ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ៖ សេចក្ដីស្នើច្បាប់ ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ នឹងមិនទទួលជោគជ័យនោះទេ
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគច្បាស់វស្សាមួយរូប បានលើកឡើងថា ការអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពី “ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ “H.R 4686” ពីសំណាក់សភាជាន់ទាបសហរដ្ឋអាមេរិក គ្រាន់តែជាជ្រុងតូចមួយនៃនយោបាយ របស់អតីតគណបក្សប្រឆាំង ដែលបញ្ចុះបញ្ចូលនៅក្រៅប្រទេសសម្រាប់អ្នក ដែលប្រកាន់និយមតែប៉ុណ្ណោះ តែច្បាប់នេះនឹងមិនទទួលជោគជ័យឡើយ។

លោកបណ្ឌិត សុខ ទូច បានសរសេរនៅលើគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី២៩ ខែកញ្ញាថា ការអនុម័តច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ដែលឆ្លងកាត់សភាសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជានោះ វាគ្រាន់តែជាជ្រុងតូចមួយ នៃនយោបាយរបស់អតីតគណបក្សប្រឆាំង ដែលបញ្ចុះបញ្ចូលនៅក្រៅប្រទេសសម្រាប់អ្នក ដែលប្រកាន់និយមតែប៉ុណ្ណោះ តែច្បាប់នេះនឹងមិនទទួលជោគជ័យនោះទេ។ អ្នកវិភាគដ៏ស្ទាត់ជំនាញរូបនេះ បានលើកហេតុផលចំនួន ៦ចំណុច ដែលថា ច្បាប់នេះនឹងមិនទទួលជោគជ័យ ដូចខាងក្រោម៖
ទី១- សហរដ្ឋអាមេរិកដឹកនាំដោយប្រព័ន្ធប្រធានាធិបតីនិយម ហើយលោក ចូ បៃឌិន កំពុងតែដើរខកនៅអាហ្វហ្កាសនីស្ថាន។ ដូច្នេះលោកមិនអាចដើរខក នៅអាស៊ានទៀតនោះទេ ប្រសិនបើលោកដើរខកទាំងពីរករណីនេះ វាគឺជាភាពបរាជ័យ របស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន។
ទី២- ព្រឹទ្ធសភា(សភាជាន់ខ្ពស់) ដើរតួនាទីធំជាងរដ្ឋសភា(សភាជាន់ទាប)។ ដូច្នេះសភាអនុម័ត គ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ តែព្រឹទ្ធសភាដើរតួនាទីសំខាន់។ រដ្ឋសភាមានសិទ្ធិស្នើសុំទៅទៅព្រឹទ្ធសភា ដោយព្រឹទ្ធសភា គឺជាអ្នកសម្រេចចិត្ត ហេតុនេះវាត្រឹមតែជាសំណើរប៉ុណ្ណោះ ហើយការស្នើមិនសុទ្ធតែទទួលបានជោគជ័យនោះទេ។
ទី៣- កម្ពុជានឹងក្លាយទៅជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ដូច្នេះកម្ពុជាជាអ្នកសម្របសម្រួលធំណាស់។
ទី៤- ពេលណាមិនឲ្យលុយចេញ ដោយហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬហ៊ុមព័ទ្ធអ្នកមានលុយកាក់យកទៅប្រើប្រាស់ និងដាក់តម្កល់នៅបរទេសជាការងាយស្រួលសម្រាប់កម្ពុជា ព្រោះកម្ពុជាកំពុងតែត្រូវការទុនវិនិយោគ ហើយអាចវិនិយោគ ដើម្បីបង្កើតការងារក្នុងស្រុក ព្រោះគេមិនអាចយកលុយទៅតម្កល់នៅបរទេសបាន។
ទី៥- ភូមិសាស្ត្រនយោបាយ ដែលមហាអំណាចកំពុងរត់ប្រណាំងគ្នា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក មិនអាចមើលរំលងកម្ពុជានោះទេ ហើយកម្ពុជាក៏ជាសម្ព័ន្ធមិត្តចិននៅក្នុងអាស៊ាន។
ទី៦- សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំមានវ័យចំណាស់ជាងគេនៅក្នុងអាស៊ាន ដែលប្រកបដោយបទពិសោធន៍ច្រើនណាស់ សម្រាប់ជាកូនសោរនយោបាយនៅក្នុងអាស៊ាន។ យើងដឹងហើយថា នយោបាយរបស់សហរដ្ឋអាមេរិក គឺសម្លឹងមកអាស៊ី ពិសេសអាស៊ាន ទាំងនយោបាយ ទាំងទីផ្សារ ហើយអាស៊ានត្រូវធ្វើការសម្រេចចិត្តទៅលើកិច្ចការណាមួយ ត្រូវផ្អែកលើការសម្រេច ដោយឈរលើគោលការណ៍កុងសង់ស៊ីស (សម្រេចជាឯកច្ឆន្ទ)។ ដូច្នេះ បើសិនសហរដ្ឋអាមេរិកទាត់កម្ពុជាចោល រាល់ការសម្រេចរបស់អាស៊ានត្រូវទុកជាមោឃៈ។
សូមជម្រាបថា សភាជាន់ទាបសហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានអនុម័តសេចក្តីស្នើច្បាប់ស្តីពី “លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ ច្បាប់ “H.R 4686” ដែលជាច្បាប់សំដៅដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា ជាព័ត៌មានគួរឱ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា “ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ “H.R 4686” ផ្ដោតលើការទាក់ទណ្ឌកម្ម លើមន្រ្ដីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែង គ្រាដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងនូវរបបនីតិរដ្ឋ ដែលជាកិច្ចប្ដេជ្ញារបស់ខ្លួន ដើម្បីសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។
លោក ផៃ ស៊ីផាន បានលើកឡើងថា «សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ ដ្បិតរដ្ឋាភិបាលអាមេរិក តំណាងដោយលោកជំទាវ Wendy Sherman អនុរដ្ឋមន្រ្ដីការបរទេស ទើបបានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនា បង្ហាញយ៉ាងជាក់ស្ដែងនូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម នៃប្រជាជាតិទាំងពីរ។ អាស្រ័យហេតុដូចនេះ សេចក្ដីស្នើច្បាប់នេះ ជាស្នូលនៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ទោះបីក្នុងបរិបទទេ្វភាគី ក៏ដូចជាពហុភាគី នៅក្នុងតំបន់អាស៊ាន ដែលជារឿងគួរសោកស្ដាយបំផុត»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ