ព័ត៌មានជាតិ
ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ខេត្តកែប ត្រូវបានយកគំរូពីប្រទេសបារាំង និងប្រទេសមួយចំនួនទៀត
ក្នុងការសិក្សារៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៏វិស័យទេសចរណ៍ខេត្តកែប ត្រូវបានក្រុមការងារអន្តរក្រសួងសិក្សាពីបទពិសោធន៍ នៃការអភិវឌ្ឍន៍ទីក្រុងទេសចរណ៍របស់ប្រទេសមួយចំនួន ដូចជានៅប្រទេសបារាំងជាដើម ពីព្រោះក្នុងបរិបទនេះ កម្ពុជាមិនអាចយកគោលដៅតែមួយទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឡើយ។

នេះជាការលើកឡើងនៅក្នុងរបាយការណ៍គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែប ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្របធានលេខាធិការនៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែបបានឱ្យដឹងថា ក្នុងការសិក្សារៀបចំផែនការមេនេះ ក្រុមការងារអន្តរក្រសួងក៏បានសិក្សាពីបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងទេសចរណ៍របស់ប្រទេសមួយចំនួន ដូចជានៅប្រទេសបារាំងជាដើម។ លោកបន្តថា ក្នុងបរិបទវិបត្តិកូវីដ-១៩នេះ កម្ពុជាមិនអាចយកគោលដៅតែមួយទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឡើយ ពោលគឺចាំបាច់ទាមទារឱ្យមានការរៀបចំគោលដៅជិតៗគ្នាជាគោលដៅរួមតែមួយ តួយ៉ាងដូចជាតំបន់ឆ្នេរសមុទ្រដែលមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះជាដើម។

លោក នី ផល្លី លើកឡើងទៀតថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដនេះ យុទ្ធសាស្ត្រទីផ្សារផ្សព្វផ្សាយទេសចរណ៍ខេត្តកែប មានការផ្សព្វផ្សាយអំពីកិត្តិនាមទេសចរណ៍សុវត្ថិភាព សុខភាព និងមានម្ហូបអាហារឆ្ងាញ់ “បើនឹកឃើញខេត្តកែប គឺមានកិត្តិនាមគោលដៅទេសចរណ៍សុវត្ថិភាព មានអាហារសមុទ្រឆ្ងាញ់ៗ ផ្ដល់សុខភាពល្អ” ជាដើម។ លោក នី ផល្លី ក៏បានបង្ហាញគម្រោងការទាក់ទាញផលិតកម្មភាពយន្ត ក្រុមផលិតករល្បីៗមកចូលរួមថតភាពយន្ត ថតវីដេអូកម្សាន្ត ថត Pre-Wedding ជាដើម។ លោកថា បើទាញបានផលិតកម្មល្បីមួយ គឺជាជោគជ័យមួយក្នុងការផ្សព្វផ្សព្វ។
ទាក់ទងបញ្ហានេះ លោក ថោង ខុន បានបញ្ជាក់ថា ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែងភាពទាក់ទាញជាមួយប្រទេសជិតខាង។ ជាមួយគ្នានោះ លោកបានទទួលយកសំណើពីអង្គប្រជុំ លើការសហការជាមួយរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរទាំងនោះ ដើម្បីរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់ខេត្តនីមួយបន្ថែមទៀត។

ជាមួយគ្នានោះ លោក ថោង ខុន លើកឡើងដែរថា តាមរយៈសេចក្ដីព្រាងផែនការមេនេះ គឺនឹងប្រែក្លាយទៅគោលដៅទេសចរណ៍ផ្ទះទី២ ទេសចរណ៍វ័យចំណាស់។ លោកថា ប្រជាជនបារាំង ជប៉ុន ចិន ដែលសម្បូរទៅដល់កំណើនមនុស្សចាស់ច្រើននោះ ក៏បានស្វែងរកគោលដៅទេសចរណ៍សុខមាលភាពផងដែរ ដូច្នេះខេត្តកែបត្រូវមានយុទ្ធសាស្ត្រទាក់ទាញទេសចរទាំងនេះ។
នៅក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបនេះដែរ គឺមានមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ចំនួន៤ ក្នុងនោះរួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ ប៉ូលតំបន់ប្រជុំកោះ ថែមទាំងនឹងបង្កើតមណ្ឌលនវានុវត្តន៍ទេសចរណ៍មួយបន្ថែមទៀត។ សេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ ត្រូវបានបែងចែកជា១២ ជំពូក។ អង្គប្រជុំបានពិភាក្សា និងបានទទួលមតិយោបល់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធ ដើម្បីកែតម្រូវបន្ថែមបន្ថយខ្លឹមសារក្នុងសេចក្ដីព្រាងច្បាប់នេះផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាលបានកំណត់គោលដៅយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ខេត្តកែប ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់