនើបកម្មឆ្ពោះទៅអនាគតប្រកបដោយភាពធន និងចីរភាព៕
អត្ថបទៈ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច