ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យដោះលែងយានយន្ត ដែលឃាត់ទុក ១ឆ្នាំ ក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមជម្រាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។
ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញ របស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មី នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។
ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួង ត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់។
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយឈរលើបទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត