ព័ត៌មានជាតិ
ដោយសារកូវីដ ក្រុមហ៊ុនដឹកអ្នកដំណើរខ្លះផ្អាកដំណើរការ និងខ្លះទៀតជួបបញ្ហាប្រឈមដោយខ្វះភ្ញៀវ
ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរខ្លះ បានផ្អាកដំណើរការ និងខ្លះទៀតបានជួបបញ្ហាប្រឈម ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ចាប់តាំងពីកើតមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ឆ្នាំ២០២១មក គេកត់សម្គាល់ឃើញថា មានការអាជីវកម្ម និងក្រុមហ៊ុនមួយចំនួន បានផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន និងខ្លះទៀត ឈានទៅបិទដំណើរការជារៀងរហូត ក៏មានដែរ។
ដោយឡែនៅក្នុងអំឡុងពេល មានពិធីបុណ្យជាតិធំម្ដងៗ គេតែងសង្កេតឃើញក្រុមហ៊ុនជញ្ជូនអ្នកដំណើរ តែងតែមមារញឹកដឹកប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា ដូចជាក្នុងពេលភ្ជុំបិណ្ឌជាដើម។ ប៉ុន្តែនាឆ្នាំនេះ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយចំនួន បានផ្អាកដឹក។
ជាក់ស្ដែងក្រុមហ៊ុនរថយន្តក្រុង វីរៈប៊ុនថាំ បានផ្អាកដំណើរការដឹកអ្នកដំណើរ តាំងពីមានការរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មកម្លេះ ហើយក្នុងពេលឈប់សម្រាក នាឱកាសពិធីបុណ្យភ្ជុំឆ្នាំនេះ ក៏មិនមានការដំណើរនោះដែរ។

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស មានប្រសាសន៍ថា ដោយសារមានការរាលដាលជំងឺកូវីដ-១៩មក គឺក្រុមហ៊ុនបានផ្អាកដំណើរការដឹកភ្ញៀវជាច្រើនខែមកហើយ។ លោកថា ទោះបីជារដូវភ្ជុំបិណ្ឌក៏ដោយ ក៏មិនទាន់បើកដំណើរការដឹកភ្ញៀវវិញដែរ ដោយសារបញ្ហាកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ។
លោកឧកញ៉ា សួរ វីរៈ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោក មានសេវាកម្មដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ។ ចំពោះសេវាកម្មដឹកជញ្ជូនទំនិញនេះ គឺមាននៅទូទាំង២៥ រាជធានី-ខេត្ត។

ចំណែកឯលោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា បានឲ្យដឹងដែរថា ចាប់តាំងពីព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មក ក្រុមហ៊ុនរបស់លោកមិនបានផ្អាកដំណើរការនោះទេ។ ប៉ុន្តែនៅពេលអាជ្ញាធររាជធានី-ខេត្តណាមួយ ដាក់ជាតំបន់ក្រហម ឬហាមធ្វើដំណើរចេញ-ចូលនោះ ទើបក្រុមហ៊ុនផ្អាកដំណើរមួយរយៈ តែនៅពេលអាជ្ញាធរបើកវិញ គឺដំណើរការជាធម្មតាវិញ។
លោក បានឲ្យដឹងបន្តថា ការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺកូវីដ-១៩ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយក៏បានធ្វើឲ្យប៉ះពាល់ដល់ដំណើរក្រុមហ៊ុន ដែលពាក់ព័ន្ធវិស័យដឹកជញ្ជូនអ្នកដំណើរនេះដែរ។

លោកមានប្រសាសន៍ថា «ចាប់តាំងពីព្រឹត្តិការណ៍ ២០កុម្ភៈ យើងឃើញថា ការឆ្លងរីករាលដាល នៅក្នុងសហគមន៍វាមានការកើនឡើងរហូត ដែលធ្វើឲ្យប៉ះពាល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្មផ្សេងៗ ហើយនិងការរឹតត្បិតនូវវិធានការរដ្ឋបាលផ្សេងៗ របស់អាជ្ញាធរផងដែរ នេះវាជាការប៉ះពាល់មួយដល់វិស័យដឹកជញ្ជូន ទីពីរពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក៏ត្រូវបានកាត់ផ្ដាច់ស្ទើរតែទាំងស្រុង ដោយសារតែមានបម្រាមគោចរ ឬការបិទផ្សេងៗ ពីការចូលពីខាងក្រៅមកវិញ នេះក៏ជាការប៉ះពាល់ដែរ ប៉ុន្តែក្នុងនាមក្រុមហ៊ុនដែលបម្រើលើវិស័យដឹកជញ្ជូនក្នុងស្រុកហ្នឹង គឺយើងនៅតែព្យាយាមប្រឹងប្រែង ធ្វើម៉េចដើម្បីរក្សានិរន្តភាពការងារ ហើយនិងការដឹកជញ្ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព និងការធ្វើដំណើរដោយសុខសុវត្ថិភាពផងដែរ»។

លោក មឿន សម្បត្តិ បានបញ្ជាក់បន្ថែមថា នៅក្នុងឱកាសពិធីបុណ្យបិណ្ឌឆ្នាំនេះ ក្រុមហ៊ុនរបស់លោក មិនមានការដំឡើងថ្លៃសំបុត្រធ្វើដំណើរនោះទេ។ ម្យ៉ាងទៀត ក៏មានវិធានការបង្ការទប់ស្កាត់កូវីដ-១៩ផងដែរ។ លោកថា«បុគ្គលិកទាំងអស់ បានចាក់វ៉ាក់សាំងការពាររួចរាល់ និងបានធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំ មុនចូលបំពេញការងារ។ ជាមួយគ្នានេះ ការធ្វើតេស្តរហ័ស ចំពោះបុគ្គលិក ក៏បានអនុវត្តន៍ជាប្រចាំផងដែរ។ ម្យ៉ាងទៀតនៅតាមសាខាទាំងអស់របស់ ឡារីតា យើងមានដាក់ឧបករណ៍តេស្តរហ័ស សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ទាំងភ្ញៀវ និងបុគ្គលិក»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត