Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ​ទួលគោក ជំរុញ​ឲ្យ​ពង្រឹង ការ​ល្បាត​ទប់ស្កាត់​អំពើ​ចោរកម្ម លួច​ឆក់​ប្លន់​និង​អគ្គីភ័យ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក លោក​ជា ពិសី បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​សង្កាត់​ទាំង​១០​និង​មន្ត្រី កងកម្លាំង​ចំណុះ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខ​ណ្ឌ​ទួលគោក​ត្រូវ​ពង្រឹង​សន្តិសុខ ពិសេស​គឺ​ត្រូវ​ល្បាត​តាម​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​កាត់បន្ថយ​ឲ្យ​បាន​នូវ​អំពើចោរកម្ម​លួច​ឆក់​ប្លន់​និង​អគ្គីភ័យ​ជាដើម​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​បែបនេះ​របស់​លោក​ជា ពិសី​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ ខែកញ្ញា ​ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៨​របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​ក្រោម​វត្តមាន​លោក​ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​នៅ​សាលាខណ្ឌ​ទួលគោក។

លោក​ជា ពិសី​បាន​មានប្រសាសន៍​លើកឡើងថា ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បាន​ធូរស្រាល​មួយកម្រិត​ហើយ។ ប៉ុន្តែ​ពេល​ថ្មីៗ​នេះ​អ្នក​ឆ្លង covid-19 ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​មានការ​កើនឡើង​វិញ គួរ​ឱ្យកត់សម្គាល់។ បញ្ហា​នេះ​លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​សង្កាត់​ទាំង​១០ មន្ត្រី ក៏ដូចជា​កម្លាំង​ទាំងពីរ​ប្រភេទ​ចំណុះ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ត្រូវ​ល្បាត​ជាប់​ជាប្រចាំ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ពិសេស​មើល​ទៅ​លើ ទីតាំង​សប្បាយ​សុភាព ដូចជា ការ​ជួបជុំ​ផឹកស៊ី​អាហា​រដ្ឋា​ន បើ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​និង​ក្រសួងសុខាភិបាល​ទេ គឺ​បិទ​អាជីវកម្ម​តែម្តង​។​ចំពោះ​ក្លឹប​កំសាន្ត ខារ៉ាអូខេ​វិញ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ជាដាច់ខាត ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។

ជាក់ស្ដែង នៅ​រាត្រី​ថ្ងៃ​ទី​២៩ កញ្ញា ២០២១​យប់​មិញ​នេះ យើង​បាន​បង្ក្រាប​ទីតាំង​ភោជនីយដ្ឋាន​មួយ​យីហោ បាត់​កូន Batoun” ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ​២ ផ្លូវ​លេខ​៣៣៧ ក្រុមទី​២៦ ភូមិ​ទី​០៦ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​៣០​នាក់ ពាក់ព័ន្ធ​នឹង​ការ​មិន​គោរព​តាម​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ​រាជធានី​ភ្នំពេញ លេខ​:៣០២/២១​សសរ ដែល​ហាមឃាត់​ចំពោះ​សកម្មភាព​មុខរបរ​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

លោក​ក៏​ជំរុញ​ឲ្យ ពង្រឹង​ទៅលើ​ការ​ផាកពិន័យ​ចំពោះ​អ្នក​មិន​ពាក់​ម៉ាស់ នៅតាម​ទីសាធារណៈ​និង​តាម​ផ្សារ។​ បន្ថែម​ពីលើ​នេះ​ទៀត លោក​ក៏បាន​ស្នើ​អោយ​មានការ​ល្បាត​ជាប្រចាំ កុំ​ឲ្យ​មាន​អំពើចោរកម្ម លួច ឆក់ ប្លន់​និង​អគ្គីភ័យ​ជាដើម​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ខណៈ​ដែល​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ស្រុកកំណើត​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម